រដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃសមុទ្រទំហំ ៦រយហិកតារ នៅខេត្តកំពត ទៅឲ្យក្រុមហ៊ុនឯកជន សំរាប់អភិវឌ្ឍកំពង់ផែថ្មីមួយ ក្រោមហេតុផលដើម្បីពង្រឹងសេដ្ឋកិច្ចនិងបង្កើនពាណិជ្ជកម្ម។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា និងបានផ្សព្វផ្សាយជាសាធារណៈក្នុងសប្ដាហ៍នេះ បានឱ្យដឹងថា ផ្ទៃដីសមុទ្រទំហំ ៦០០ហិកតារ ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ត្រូវបានធ្វើអនុបយោគឱ្យក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន ផត (Kampot Logistics and Port)» ក្នុងទឹកប្រាក់វិនិយោគជិត ២ពាន់លានដុល្លារ (១,៧ពាន់លាន)។
ការវិនិយោគកំពង់ផែថ្មីនៅខេត្តកំពតនេះ រួមមានកសាងសង់មជ្ឈមណ្ឌលភស្តុភារ និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួយបំពេញបន្ថែម ទៅលើកំពង់ផែដែលមានស្រាប់ហើយ ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
បន្ថែមពីនេះ កំពង់ផែថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកដាក់ ផ្ទេរទំនិញចេញចូល និងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងសាធារណការឲ្យដឹងថា កំពង់ផែនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ ដែលអាចឲ្យកប៉ាល់ទំងន់ ១សែនតោនចូលចតបាន និងចែកចេញជា ៣ដំណាក់កាល ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ កាលពីថ្ងៃទី១០ ខែសីហា។ អាស៊ីសេរី ក៏មិនអាចសុំការធ្វើអត្ថាធិប្បាយពីអភិបាលក្រុងបូកគោ អ្នកស្រី ងិន ផលរ័ត្ន និងអ្នកនាំពាក្យសាលាខេត្តកំពត លោក អ៊ឹង ឆាយ បានទេ នៅថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។