ប្រភពព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយកាលពីថ្ងៃ៣១ ខែតុលានេះ បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាម កាលពីយប់ថ្ងៃសុក្រ ទី៣០ តុលាកន្លងមកនេះ បានចេញសេចក្តីថ្លែងការណ៍មួយចុះផ្សាយក្នុងទំព័រវ៉ឹបសាយថ៍របស់ខ្លួនដោយបានថ្កោលទោសទង្វើរបស់លោក សម រង្ស៊ី ថាជាទង្វើមិនត្រឹមត្រូវ ធ្វើតាមតែទំនើងចិត្ត រំលោភច្បាប់របស់កម្ពុជានិងវៀតណាម ជាទង្វើរំលោភលើសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងនានា ដែលកម្ពុជានិងវៀតណាមបានព្រមព្រៀងចុះហត្ថលេខាជាមួយគ្នាពីមុនមក។
សេចក្តីថ្លែងការណ៍ដដែលនោះក៏បានរិះគន់ លោក សម រង្ស៊ី ថាបានមួលបង្កាច់បង្ខូចប្រទេសវៀតណាម ដោយបានចោទថាបានបោះបង្គោលរំលោភចូលទៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី២៥ តុលាកន្លងមកនេះ គណបក្សសមរង្ស៊ីបានដង្ហែកឋិនទានចូលទៅវត្តមួយនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយដែលនៅក្នុងពិធីបុណ្យកឋិនទាននោះមានវត្តមាន លោក សម រង្ស៊ី និងសមាជិកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីប្រមាណជា១០នាក់ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១០០នាក់នៅទីនោះក៏បានអញ្ជើញទៅចូលរួមដង្ហែផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់របស់រដ្ឋាភិបាលវៀតណាមខាងលើនេះបានទេ ដោយសារតែលោកត្រូវអញ្ជើញទៅចូលរួមក្នុងសន្និសីទរបស់អង្គការអន្តរជាតិនៃគណបក្សសេរីនិយមនៅក្នុងប្រទេសអេហ្ស៊ីប។
វិទ្យុអាស៊ីសេរីក៏បានទាក់ទងលោកតំណាងរាស្ត្រ យន់ ថារ៉ូ ដើម្បីសុំសេចក្តីឆ្លើយបំភ្លឺអំពីស្ថានភាពនាពេលនោះ ពីព្រោះលោកក៏បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកឋិនទាននោះដែរ។
លោក យន់ ថារ៉ូ បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋគាត់បានត្អូញត្អែរមកតំណាងរាស្ត្រ ក្នុងហ្នឹងក៏មានរូបខ្ញុំនៅទីនោះដែរ គឺការបោះបង្គោលនៅតាមព្រំដែន គឺវៀតណាមបានបោះបង្គោលមកលើដីរបស់ពួកគាត់ ដែលពីដើមព្រំដែនខ្មែរនៅខាងណោះឆ្ងាយពីដីគាត់ តែឥឡូវនេះរហូតមកយកដីគាត់ មានអ្នកខ្លះអស់១ហិកតារកន្លះ អ្នកខ្លះ២ហិកតារជាង គាត់ត្អូញត្អែរអ៊ីចឹង។ អ៊ីចឹងនៅពេលនោះ ក្រោយពីលោកប្រធាន សម រង្ស៊ី បានដង្ហែអង្គកឋិនចូលដល់វត្តហើយ ហើយវេរកឋិនប្រគេនដល់ព្រះសង្ឃហើយចប់សព្វគ្រប់ ក៏ប្រជាពលរដ្ឋមានប្រមាណ១០០នាក់ដែលធ្វើដំណើរទៅជាមួយលោក សម រង្ស៊ី ក្នុងនោះក៏មានសមត្ថកិច្ចប៉ូលិសខ្មែរដែលនៅការពារព្រំដែនក៏ទៅជាមួយ ការពារវត្តអារាម។ ខ្ញុំមិនដឹងច្បាស់ថា ប៉ូលិសដែលគេទៅក្នុងអង្គកឋិនជាប៉ូលិសព្រំដែនឬក៏សន្តិសុខសណ្ដាប់ធ្នាប់អីនៅមូលដ្ឋាន ខ្ញុំអត់ដឹងដែរ មានប៉ូលិសទៅជាង៧-៨នាក់ដែរ ហើយទៅហ្នឹងយើងឃើញស្រែគាត់បណ្ដោយ២០០ម៉ែត្រ... ហើយក្បាលម្ខាងហ្នឹងព្រំដែនវៀតណាមដែលគាត់និយាយប្រាប់យើងពីលើកមុនហ្នឹង តែឥឡូវហ្នឹងបែរជាមកយកក្បាលខាងណោះរបស់គាត់ហ្នឹង អស់ស្រែគាត់២ហិកតារ អាហ្នឹងខ្ញុំឃើញជាក់ស្ដែង ហើយក្នុងទិដ្ឋភាពហ្នឹងទៀត មានបង្គោលព្រំដែនបោះជាបង្គោលមួយនៅកណ្ដាលដីប្រហែលជា១ម៉ែត្របួនជ្រុង ហើយកណ្ដាលហ្នឹងមានចាក់ជាបេតុង ប៉ុន្តែបេតុងចាក់ទៅនឹងដី... រីឯជុំវិញបេតុងហ្នឹងមានបង្គោលឈើ៦ ហើយលោកប្រធាន សម រង្ស៊ី លោកមានប្រសាសន៍ថា នឹងដកបង្គោលព្រំដែននេះ គំនិតរបស់លោក ហើយលោកនឹងទទួលខុសត្រូវ ប៉ុន្តែលោកមិនទាន់បានដកទេ ប៉ុន្តែគ្រាន់តែលោកមានប្រសាសន៍ ប្រជាពលរដ្ឋដែលទៅចូលរួមគឺចាប់ផ្ដើមដកបង្គោលទាំងអស់ហ្នឹង គឺបង្គោលឈើ៦ដើម»។
ម៉ៅ សុធានី ៖ បញ្ហាដែលនាងខ្ញុំចង់ជម្រាបសួរឯកឧត្ដមហ្នឹងទាក់ទងពីរឿងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមហ្នឹង គេបានផ្សាយកាលពីយប់ថ្ងៃសុក្រ គេបានថ្កោលទោសចំពោះលោកប្រធាន សម រង្ស៊ី ថាធ្វើឲ្យមានបញ្ហារំខានដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលខ្មែរអីអ៊ីចឹង។ ថាតើចំណុចហ្នឹងឯកឧត្ដមយល់ឃើញយ៉ាងម៉េច?
