មន្រ្តីម្នាក់ដែលធ្វើការនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា មានការប្រឈមមុខដាក់គ្នាដោយអាវុធរវាងកម្លាំងទាហានភូមិភាគ១ ខេត្តស្ទឹងត្រែង និងមន្រ្តីរដ្ឋបាលព្រៃឈើ កាលពីរសៀលថ្ងៃទី២៨ ធ្នូកន្លងមកនេះ ក្នុងការប៉ុនប៉ងដណ្តើមយកឈើប្រណីតល្មើសច្បាប់ដែលពួកគេចាប់បានពីស្រុកសៀមប៉ាងទៅរក្សាទុក ដោយភាគីនីមួយៗមិនបញ្ជាក់មូលហេតុឡើយ ៖ «មន្ត្រីមកពីក្រសួងយកអាវុធម្នាក់២ដើមៗ គេមកដល់គេលើកឈើប៉ុន្មានហ្នឹងដាក់ឡាន»។
ពលរដ្ឋម្នាក់ដែលបានឃើញហេតុការណ៍ខាងលើឲ្យដឹងដែរថា ឈើដែលនាំឲ្យមានការដណ្តើមគ្នានោះជាប្រភេទឈើធ្នង់មានទទឹងទំហំចាប់ពី ១,៥ម៉ែត្រ ទៅ ១,៦ម៉ែត្រ និងមានបណ្តោយប្រវែង ៥ម៉ែត្រ មានចំនួន ១០សន្លឹក និងឈើដែលមានទទឹង ១ម៉ែត្រ បណ្តោយប្រវែង ៥ម៉ែត្រ ចំនួន ៩សន្លឹក។ ពួកគេបានដណ្តើមគ្នាយ៉ាងច្រងេងច្រងាងដែលធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើល ៖ «ប្រហែលជាគេជំនុំគ្នារបៀបហ្នឹងបានគេធ្វើឲ្យមានការប្រទូសរ៉ាយគ្នាកើតខ្លាំងហ្នឹងណា៎!»។
ក្រោយពីមានការប្រទាំងប្រទើសគ្នារួចមក សមត្ថកិច្ចចម្រុះទាំងនោះបាននាំយកនៅឈើដែលមានមុខធំៗចំនួន ១០សន្លឹកនោះដឹកចេញមកខេត្តទាំងអស់តែម្តង លើកលែងតែឈើដែលមានទទឹងត្រឹម ១ម៉ែត្រ ចំនួន ៩សន្លឹក ត្រូវគេរក្សាទុកនៅសាលាស្រុក ហើយបន្តដឹកចេញនាយប់ថ្ងៃទី២៩ ធ្នូ។
ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃប្រតិបត្តិការបង្រ្កាបការដឹកឈើខាងលើនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងទៅមន្រ្តីរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងសុំការពន្យល់បាននៅឡើយទេ។ ប៉ុន្តែអភិបាលស្រុកសៀមប៉ាង លោក ស៊ី សួន ទទួលស្គាល់ថា មានការចាប់ឈើប្រណីតប្រភេទធ្នង់ទាំងនោះពិតមែន តែលោកបដិសេធថា មិនមានការប្រឈមមុខដាក់គ្នានោះឡើយ។
លោក ស៊ី សួន បានអះអាងថា ៖ «ខាងមេព្រៃជាមួយនឹងខាងសាលាស្រុក។ សាលាស្រុករបស់យើងមានតែឈើតូចតាចទេ ប្រហែលជា ២គូបទេ»។
អធិការប៉ូលិសស្រុកសៀមប៉ាង លោក វ៉ាន់ សុផាន់ ក៏បានអះអាងដែរថា កម្លាំងរបស់លោកមិនបានចូលរួមនៅក្នុងសកម្មភាពនោះទេ គឺមេព្រៃនិងកម្លាំងភូមិភាគជាអ្នកចាប់ឈើនោះ។ លោកបន្តថា សកម្មភាពបង្រ្កាបឈើខុសច្បាប់ត្រូវបានបង្រ្កាបដោយមន្រ្តីរដ្ឋបាលព្រៃឈើនិងកម្លាំងចម្រុះញឹកញាប់ណាស់នៅក្នុងស្រុកនេះ។
លោក វ៉ាន់ សុផាន់ បានឲ្យដឹងថា ៖ «ជាច្រើនរឿងហើយដែលកម្លាំងអាជ្ញាធរនិងជំនាញមេព្រៃបានធ្វើការបង្ក្រាប»។
ស្រុកសៀមប៉ាងស្ថិតនៅជិតឧទ្យានជាតិវីរជ័យ។ ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ក្រុមអ្នករកស៊ីកាប់ឈើខុសច្បាប់បានព្យាយាមរំកិលសកម្មភាពរបស់ពួកគេទៅកាន់តំបន់ព្រៃឈើប្រណីតដែលនៅកៀកជាប់នឹងឧទ្យានជាតិនោះ ដែលធ្វើឲ្យពួកគាត់មានការបារម្ភចំពោះការហិនហោចព្រៃឈើទាំងនោះ៕