អ្នកជំនាញកសិកម្ម និងមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មដោះស្រាយបញ្ហាតម្លៃស្រូវដែលធ្លាក់ចុះ និងជួយរកទីផ្សារឱ្យកសិករ បន្ទាប់ពីកម្ពុជាបានឈ្នះក្ដី និងទទួលបានការអនុគ្រោះពន្ធនាំចូលអង្ករគ្រាប់វែងទៅសហភាពអឺរ៉ុប។ ពួកគាត់ថា នេះជាឱកាសល្អមួយសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលមានផែនការច្បាស់លាស់ និងសម្របសម្រួលទីផ្សារឱ្យមានលំនឹង។
អ្នកជំនាញកសិកម្ម លោក នី ណាក់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែធ្នូ ថា ចំពោះកម្ពុជាដែលទទួលបានការអនុគ្រោះពន្ធសម្រាប់នាំចេញអង្ករមកវិញនេះ គឺជាក្ដីសង្ឃឹមរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលស្រូវតទៅទៀត។ លោកបន្តថា ក្នុងឱកាសដែលកម្ពុជាទទួលបានផលចំណេញពីការនាំស្រូវចេញទៅក្រៅប្រទេស ក្រសួងកសិកម្មត្រូវផ្សព្វផ្សាយព័ត៌មាននេះទៅប្រជាកសិករឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពបង្កបង្កើនផលតាមរយៈការជ្រើសរើសពូជ និងបច្ចេកទេសដាំដុះតាមស្ដង់ដារ តម្រូវតាមទីផ្សារបរទេស។ លើសពីនេះ រដ្ឋាភិបាលត្រូវមានផែនការច្បាស់លាស់ និងដាក់ចេញនូវការកំណត់តម្លៃកសិផលឱ្យមានស្ថិរភាព ដើម្បីឱ្យឈ្មួញនិងកសិករទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
លោក នី ណាក់៖ «នៅពេលដែលដាក់ចេញតម្លៃមួយសម្រាប់កសិករហើយត្រូវមានយន្តការ ការត្រួតពិនិត្យនិងតាមដានទៅលើការអនុវត្តសេចក្ដីជូនដំណឹង សេចក្ដីសម្រេចហ្នឹង។ ជាក់ស្ដែងយើងឃើញពីបញ្ហាចុងក្រោយនេះគឺឈ្មួញមិនបានគោរពតាមសេចក្ដីសម្រេចរបស់ក្រសួងកសិកម្ម ដែលកំណត់ឱ្យទិញស្រូវក្នុងតម្លៃលើសពី ១ពាន់រៀលហ្នឹងទេ នេះបញ្ជាក់ថា រដ្ឋាភិបាលពុំបានត្រួតពិនិត្យល្អិតល្អន់តាមដានវាយតម្លៃទៅលើសេចក្ដីប្រកាសដែលខ្លួនចេញឱ្យអ្នកពាក់ព័ន្ធអនុវត្តនោះទេ»។
សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣០ វិច្ឆិកា បានប្រកាសថា កម្ពុជាឈ្នះក្ដីលើបណ្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលធ្វើឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធសម្រាប់ការនាំចេញអង្ករគ្រាប់វែង (Indica Rice) ទៅកាន់សហភាពអឺរ៉ុប។ សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
ទោះយ៉ាងនេះក្ដី ប្រជាកសិករនៅតែបារម្ភ ចំពោះការទទួលបានប្រព័ន្ធអនុគ្រោះពន្ធត្រឡប់មកវិញនេះ នឹងផ្ដល់ផលចំណេញឱ្យឈ្មួញអ្នកនាំចេញតែប៉ុណ្ណោះ ប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះទេនោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យដឹងថាក្រសួងមិនបានច្រាលចោលព័ត៌មាននេះទាំងស្រុងនោះឡើយ។ ជាមួយគ្នានេះ កញ្ញាស្នើឱ្យប្រជាពលរដ្ឋសម្លឹងមើលវិស័យកសិកម្មនៅកម្ពុជាឱ្យបានទូលំទូលាយជាងមុន ខណៈរដ្ឋមន្ត្រីថ្មីនៃក្រសួងនេះ បានប្ដេជ្ញាដោះស្រាយបញ្ហារ៉ាំរ៉ៃនិងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ កញ្ញាបន្តថា បច្ចុប្បន្នក្រសួងកសិកម្មបានបង្កើតក្រុមការងារផលិតពូជស្រូវដែលមានគុណភាពលក់ឱ្យប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីបង្កើនប្រសិទ្ធភាពដាំដុះ និងកាត់បន្ថយថ្លៃផលិត។