យន់ ថារ៉ូ ៖ ចំពោះខ្ញុំ ខ្ញុំទៅមើលឃើញថា អ្វីដែលជាការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម វាទៅលើការជាក់ស្ដែង ឥឡូវយើងចង់ឲ្យមានការជាក់ស្ដែង យើងចុះទៅពិនិត្យទាំងអស់គ្នាទៅគណៈកម្មការព្រំដែន ហើយនិងប្រជាពលរដ្ឋ តែបើខ្ញុំទៅអត់ឃើញកន្លែងនោះ ខ្ញុំអត់បានដឹងថា ព្រំដែនពីដើមនៅត្រង់ណាទេ ហើយបច្ចុប្បន្ននៅត្រឹមណា ខ្ញុំអត់ដឹងដែរ ប៉ុន្តែប្រជាពលរដ្ឋជាសាក្សី ប្រជាពលរដ្ឋដែលគាត់បានចង្អុលប្រាប់យើងថា ស្រែដែលគាត់ធ្វើរាល់ថ្ងៃហ្នឹង... ២០០ម៉ែត្រ ហើយឥឡូវហ្នឹងមកខាងណេះយករបស់គេអស់ហើយ២-៣ម៉ែត្រ ទទឹង១០០ម៉ែត្រ វាស្មើនឹង២ហិកតាររបស់គាត់។ ចំណុចទាំងអស់នេះបានខ្ញុំឃើញថា វាមានការសម្គាល់ព្រំដែនយកមកដីខ្មែរពិតប្រាកដ អាហ្នឹងខ្ញុំបានឃើញ។
ម៉ៅ សុធានី ៖ នៅពេលដែលឯកឧត្ដមហើយនិងលោក សម រង្ស៊ី បានអញ្ជើញទៅកន្លែងព្រំដែនហ្នឹង ហើយមានប្រជាពលរដ្ឋជាង១០០នាក់បានទៅរួមជាមួយហ្នឹង ថាតើមានបានសួរបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដូចឃុំ ស្រុកហ្នឹង ថាគេទទួលស្គាល់ថា វៀតណាមហ្នឹងបោះបង្គោលចូលមកក្នុងទឹកដីខ្មែរហ្នឹងពិតប្រាកដឬយ៉ាងម៉េច?
យន់ ថារ៉ូ ៖ ខ្ញុំអត់បានសួរទៅអាជ្ញាធរមូលដ្ឋានទេ ប៉ុន្តែដោយសារថា យើងមិនមែនជាអ្នកទៅគិតគូររឿងព្រំដែន ឱកាសពេលហ្នឹងគឺយើងទៅបុណ្យកឋិនណា៎។ ប្រជាពលរដ្ឋលោកត្អូញត្អែរយំស្រែករឿងបញ្ហាបាត់ដីស្រែរបស់លោកហ្នឹង បានលោកប្រធាន សម រង្ស៊ី លោកអញ្ជើញទៅចូលរួមដូចខ្ញុំបានជម្រាបខាងដើមថា ដើម្បីមើលភាពជាក់ស្ដែង ពិតប្រាកដ ប្រជារាស្ត្រដែលគាត់រងគ្រោះហ្នឹងណា៎ ហើយភូមិចាស់ៗគេដទៃទៀតហ្នឹងគឺនៅឆ្ងាយៗពីព្រំដែន ម៉្លោះហើយយើងក៏ពិបាកនៅក្នុងការសួរសមត្ថកិច្ចណាមួយ ហើយបង្គោលហ្នឹងទៀតជាបង្គោលឈើទេ រីឯបង្គោលជានិមិត្តរូប យើងឃើញថាដងហ្នឹងជានិមិត្តរូប ឃើញថាខ្មែរហ្នឹងមានការមិនសប្បាយចិត្តចំពោះបញ្ហាដែលបោះបង្គោលព្រំដែនមកយកដីខ្មែរតែប៉ុណ្ណឹង។ ដោយឡែកបង្គោលឡាក់ដែលគេបានបុកគ្រឹះទៅនឹងដី វានៅជាប់ដដែលហ្នឹង អត់មានបាត់ទៅណាទេ។
សូមរំឭកជូនថា កម្ពុជានិងវៀតណាមបានចាប់ផ្តើមបោះបង្គោលព្រំដែនជាផ្លូវការដែលមានបណ្តោយប្រវែង១.២៧០គីឡូម៉ែត្រ កាលពីខែកញ្ញា ឆ្នាំ២០០៦មកនេះ ដើម្បីបញ្ចប់ជម្លោះព្រំដែនរាប់សិបឆ្នាំនៃប្រទេសទាំងពីរ៕