ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានជាង ៥% (៥,៣%) ក្នុងឆ្នាំ២០២២នេះ ហើយនឹងអាចកើនដល់ជាង ៦% (៦,៥%) នៅឆ្នាំ២០២៣ ខាងមុខ។
របាយការណ៍របស់ ADB ចេញផ្សាយនៅថ្ងៃទី៦ មេសា បានលើកពីមូលហេតុ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងឡើងវិញនេះ ដោយសារតែការនាំទំនិញចេញរបស់កម្ពុជាមិនធ្លាក់ចុះ និងលំហូរអ្នកវិនិយោគផ្ទាល់ពីបរទេស។ ADB រំពឹងថា ផលិតផលឧស្សាហកម្មរបស់កម្ពុជានឹងកើនឡើងជាង ៨% ក្នុងឆ្នាំ២០២២។ រីឯ វិស័យសំលៀកបំពាក់ ទំនិញសម្រាប់ធ្វើដំណើរ និងស្បែកជើងវិញ ក៏មានការនាំចេញច្រើនដែរ ដោយសារតែមានតម្រូវការខ្លាំងពីបរទេស។
ការព្យាករអំពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ហាក់ប្រសើរជាងការព្យាករណ៍របស់ធនាគារពិភពលោក (World bank) ដែលព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចកើនបានជាង ៤% (៤,៥%) ក្នុងសេណារីយោប្រសើរ រីឯក្នុងសេណារីយោអាក្រក់វិញ ធនាគារពិភពលោកព្យាករថា កម្ពុជាអាចសម្រេចកំណើនសេដ្ឋកិច្ចនេះត្រឹមជាង ៣% (៣,៨%) ទេ។
ទោះបីជា ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងបែបនេះក្ដី ក៏កម្ពុជានៅតែមានបញ្ហាប្រឈមដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី ស្នើឱ្យរដ្ឋាភិបាល គួរតែពង្រីកមូលដ្ឋានសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព។ ធនាគារនេះថា កម្ពុជាមិនគួរផ្ដោតតែលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នោះទេ ក្នុងពេលប្រទេសនេះផ្ដោតលើវិស័យកាត់ដេរ និងនាំចេញសំលៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងច្រើននោះ។ ADB ផ្តល់អនុសាសន៍ថា គឺកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការពង្រីកមូលដ្ឋានសេដ្ឋកិច្ចលើវិស័យឧស្សាហកម្មធុនស្រាល ដូចជា កង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និងផលិតផលខ្សែភ្លើងជាដើម។ ADB ចង់ឃើញសេដ្ឋកិច្ចកម្ពុជាធន់នឹងវិបត្តិនានា នៃតម្រូវការក្រៅស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។