បញ្ហា​បុគ្គលិក​សិក្សា​ព្យួរ​ការងារ​នៅ​ខែត្រ​បាត់ដំបង

ប្រភព​ពី​គ្រូ​បង្រៀន​បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​បាត់ដំបង​មាន​បុគ្គលិក​សិក្សា​ជា​ច្រើន​នាក់​បាន​ព្យួរ​ឈ្មោះ​នៅ​តាម​សាលា ការិយាល័យ​អប់រំ​ស្រុក និង​មន្ទីរ​អប់រំ​ខេត្ត ផ្ទុយ​ពី​ការ​កំណត់​ក្រសួង​ដោយសារ​តែ​ប្រាក់​បៀវត្សរ៍​តិច​មិន​អាច​ទ្រទ្រង់​ការ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នៅ​ទី​ឆ្ងាយ​បាន។

ក្រុម​គ្រូ​បង្រៀន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា ក្នុង​ចំណោម​គ្រូ​បង្រៀន​ភាគ​ច្រើន​បាន​ព្យួរ​ឈ្មោះ គឺ​រក្សា​នូវ​ក្របខ័ណ្ឌ​រដ្ឋ​ដដែល គឺ​កំពុង​មាន​សកម្មភាព​នៅ​តាម​សាលា ការិយាល័យ​អប់រំ​ស្រុក និង​មន្ទីរ​អប់រំ​ខេត្ត។

ប្រភព​បន្ត​ថា ភាគ​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​សិក្សា​គឺ​មិន​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​ក្រសួង​ឡើយ ៖ «លុយ​ហ្នឹង នាយក​យក ឬ​ការិយាល័យ​អប់រំ​យក ឬ​ក៏​មន្ទីរ​អប់រំ​ខេត្ត​ជា​អ្នក​យក ខ្ញុំ​ដឹង​ថា វា​មាន​ច្រើន!»

ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​កំណត់​ថា គ្រប់​បុគ្គលិក​សិក្សា​អាច​ទទួល​បាន​ការ​ដាក់​ឈ្មោះ​ព្យួរ​នៅ​ក្រសួង​បាន​តែ​រយៈពេល​១​ឆ្នាំ ចំណែក​ឯ​ប្រាក់​ខែ​ត្រូវ​បង្វិល​ចូល​ថវិកា​ជាតិ។

ប្រភព​បាន​បន្ត​ថា គេ​មិន​ដឹង​អ្នក​ព្យួរ​ឈ្មោះ​ខាង​លើ​នេះ​មាន​ចំនួន​ប៉ុន្មាន​នាក់​លាក់ជាក់​ទេ ដោយសារ​តែ​ការ​ព្យួរ​ឈ្មោះ​នោះ​គឺ​បាន​ធ្វើ​ឡើង​ដោយ​ការ​ឃុបឃិត​គ្នា​រវាង​ថ្នាក់​ដឹកនាំ​នៅ​តាម​សាលា ថ្នាក់​ដឹកនាំ​តាម​ការិយាល័យ និង​ថ្នាក់​ដឹកនាំ​មន្ទីរ។

លោក ងី សែត ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​ខាង​លើ​នេះ​បាន​ឡើយ។ ប៉ុន្តែ​លោក ម៉ម សាម អនុ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង បាន​ច្រាន​ចោល​ដំណឹង​នេះ ដោយ​លោក​បញ្ជាក់​ថា បុគ្គលិក​សិក្សា​នៅ​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​មាន​ជាង ៨.២០០​នាក់។ ចំណែក​ការ​ព្យួរ​ឈ្មោះ​ត្រូវ​ធ្វើ​ទៅ​ដល់​ក្រសួង។

លោក ម៉ម សាម បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​គ្រាន់តែ​ដឹង​ថា ការ​ព្យួរ​ឈ្មោះ​ត្រូវ​ធ្វើ​ទៅ​ដល់​ក្រសួង ជា​ការ​ធ្វើ​កន្លង​មក។ បង​ដឹង​ថា មាន​ព្យួរ​ឈ្មោះ​ដោយ​លួចលាក់​អី ខាង​ខ្ញុំ​អត់​ទាន់​ក្តាប់​បាន​ទេ​ព័ត៌មាន​ហ្នឹង»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា ករណី​គ្រូ​បង្រៀន​ព្យួរ​ឈ្មោះ​ទៅ​បម្រើ​ការងារ​នៅ​កន្លែង​ផ្សេង​បាន​កើត​មាន​ឡើង​ទូទាំង​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា មូលហេតុ​ជំរុញ​ឲ្យ​បុគ្គលិក​សិក្សា​បោះបង់​ចោល​ការងារ​របស់​ខ្លួន​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេង​ជំនួស​វិញ​នោះ គឺ​ដោយសារ​ប្រាក់​ខែ​ពួក​មាន​តិចតួច​មិន​អាច​ជួយ​ជីវភាព​រស់​នៅ​បាន។

លោក រ៉ុង ឈុន បាន​បន្ត​ថា ស្ថានភាព​នេះ​កំពុង​កើន​ឡើង​ខ្ពស់​នៅ​កម្រិត​បឋម​សិក្សា ប៉ុន្តែ​ការ​មិន​បញ្ជូន​ឈ្មោះ​ទៅ​ឲ្យ​ក្រសួង គឺ​ជា​ការ​ខុស​នឹង​ច្បាប់​កំណត់ ៖ «គ្រាន់តែ​រក្សា​ឈ្មោះ ហើយ​ផ្តល់​ប្រាក់​បៀវត្សរ៍​ឲ្យ​អ្នក​គ្រប់គ្រង​អា​ហ្នឹង វា​ជា​ការ​ខុស​ច្បាប់»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បន្ត​ថា ស្ថានភាព​គ្រូ​បង្រៀន​បោះបង់​ចោល​ការ​បង្រៀន​នៅ​សាលា​រដ្ឋ​បាន​ធ្វើ​ឲ្យ​ខ្វះ​ខាត​គ្រូ​នៅ​តាម​សាលា។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ទាល់​តែ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ឲ្យ​បាន​គ្រប់គ្រាន់៕