សាច់ញាតិ ពលរដ្ឋនៅស្រុកភ្នំព្រឹកដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទាមទារឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារវិញ ។ ពួកគេចាត់ទុកការចាប់ខ្លួនពលរដ្ឋ៤នាក់ កាលពីថ្ងៃទី១០ កក្កដា ថា ជារឿងអយុត្តិធម៌ និងជាការធ្វើបាបកសិករក្រីក្រ ឱ្យមានជីវភាពកាន់តែលំបាកវេទនា ។ សង្គមស៊ីវិលយល់ឃើញថា ការចាប់ខ្លួនពលរដ្ឋនេះ គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងធ្វើឱ្យពលរដ្ឋកាន់តែជួបការលំបាកជីវភាពក្នុងដំណើរការប្រមូលផល ។
សាច់ញាតិ និងគ្រួសារពលរដ្ឋ ដែលសមត្ថកិច្ចស្រុកភ្នំព្រឹក ចាប់ខ្លួន៤នាក់នៅស្រុកភ្នំព្រឹក ទាមទារឱ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធដោះលែងសមាជិកគ្រួសាររបស់ពួកគាត់មកវិញ ។ មនុស្ស៤នាក់ដែលត្រូវចាប់ខ្លួនរួមមាន លោក សែម ឌីយ៉ា អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ លោក ហ៊ឹម ចាន់គ្រឹះស្នា លោក កែវ វាសនា និង ប្រពន្ធលោក កែវ វាសនា លោកស្រី វ៉ាន់ ឌី ដែលបានអ្នកយកបាយទឹកចែកដល់ប្រជាពលរដ្ឋតវ៉ា និង២នាក់ទៀត ត្រូវឃាត់ខ្លួន នៅរសៀលថ្ងៃទី១០ កក្កដា ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រពន្ធអ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍លោក សែម ឌីយ៉ា គឺ លោកស្រី ស រីយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ កក្កដា ថា ការចាប់ខ្លួននេះជារឿងអយុត្តិធម៌មកលើប្ដីនិងពលរដ្ឋទាំងនោះ ព្រោះពួកគេមិនបានប្រព្រឹត្តខុសច្បាប់នោះទេ ។ លោកស្រីបន្តថា ប្តីលោកស្រីត្រូវបានចាប់ និងបញ្ជូនទៅស្នងការខេត្តបាត់ដំបងកាលពីថ្ងៃ១០ កក្កដា។ លោកស្រី ស រីយ៉ា អះអាង ថា សមត្ថកិច្ចហៅប្តីគាត់ទៅផ្តល់ចម្លើយ ទាក់ទងនិងការបង្ហោះឃ្លីបវីដេអូសកម្មភាពរបស់ពលរដ្ឋតវ៉ាទាមទារឱ្យផាកពិន័យនៅកន្លែងនៅពេលចាប់ឡានថៃ បាននៅកន្លែងត្រួតពិនិត្យលើសទំងន់ ព្រោះខ្លាចថៃបិទច្រកព្រំដែន មិនមកទិញកសិផលខ្មែរទៀត និងស្នើឱ្យក្រុមជញ្ជីងចល័ត ទុកពេលឱ្យពលរដ្ឋប្រមូលផលសិន៖ «បើក្នុងការឡាយហ្នឹងគាត់ថា បងប្អូនប្រជាពលរដ្ឋ បើបងប្អូនចង់សំណូមពរអី ឱ្យបងសមត្ថកិច្ចបងសំណូមពរទៅ ហើយបើប្រជាពលរដ្ឋមួយចំនួន គាត់ជះកំហឹងមក ក៏គាត់ជួយឃាត់ដែរ ។ គាត់ថា បងអត់អាចនិយាយអ៊ីចឹងបានទេ យើងលើក យើងសុំទៅ បងកុំជះកំហឹងអ៊ីចឹង អត់ល្អទេ អាហ្នឹងគេហៅយើងប្រើអំពើហិង្សា មានតែឃាត់គេអ៊ីចឹងទៀត ចា៎ហើយក៏គាត់ឡាយធម្មតាទៅ ឡាយថា បងប្អូនមកសុំអន្តរាគមន៍អីចឹង ថាកុំឱ្យយកឡានទៅខេត្តអីចឹងហ្នឹងណា ចា៎គាត់និយាយអ៊ីចឹងមែនបង ។ សារព័ត៌មានយើងកន្លែងណាមានហេតុការណ៍អី យើងទៅឡាយហើយ»។