កញ្ញា អ៊ឹម រចនា៖ «អ៊ីចឹងបើកាលណាប្រជាកសិករគាត់ប្រើពូជស្រូវល្អ វានឹងឈានទៅដល់ការកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់ជី និងការទិញជីមកដាក់ស្រែដាក់ស្រូវ។ នេះគឺជាការកាត់បន្ថយថ្លៃចំណាយ ហើយវានឹងជំរុញឱ្យប្រជាកសិករយើងទទួលបានផលចំណេញច្រើនជាងមុន»។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប សម្រេចជាផ្លូវការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេល៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០១៩ នេះតទៅ។ ការសម្រេចនេះ គឺក្រោយពីគណៈកម្មការអឺរ៉ុប ដែលតំណាងឲ្យប្រទេសសមាជិកចំនួន ២៨ ប្រទេស បានបើកការស៊ើបអង្កេតរយៈពេលស្ទើរពេញមួយឆ្នាំ ២០១៨ តបតាមបណ្ដឹងរបស់ប្រទេសអ៊ីតាលី(Italy) ដែលស្នើសុំឲ្យសហភាពអឺរ៉ុប ចាត់វិធានការការពារតាមរយៈការគិតពន្ធ លើការនាំចូលអង្ករពីកម្ពុជាដោយសារតែប្រទេសនេះយល់ថា អង្ករនាំចូលពីកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សមត្ថភាពប្រកួតប្រជែងផ្ទាល់របស់ខ្លួន។ ការយកពន្ធនាំចូលអង្ករនេះ បានធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា ទៅក្នុងទីផ្សារប្រទេសនៃតំបន់អឺរ៉ុប បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយកូនប្រសាលោក ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ បានចេញមុខទៅតវ៉ាទៅគណៈកម្មការអឺរ៉ុបជាបន្តបន្ទាប់។ ការខិតខំបែបនេះ ទំនងជាដោយសារប៉ះពាល់ដោយផ្ទាល់ដល់ក្រុមហ៊ុនរបស់លោក សុខ ពុទ្ធិវុធ និងក្រុមហ៊ុនរបស់ឧកញ៉ាមួយចំនួន ដែលនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប។
ទាក់ទិនរឿងនេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ការឈ្នះក្ដី នាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ជាការបើកទីផ្សារស្រូវអង្ករកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកថា កសិករ និងឈ្មួញនឹងទទួលបានផលចំណេញកាន់តែច្រើន ប្រសិនបើរដ្ឋាភិបាលនិងក្រសួងកសិកម្មក្ដោបក្ដាប់ឱកាសនេះ និងពង្រឹងផែនការកសិកម្ម។ លោកបន្តថា ក្រសួងកសិកម្មត្រូវសម្របសម្រួលចរន្តទីផ្សារ និងបង្កើនបច្ចេកទេសដាំដុះឱ្យស្របទៅតាមស្ដង់ដារបន្ថែមទៀត។
លោក កើត សារ៉ាយ៖ «តែទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យកសិករទទួលបាននូវភាពសមរម្យក្នុងការប្រមូលផលហើយលើកចេញ ក៏ដូចជាឈ្មួញដែលទទួលទិញពីកសិករក៏ទទួលបានកម្រៃសមរម្យនោះ រដ្ឋាភិបាលត្រូវធានា ក៏ដូចជាសម្របសម្រួលផ្នែកទីផ្សារហ្នឹងឱ្យមានលំនឹងឡើងវិញ»។
យោងតាមតារាងតម្លៃអង្ករដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គិតត្រឹម ខែកក្កដា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ជិត៤០ម៉ឺនតោន (៣៨៩ ០០០តោន)។ តម្លៃអង្កដែលនាំចេញជាមធ្យមមានចំនួន ៨៥០ដុល្លារ ក្នុង១តោន។ ចំពោះតម្លៃដាក់លក់នៅលើទីផ្សារអឺរ៉ុប (Europe) មានតម្លៃចន្លោះពី ១ដុល្លារទៅ ៣ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យតាមគុណភាពអង្ករនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។