ធនាគារពិភពលោក (World Bank) ផ្តល់ប្រាក់២០លានដុល្លារអាមេរិក សម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលជំងឺកូវិដ-១៩ (Covid-19)។
នាយកគ្រប់គ្រងធនាគារពិភពលោក អ្នកស្រី អ៊ិនហ្គូណា ដូប្រាហ្យា (Inguna Dobraja) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២ ខែមេសា ថា ប្រាក់២០លានដុល្លារនេះ នឹងជួយឱ្យកម្ពុជា ក្នុងការដោះស្រាយជាបន្ទាន់ សម្រាប់សេចក្ដីត្រូវការចាំបាច់ ដូចជាបរិក្ខារពេទ្យ ផ្ដល់កន្លែងសម្រាប់ផ្ដល់សេវាព្យាបាល ទប់ស្កាត់និងកាត់បន្ថយការរីករាលដាលជំងឺកូវិដ១៩ ព្រមទាំងពង្រឹងសមត្ថភាព ដល់ការស្តារ សេដ្ឋកិច្ចនិងជីវភាពពលរដ្ឋឡើងវិញ ក្នុងរយៈពេលខ្លី។
សេចក្ដីថ្លែងការណ៍បន្តថា ប្រាក់ទាំងនេះ ក៏សម្រាប់យកទៅប្រើប្រាស់សម្រាប់សាងសង់មណ្ឌលសង្គ្រោះបន្ទាន់ និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាព្យាបាលអ្នកជំងឺកូវិដ-១៩ នៅក្នុងរាជធានី ខេត្តក្រុង ទាំង ២៥ នៅកម្ពុជា។ គម្រោងនេះ នឹងផ្ដល់ការគាំទ្រដល់បុគ្គលិកពេទ្យនៃក្រសួងសុខាភិបាល និងការជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ព្រមទាំងផ្តល់ការហ្វឹកហាត់ដល់ពួកគេ ដើម្បីអាចមានលទ្ធភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ទៅតាមតម្រូវការ សេវាសុខាភិបាល សម្រាប់អ្នកជំងឺកូវីដ-១៩។
ធនាគារពិភពលោក លើកឡើងថា គម្រោងឆ្លើយតបដ៏ខ្លីនេះ គឺជាផ្នែកមួយសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ធនាគារពិភពលោក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលដើម្បីធ្វើឱ្យប្រសើរឡើង នូវសេវាសុខាភិបាល សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។ កាលពីសប្ដាហ៍មុន គម្រោងធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងសមភាពនៃសេវាសុខភាព របស់ធនាគារពិភពលោក ក៏បានផ្ដល់ប្រាក់ ១៤លានដុល្លារ សម្រាប់ទិញរថយន្តសង្គ្រោះបន្ទាន់ សម្ភារៈពេទ្យ និងបង្កើនលទ្ធភាពមន្ទីរពិសោធន៍ ដើម្បីអាចឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។