ចំណែកម្ចាស់សៃឡូជាឪពុករបស់លោក ហ៊ឹម ចាន់គ្រឹះស្នា លោកថ្លែងថា កូនប្រុសនៅក្មេងហើយមិនដឹងច្បាស់លាស់អ្វីឡើយ ព្រោះគាត់ឃើញរថយន្តថៃបើកយកមកទុកចោលនៅសៃឡូរបស់លោករួចរត់បាត់ ។ លោកបញ្ជាក់ថា រថយន្តដឹកពោតថៃ ដែលត្រូវបានសមត្ថកិច្ច និងក្រុមការងារជញ្ជីងចាប់មិនមានពាក់ព័ន្ធជាមួយលោកឡើយ ។ លោកបន្តថា ពេលនេះលោកជារងគ្រោះទាំងសងខាងដោយលោកជាម្ចាស់សៃឡូ តែខាងប្រជាជនចោទថា កាន់ជើងសមត្ថកិច្ច ហើយខាងសមត្ថកិច្ចថា លោកមិនជួយអន្តរាគមន៍ពលរដ្ឋតវ៉ា ។ លោកថា ការចាប់ខ្លួនកូនលោកជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ ព្រោះលោកថា កូនរបស់លោកមិនបានប្រព្រឹត្តខុសច្បាប់នោះទេ៖ «សុំឱ្យដោះលែងកូនខ្ញុំទៅ ព្រោះកូនខ្ញុំវានៅអាយុតិចណាស់ ហើយវាក៏ខ្វះការចេះដឹងគ្នាក្មេង គ្នាឡាយទៅតាមភាសាក្មេង ហើយណាមួយសៃឡូខ្ញុំ ព្រមទាំងកូនជាជនរងគ្រោះ ព្រោះអីវ៉ាន់ពោត និងឡានពោត ដែលចាប់ហ្នឹងមិនមែនជារបស់ពួកខ្ញុំទេ ហើយកងកម្លាំងគាត់ក៏មានឆ្គូកមួយ មួយដែរ ដើម្បីយកទៅខេត្ត តើហេតុអ្វីកងកម្លាំងហ្នឹង បណ្តោយឱ្យឡានបើកចូលសៃឡូខ្ញុំ ហើយបែរជាចោទខ្ញុំស៊ុមគ្រលុំ ( ឃុបឃិត ) និងសមគំនិត» ។
លោកសំណូមពរដល់សមត្ថកិច្ច ដោះលែងកូនប្រុសរបស់លោក និងបន្ធូរការដាក់ជញ្ជីងចល័ត ដើម្បីឱ្យកសិករប្រមូលផលហើយសិន ដើម្បីបានតម្លៃខ្ពស់អាចទប់ទល់ និងដោះស្រាយបំណុលធនាគារ ។
ពាក់ព័ន្ធករណីនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការរងខេត្តបាត់ដំបងទទួលផែនការងារព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា និងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿន គឹមសុង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១១កក្កដា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ប៉ុន្តែនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោក កោ ស៊ុនកាំងបានបញ្ជាក់ជាមួយមន្ត្រីរបស់លោក ថា ការចាប់នេះធ្វើតាមការបញ្ជាផ្ទាល់របស់លោកព្រះរាជអាជ្ញា៖ «ខ្ញុំនៅព្រហ្មទណ្ឌកម្រិតធ្ងន់ហ្នឹង ចាំមើលសួរកូនចៅសិន ! អាឡូ ធី គេចាប់ពីភ្នំព្រឹកមកប៉ុន្មាននាក់ ពីភ្នំព្រឹកមក គេអត់យកមកដាក់កន្លែងយើងទេ គេដាក់នៅណា ? គេដាក់នៅព្រហ្មទណ្ឌកម្រិតស្រាល បាទ គេអត់យកដាក់ទ្រុងផងហ្នឹង គេឱ្យនៅខាងក្រៅ ។ អ៊ីចឹងហើយគេចាប់តាមអី ? តាមលឺសូរថាដូចជាព្រះរាជអាជ្ញាអ្នកចាប់រឿងហ្នឹង តាមព្រះរាជអាជ្ញា តាមដីកាបញ្ជាផ្ទាល់មែន បាទព្រះរាជអាជ្ញាបញ្ជាផ្ទាល់»។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនពួកគេទៅសាកសួរនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីឆ្លើយបំភ្លឺ និងកសាងសំណុំរឿងពាក់ព័ន្ធករណីចោទប្រកាន់ថា បង្ហោះសារ កៀរប្រជាពលរដ្ឋមកតវ៉ានៅស្រុកភ្នំព្រឹក ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបង និងប៉ៃលិន លោក អ៊ិន គង់ជិត យល់ឃើញថា ការចាប់ខ្លួន នេះ គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិពលរដ្ឋ ហើយពួកគាត់ សម្ដែងមតិនេះ ដើម្បីបញ្ជូនសារទៅឱ្យដល់រដ្ឋាភិបាលបានលឺ និងជួយដោះស្រាយពួកគាត់ ។ លោកបន្តថា ពលរដ្ឋមានការព្រួយបារម្ភតម្លៃកសិផលពោតធ្លាក់ចុះដោយសារជញ្ជីងចុះត្រួតពិនិត្យ ទើបពលរដ្ឋនាំគ្នាតវ៉ា ព្រោះថា កន្លងមកនៅពេលពលរដ្ឋមានបញ្ហាតែងបង្ហោះសារ និងមានការគិតគូរពីថ្នាក់លើក្នុងការជួយសម្រួល និងដោះស្រាយជូនពួកគាត់។ លោកថា ពលរដ្ឋកំពុងខ្វាយខ្វល់រឿងកសិផលធ្លាក់ចុះមិនទាន់ចប់ ឥឡូវត្រូវទទួលរងនូវបញ្ហាចាប់ខ្លួនទៀត ជាភាពរងគ្រោះរបស់ ពួកគាត់កាន់តែជួបបញ្ហាជីវភាពធ្ងន់ធ្ងរ៖ «គោលបំណងរបស់ពួកគាត់ គឺចង់បញ្ជូនព័ត៌មានទៅថ្នាក់លើ ដើម្បីឱ្យដឹង និងចូលរួមដោះស្រាយអំពីក្តីកង្វល់របស់ពួកគាត់ ។ គាត់មិនមានបំណងញុះញង់ ប្រព្រឹត្តបទឧក្រិដ្ឋណាមួយទេ ចង់សម្ដែងមតិហ្នឹង ដើម្បីបញ្ជូនព័ត៌មានទៅរាជរដ្ឋាភិបាលឱ្យបានដឹងអំពីកង្វល់ និងបញ្ហាពួកគាត់ ហើយឱ្យមានការដោះស្រាយដល់ពួកគាត់ ឱ្យមានការជួយដល់ពួកគាត់ ព្រោះបើមិនបានទិញផលិតផលពួកគាត់ទេ គួរតែសម្រួលឱ្យពួកគាត់បានលក់ផលិតផលហ្នឹង ដោយតម្លៃសមរម្យ»។
កន្លងមកអាជ្ញាធរ និងក្រុមជញ្ជីងចល័តនៅស្រុកព្រឹក ខេត្តបាត់ដំបង ហាមឃាត់ឡានដឹកពោតទៅប្រទេសថៃ ហើយពលរដ្ឋគិតថាជាការធ្វើឱ្យតម្លៃពោតចុះថោក និងគ្មានអ្នកទិញ បើនៅបន្តដាក់បែបនេះ ហើយកសិករប្រមូលផ្តុំគ្នាតវ៉ា កាលពីយប់ថ្ងៃទី៩កក្កដា និងព្រឹកថ្ងៃ១០ កក្កដា មិនឱ្យសមត្ថកិច្ច និងក្រុមជញ្ជីងនាំយកឡានថៃទៅដោះស្រាយ នៅខេត្ត ដោយព្រមឱ្យផាកពិន័យនៅកន្លែង ដើម្បីងាយស្រួល និងបារម្ភខ្លាចខាងថៃ បិទព្រំដែន គ្មានអ្នកទិញកសិផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។