កម្ពុជា​ស្នើ​ឲ្យ​ចិន​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កៅស៊ូ សម្រាប់​នាំ​ចេញ​ទៅ​ចិន

កម្ពុជា​ស្នើ​ឲ្យ​វិនិយោគិន​ចិន មក​វិនិយោគ​បន្ថែម​ទៀត លើ​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កៅស៊ូ សម្រាប់​ការ​នាំ​ចេញទៅ​ប្រទេស​ចិន និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ការ​ស្នើសុំ​របស់​សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក និង​លោក វ៉ាង យី (Wang Yi) ទីប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា។

គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហោ ណាំហុង ឲ្យ​ដឹង​ថា ការ​ជំរុញ​របស់​កម្ពុជា​ដើម្បី​ឲ្យ​មាន​អ្នក​វិនិយោគិន​បន្ថែម​ទៀត លើ​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កៅស៊ូ​នេះ ស្រប​ពេល​ដែល​ចិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ ផ្លែ​មៀន និង​ត្រី​ប្រា នា​ពេល​ឆាប់ៗ​ ខាងមុខ ក្រោយ​ពី​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២២ លើ​ពិធីសារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន។

បន្ថែម​ពី​នេះ លោក ហោ ណាំហុង ក៏បាន​ស្នើសុំ​ភាគី​ចិន ជួយ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កៅស៊ូ​ធម្មជាតិ តាមរយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការពិនិត្យ​លទ្ធភាព​នាំចេញ​កៅស៊ូ​ពី​កម្ពុជា ទៅ​ប្រទេស​ចិន ព្រមទាំង​ស្នើ​ឱ្យ​ភាគី​ចិន ពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច ផ្លែ​ទុរេន និង​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ឲ្យ​បាន​កូតា ​៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជិត ១៥​ម៉ឺន​តោន (១៤៩,៤៤៧) ទៅ​កាន់​ប្រទេស​ចិន ក្នុង​អំឡុង​ពេល ៥​ខែ​ដំបូង នៅ​ឆ្នាំ​២០២២ ដែល​ចំនួន​នេះ គឺ​កើន​ឡើង​ជាង ២៣,៦% បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។