អ្នកឃ្លាំមើល​៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ទំនង​ជួប​វិបត្តិ​ថវិកា​ទើប​រៃអង្គាស​លុយ​បន្តបន្ទាប់

0:00 / 0:00

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម កៀរគរ​ថវិកា​ពី​ឧកញ៉ា រហូត​ដល់​ពលរដ្ឋ​ទូទៅ នៅ​ពេល​នេះ ទំនង​រដ្ឋាភិបាល​កំពុង​ជួប​វិបត្តិ​ខ្វះ​លុយ​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា កិច្ច​ប្រែង​រៃអង្គាស​ប្រាក់​របស់​លោក ហ៊ុន សែន ពេលនេះ​គឺ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ស្លាប់​ដោយសារ​គ្រាប់មីន​បន្ត​ទៀត។

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​ដល់​ការ​ផុងខ្លួន​ក្នុង​យុទ្ធសាស្ត្រ កៀរគរ​ថវិកា​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ គឺ​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​តិចតួច និង​ក្រុម​ឈ្មួញ​ធម្មតា​ដែល​គ្មាន​លុយ​ចាយ​សល់​ដូច​ក្រុម​ឧកញ៉ា​មួយ​ចំនួន។

​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា លោក ហ៊ុន សែន មាន​ល្បិច​ខ្ពស់​ក្នុង​ការ​ប្រមូល​លុយ​ពី​ក្រុម​ឧកញ៉ា រហូតដល់​ពលរដ្ឋ​ទូទៅ​។ លោក​អះអាង​ថា នេះ​ក៏​ជា​ឱកាស​សម្រាប់​ក្រុម​ឈ្មួញ​ខិលខូច​អាច​លាង​លុយ​របស់​ខ្លួន​តាមរយៈ​ការ​បរិច្ចាគ​នេះ ហើយ​អ្នក​ទាំងនោះ​អាច​នឹង​ទទួល​បាន​ប្រយោជន៍​ពី​លោក ហ៊ុន សែន វិញ៖ «ទំនង​គម្រោង​កម្ចាត់​មីន​ស័ក្ដិសម​ជាងគេ​ហើយ​ទើប​លោក ហ៊ុន សែន ប្រកាស​បង្កើត​គម្រោង​ហ្នឹង​ដើម្បី​កម្ចាត់​មីន​នៅ​កម្ពុជា មិន​ចាំបាច់​បង្កើត​គម្រោង​ហ្នឹង​ធ្វើ​អី អង្គការ​ស៊ីម៉ាក់​ (​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ )​ ដែល​ជា​សម​ផល​របស់​អ៊ុនតាក់ ធ្វើ​ឲ្យ​ទៅជា​អង្គការ​ឯករាជ្យ​ទៅ​ទទួល​ជំនួយ​ច្រើនណាស់​ពី​សហគមន៍​អន្តរជាតិ ទាំង​សហរដ្ឋអាមេរិក​ផង»។

