កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីនេះ មានរយៈពេល ១៤ឆ្នាំ គឺចាប់ពីឆ្នាំពី២០២១ រហូតដល់ឆ្នាំ២០៣៥។ ផែនការមេនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រស្ដារ និងពង្រីកមូលដ្ឋានវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញ ក្រោយពីវិស័យនេះបានដាំក្បាលចុះដោយសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
ក្នុងលិខិតសុន្ទរកថាចុះថ្ងៃទី១១ មេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ផ្ដោតលើអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ ខេត្តមណ្ឌលគិរី ក៏មានសក្ដានុពលធំធេងក្នុងវិស័យកសិកម្ម ជាពិសេស ការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំកសិឧស្សាហកម្មនានា ដូចជា កាហ្វេ ជាដើម។ កម្ពុជាសង្ឃឹមថា ផែនការមេនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ក្រៅពីផែនការមេអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរីនេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តសៀមរាប និងត្រៀមអនុវត្តផែនការមេដែលមានរយៈពេលដូចគ្នាសម្រាប់ខេត្តកែបនាពេលខាងមុខនេះដែរ។ ដើម្បីស្ដារ និងធានានូវការងើបឡើងវិញនៃវិស័យទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមីនា កម្ពុជាបានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។