កម្ពុជាស្នើឲ្យវិនិយោគិនចិន មកវិនិយោគបន្ថែមទៀត លើវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងកៅស៊ូ សម្រាប់ការនាំចេញទៅប្រទេសចិន និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការស្នើសុំរបស់សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើឡើងក្នុងឱកាសដែលលោក និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបើកកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកក្កដា។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហោ ណាំហុង ឲ្យដឹងថា ការជំរុញរបស់កម្ពុជាដើម្បីឲ្យមានអ្នកវិនិយោគិនបន្ថែមទៀត លើវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងកៅស៊ូនេះ ស្របពេលដែលចិនបានអនុញ្ញាតឲ្យកម្ពុជានាំចេញ ផ្លែមៀន និងត្រីប្រា នាពេលឆាប់ៗ ខាងមុខ ក្រោយពីប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន។
បន្ថែមពីនេះ លោក ហោ ណាំហុង ក៏បានស្នើសុំភាគីចិន ជួយពន្លឿនកិច្ចសហប្រតិបត្តិការផ្នែកកៅស៊ូធម្មជាតិ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការពិនិត្យលទ្ធភាពនាំចេញកៅស៊ូពីកម្ពុជា ទៅប្រទេសចិន ព្រមទាំងស្នើឱ្យភាគីចិន ពិនិត្យលទ្ធភាពនាំចូលម្រេច ផ្លែទុរេន និងបង្កើនការនាំចូលអង្ករពីកម្ពុជា ឲ្យបានកូតា ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ។
សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួនជិត ១៥ម៉ឺនតោន (១៤៩,៤៤៧) ទៅកាន់ប្រទេសចិន ក្នុងអំឡុងពេល ៥ខែដំបូង នៅឆ្នាំ២០២២ ដែលចំនួននេះ គឺកើនឡើងជាង ២៣,៦% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។