កម្ពុជា​នាំចេញ​ទំនិញ​ទៅ​អាមេរិក​មានតម្លៃ​ជាង ៨ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១​ខែ

កម្ពុជា​នាំចេញ​ផលិតផល​ទំនិញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​សរុប ចំនួន ២០​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ គឺ​កើនឡើង ១៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១​។ ក្នុង​នោះ​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​បំផុត​របស់​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ (៨.២១៧) ឬ​ស្មើនឹង​ ៤០% នៃ​តម្លៃ​នាំចេញ​សរុប។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹង​ថា សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ទិញ​ផលិតផល​របស់​កម្ពុជា​ច្រើន​ជាងគេ​។ អត្រា​នាំ​ទំនិញ​ចេញទៅ​សហរដ្ឋអាមេរិក​រយៈពេល​ ១១​ខែ ក្នុង​ឆ្នាំ​២០២២​ នេះ គឺ​កើនឡើង​ប្រមាណ​ ២៣% បើ​ធៀប​ទៅ​នឹង​អំឡុង​ដូចគ្នា កាលពី​ឆ្នាំ​២០២១។

ចំណែក​ទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​វិញ គឺ​មាន​តម្លៃ​សរុប ជិត ៣​រយលាន​ដុល្លារ (២៩២,៧) ធ្លាក់ចុះ ជិត ៥% (៤,៨) រយៈពេល ១១ខែ​នៅ​ឆ្នាំ​២០២២​ នេះ បើ​ធៀប​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ ទំនិញ​ដែល​កម្ពុជា​នាំចេញ ទៅ​សហរដ្ឋអាមេរិក​រួមមាន សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈ​ដែល​ការ​នាំ​ចូល​សំខាន់ មាន​ដូចជា យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។​

របាយការណ៍​ដដែល​បន្ត​ថា បន្ទាប់ពី​សហរដ្ឋអាមេរិក ទីផ្សារ​វៀតណាម​ជាប់​លំដាប់ថ្នាក់​លេខ​២ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​។ ចំណែក​ប្រទេស​ចិន​វិញ ជាប់​ចំណាត់ថ្នាក់​ទី​៣ មាន​ទឹកប្រាក់​ជាង​ ១​ពាន់​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។