មនុស្ស​២​នាក់​ស្លាប់ និង​របួសធ្ងន់​៥​នាក់​ដោយ​ឆេះ​ក្លឹប​កម្សាន្ត​មួយ​កន្លែង​នៅ​ភ្នំពេញ

អគ្គីភ័យ​ឆាបឆេះ​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ឈ្មោះ មី​ត​ណាយ ព្រី​មៀរ (Midnight Premier) ស្ថិតនៅ​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​ផ្សេងទៀត រង​របួស​ធ្ងន់។

ក្រុមការងារ​ព័ត៌មាន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៥ កុម្ភៈ​ថា មូលហេតុ នៃ​អគ្គីភ័យ​នេះ គឺ​បណ្ដាលមកពី​ជាង​ផ្សា​ដែក​នៅក្នុង​ក្លឹប​បង្ក​ជា​ការ​ឆ្លង​ចរន្តអគ្គិសនី និង​ធ្វើ​ឲ្យ​ឆេះ​ក្លឹប​កម្សាន្ត​នេះ ដែល​មាន​បណ្ដោយ​៤០​ម៉ែត្រ និង​ទទឹង​៣៥​ម៉ែត្រ ហើយ​ឆេះ​រាលដាល​ដល់​បន្ទប់​ផ្ទះសំណាក់​មួយ​បន្ទប់​ទៀត។

ទូរទស្សន៍​ជាតិ​កម្ពុជា ផ្សាយ​ថា ជនរងគ្រោះ​ភេទ​ប្រុស​ទាំង​៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​ចិន ឬ​ហៅថា ពេទ្យ​លោកសង្ឃ មានឈ្មោះ មិន រតន អាយុ​៣៥ ឆ្នាំ ឈ្មោះ រី ប៊ុនធីម អាយុ​៣០​ឆ្នាំ ឈ្មោះ សាយ ភារា អាយុ​២៦​ឆ្នាំ ឈ្មោះ មួន មករា អាយុ​២១ ឆ្នាំ និង​ឈ្មោះ ថេង ថៃ អាយុ ២០​ឆ្នាំ។ ចំណែកឯ​ជនរងគ្រោះ​ចំនួន​២​នាក់ ដែល​បាន​បាត់បង់​ជីវិត នៅ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ពួកគាត់​ឡើយ​ទេ។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ក្លឹប​កម្សាន្ត ហើយ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​បាត់​បង់ជីវិត។ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ ខារ៉ាអូខេ និង​សណ្ឋាគារ យីហោ ៦៩៦៩ ឃីស អ៊ីនធឺធិនមែន (6969 Kiss Entertainment) បាន​ឆក់​យក​ជីវិត​ជនរងគ្រោះ​ចំនួន ៨​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។