ពលរដ្ឋខេត្តកំពត ប្រតិកម្មប្រឆាំងនឹងក្រុមហ៊ុន គែរ៍ ដឹកសំរាមតាមផ្ទះ ដែលបន្តឡើងថ្លៃទ្វេដង ដោយចាត់ទុកថា ការឡើងថ្លៃនេះគឺជាផ្នែកមួយដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
អ្នកស្រី ទ្រី ឈូន ពលរដ្ឋរស់នៅក្រុងកំពត មានប្រសាសន៍នៅថ្ងៃទី៩ កុម្ភៈ ថា ក្រុមហ៊ុន គែរ៍ ដែលបម្រើសេវាកម្មដឹកជញ្ជូនសំរាមតាមផ្ទះពលរដ្ឋ បានទារថ្លៃដឹកសំរាមចំនួនពីរដងនៃតម្លៃដែលធ្លាប់មាន ដែលធ្វើឲ្យពួកគេពុំអាចមានលទ្ធភាពបង់ថ្លៃដឹកជញ្ជូនសំរាមបាន។
អ្នកស្រីបន្តថា ក្នុងពេលកន្លងទៅ ក្រុមហ៊ុនដែលមានសេវាកម្មដឹកសំរាមនេះ យកថ្លៃប្រមាណ ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន គែរ៍ បានដំឡើងថ្លៃដឹកសំរាមរបស់ខ្លួនចាប់ពី ៨ ទៅជិត ៤០ម៉ឺនរៀល សម្រាប់មួយខែ៖ «ប្រជាពលរដ្ឋគ្រាន់តែជាអ្នកចូលរួមទេ ឃើញទេ ហើយដល់ពេលមកជំរិតទារច្រើនពេក ពីណារកលុយបង់បាន។ អ្នករកស៊ីគ្នារកស៊ីសង្ឃឹមទទួលប្រាក់ចំណេញ គ្នាខំប្រឹងសន្សំ ហើយដល់ពេលយើងយកទៅបង់ថ្លៃពេក មានណាបង់កើត»។
លោក ឆេង សុភាព រដ្ឋបាលនៃក្រុមហ៊ុន គែរ៍ ប្រចាំខេត្តកំពត ពន្យល់ថា អ្វីដែលក្រុមហ៊ុនដំឡើងថ្លៃក្នុងការដឹកជញ្ជូនសំរាមនេះ គឺដើម្បីទប់ទល់នឹងការចំណាយសម្រាប់រដ្ឋបាល និងបើកប្រាក់ខែបុគ្គលិក។
លោកបន្តថា ការដំឡើងថ្លៃនេះ ខាងភាគីក្រុមហ៊ុនក៏បានជូនដំណឹងជាមុនផងដែរ និងពុំមែនជាការចាប់ជំរិតណាមួយនោះទេ៖ «ដោយសារយើងមានផលលំបាកមួយចំនួន ទាក់ទងទៅនឹងកម្លាំងកម្មករ ហើយការចំណាយផ្សេងៗដែលទាក់ទិននឹងទីផ្សារបច្ចុប្បន្នហ្នឹងណា»។
ក៏ប៉ុន្តែជំទប់ទី២ សង្កាត់កំពង់កណ្ដាល ក្រុងកំពត មកពីគណបក្ស សម រង្ស៊ី ដែលរង់ការទារថ្លៃខ្ពស់ដូចពលរដ្ឋដែរនោះ គឺអ្នកស្រី តំ ចរិយា បញ្ជាក់តាមរយៈការអះអាងរបស់តំណាងក្រុមហ៊ុនថា ការបន្តដំឡើងលើសេវាកម្មដឹកសំរាមនេះ គឺធ្វើឡើងតាមការកំណត់របស់សាលាខេត្តកំពត។
អ្នកស្រីគិតថា ការព្យាយាមដំឡើងថ្លៃក្នុងសៀវភៅបន្ទុករបស់ក្រុមហ៊ុនមួយនេះ ស្មើនឹងការជំរិតលើថ្លៃសេវាពីពលរដ្ឋទៅវិញ៖ «ឧបមាថា កម្រិតត្រឹមផ្ទះខ្ញុំត្រូវយកប៉ុន្មាន ឲ្យវានឹងថ្កល់អ៊ីចឹងរហូតទៅ មិនមែនចេះតែទារតាមយើងនឹកឃើញ ចង់ទារឡើងរាល់តែឆ្នាំ អ៊ីចឹងងាប់ហើយ ហើយដល់ខ្ញុំសួរទៅគាត់ឆ្លើយថា គាត់ឡើងប៉ុណ្ណឹងស្តង់ដារមិនទាន់គ្រប់តម្លៃដែលខេត្តដាក់ឲ្យគាតផង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីសាលាខេត្តកំពត ដើម្បីស្នើសុំការអត្ថាធិប្បាយបានទេ ចំពោះការប្រតិកម្មរបស់ពលរដ្ឋនេះ នៅថ្ងៃទី៩ ខែកុម្ភៈ។
យ៉ាងណាក៏ដោយ រដ្ឋបាលប្រចាំក្រុមហ៊ុន គែរ៍ អះអាងថា ក្រុមហ៊ុនរបស់ខ្លួនពុំបានដំឡើងថ្លៃតាមតម្រូវការរបស់សាលាខេត្តកំពត ណាមួយនោះឡើយ។ លោកបន្តថា ការលើថ្លៃនេះ ក៏ពុំមែនទារថ្លៃស្មើគ្នានោះដែរ។ ក្នុងន័យនេះលោកថា គឺសំរាមតាមផ្ទះថ្លៃផ្សេងពីសំរាមនៅផ្ទះសំណាក់ ឬ សហគ្រាស។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅការឡើងថ្លៃរបស់ក្រុមហ៊ុនលើសេវាដឹកសំរាមនេះថា គឺការទទួលខុសត្រូវរបស់មន្ត្រីអាជ្ញាធរ និងរដ្ឋាភិបាល។
លោកបន្តថា ភាពខ្វះចន្លោះប្រហោងនៃការគ្រប់គ្រងនេះ បានធ្វើឲ្យភាគីក្រុមហ៊ុនអាចដំឡើងថ្លៃ តាមតម្រូវការរបស់ខ្លួន ដោយពុំមានឧបសគ្គនោះទេ៖ «មានការខ្វះចន្លោះមិនសូវអើពើពីសេវាឯកជន ដែលផ្ដល់ទៅឲ្យប្រជាពលរដ្ឋហ្នឹង។ អាហ្នឹងហើយធ្វើឲ្យឯកជនទាំងអស់ដែលម៉ៅការទាំងអស់ពីរដ្ឋហ្នឹងគឺគេមានឱកាសក្នុងការដំឡើងតម្លៃតាមតែអំពើចិត្តរបស់ខ្លួនគេតែប៉ុណ្ណោះ»។
ពលរដ្ឋអះអាងថា ពួកគេបានដាក់សំណើទៅសាលាខេត្តក្នុងពេលកន្លងទៅនេះម្ដងរួចមកហើយ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ តែរហូតមកដល់ពេលនេះ ចំណាត់ការលើផ្នែកនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។