រីឯ អ្នកឃ្លាំមើល​នយោបាយ និង​ជា​អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ម៉ើ ចាន់ដារ៉ា ចង់​ឃើញ​រដ្ឋាភិបាល យក​ថវិការដ្ឋ​មក​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមុន​សិន មុននឹង​ធ្វើការ​កៀរគរ​ថវិកា​ពី​មហាជន​។ យុវជន​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល​ចាយ​លុយ​ពី​មហាជន​មិន​ចំ​គោលដៅ និង​គ្មាន​តម្លាភាព នឹង​ធ្វើ​ឲ្យ​ការ​លះបង់​លុយ​របស់​ពលរដ្ឋ​គ្មាន​តម្លៃ៖ «យើង​ជឿជាក់​ថា បើ​គ្រប់គ្រង​ថវិកាជាតិ​មាន​ប្រសិទ្ធភាព មាន​តម្លាភាព មាន​គណនេយ្យ ភាព ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​មិន​ចាំបាច់​ត្រូវ​រៃអង្គាស​ទេ ការ​បង់​ពន្ធ​ពី​វិស័យ​ទេសចរណ៍​ការ​ប្រមូល​​ពន្ធ​ផ្សេងៗ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ខ្ញុំ​មើល​ឃើញ​ថា មាន​លើស​គោលដៅ​របស់​ដល់​ជាង​៤០​ភាគរយ​ទៅ​៥០​ភាគរយ ខ្ញុំ​គិតថា លុយ​ទាំង​អស់ហ្នឹង​យើង​បង្វិល»។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ យល់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន អាច​កំពុង​ក្ស័យធន ដោយ​ខ្វះ​លុយ​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ និង​គ្មាន​ថវិកា​បន្ត​សម្រាប់​ដោះ​មីន​ដែល​នៅ​សេសសល់​។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​អួតអាង​ថា ប្រមូល​ពន្ធ​បាន​លើស​ផែនការ​ស្ទើរ​រាល់​ឆ្នាំ ប៉ុន្តែ រដ្ឋាភិបាល លោក ហ៊ុន សែន តែង​ដើរ​ខ្ចី​បរទេស ជាពិសេស​ខ្ចី​លុយ​ចិន​។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ងាក​មក​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពេញលេញ​មក​កម្ពុជា​វិញ៖ «អ៊ីចឹង​ទាំងអស់​ហ្នឹង​អសកម្ម​ទាំងអស់​វិស័យ​ទាំង​៥​នៅ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​យើង​ពុំ​មានអី​ពឹង​ពរ​ក្រៅពី​ខ្ចី​លុយ​គេ​មក​ប្រើប្រាស់ នៅពេល​ខ្ចី​គេ​មិន​បាន​មានតែ​រៃអង្គាស​អ្នក​មាន​សេដ្ឋី​ឧកញ៉ា នៅ​កម្ពុជា ដើម្បី​ឧបត្ថម្ភ​ជា​ទឹក​ចុង​ក្រោយ​តែ​ប៉ុណ្ណឹង»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ កើតឡើង​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ម្ដង​ហើយ​ម្ដងទៀត ស្នើ​ទៅ​ឧកញ៉ា រហូត​ដល់​ពលរដ្ឋ​ទូទៅ​ឲ្យ​ជួយ​បរិច្ចាគ​លុយ​ជួយ​រដ្ឋាភិបាល ក្នុង​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ លោក​ថា ពេលនេះ​រដ្ឋាភិបាល​ទទួល​បាន​លុយ​ពី​ក្រុម​ឧកញ៉ា​ជិត​១៥​លាន​ដុល្លារ​។ ទោះ​យ៉ាងណា លោក ហ៊ុន សែន កាលពី​ថ្ងៃ​០៦​កក្កដា បាន​ស្ដីបន្ទោស​ទៅ​មន្ត្រី​ពិធីការ​របស់​លោក​ម្នាក់​គឺ លោក សេង ទៀង ថា មិន​បាន​បង្កើត​គណនេយ្យ​បន្ថែម សម្រាប់​ឲ្យ​ពលរដ្ឋ​ទូទៅ ឬ​អ្នក​រកស៊ី​ធម្មតា​អាច​ចូលរួម​ក្នុង​ការ​បរិច្ចាគ​នេះ៖ «អ្នក​ដែល​គេ​ចង់​ចូល​ប្រាំ​ម៉ឺន ដប់​ម៉ឺន ម្ភៃ​ម៉ឺន ទៅតាម​សទ្ធា​ជ្រះថ្លា​ដែល​គេ​ចង់​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​នេះ​លែង​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​អត់​ទាន់​មាន​អ្នក​ដឹង​ថា កុង​ (​ គណនេយ្យ​ )​ នៅ​កន្លែង​ណា អ៊ីចឹង​ត្រូវ​បើក​ទៅ​ប្រកាស​ទៅ តែ​មិន​ព្រម​ធ្វើ»។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​បំភ្លឺ​ពី​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា លោក ហេង រតនា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃទី​០៧ ខែ​កក្កដា​។ ទោះ​យ៉ាងណា អនុប្រធាន​ទី​១ អាជ្ញាធរ​មីន លោក លី ធុជ បាន​ប្រាប់​សារព័ត៌មាន​ហ្វ្រេសញូវ​ថា ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ អាជ្ញាធរ​មីន បាន​យក​ទៅ​ប្រើប្រាស់​បន្តបន្ទាប់​ក្នុង​សកម្មភាព​បោសសំអាត​គ្រប់​មីន។

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា អ្នក​ដែល​រិះគន់​រឿង​នេះ ព្រោះ​អ្នក​ទាំងនោះ​ចង់​ឃើញ​ពលរដ្ឋ​បន្ត​ស្លាប់​ដោយ​គ្រាប់មីន ហើយ​យក​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​នេះ​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​។ បើ​ទោះ​ជា​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​រូប​នេះ គាំទ្រ​និង​កោត​សរសើរ ការ​ផ្ដួចផ្ដើម​រៃអង្គាស​លុយ​នេះ​ថា ជា​ចេតនា​ល្អ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​គ្រាប់មីន​ក្ដី ក៏​ខ្លួន​លោក​ផ្ទាល់​មិន​ទាន់​បាន​ចូលរួម​បរិច្ចាគ​ថវិកា​នៅឡើយ​ទេ​ព្រោះ​លោក​ថា គ្មាន​លទ្ធភាព៖ «បងប្អូន​អ្នកមាន​លទ្ធភាព​មួយ​ចំនួន​ធំ ដែល​ចេះតែ​ផ្ដល់​វិភាគទាន​ចិត្ត​ជ្រះថ្លា​ពី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​នេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ការ​គាំទ្រ​នយោបាយ​សប្បុរសធម៌​ក៏ដូចជា​សង្គ្រោះ​អាយុជីវិត​ប្រជាជន​របស់​រាជរដ្ឋាភិបាល អ៊ីចឹង​ទេ​បាន​បងប្អូន​អ្នក​ដែល​មាន​លទ្ធភាព​តាំងពី​លុយ​ច្រើន​ដល់​លុយ​តិច​បាទ»។

នេះ​គឺជា​ការ​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៤​ហើយ បន្ទាប់ពី​មាន​ការ​រៃអង្គាស ថវិកា​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ខែ​តុលា និង​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​កូ​វីដ កាលពី​ឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។