កម្ពុជា​ត្រូវ​ការ​ពង្រឹង​គោល​នយោបាយ​សំខាន់ៗ​៣​ចំណុច​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩

រដ្ឋាភិបាល​ត្រូវ​ការ​ពង្រឹង​គោលនយោបាយ​សំខាន់ៗ ៣​ចំណុច ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

វិទ្យាស្ថាន យូហ្សូស អ៊ីហាស (Yusof Ishak Institute (ISEAS) ដែល​មាន​ឈ្មោះ​ដើម ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃទី២០ ខែ​មេសា បាន​ចេញ​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​ដោយ​រកឃើញ​ថា ២​ឆ្នាំក្រោយ​កម្ពុជា រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វីដ​១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​បាន​ច្រើន​មក​ក្តី ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឈម​ហា​នី​ភ័យ​ធំៗ​បី ដែល​ត្រូវការ​ដោះស្រាយ​ចាំបាច់ ដើម្បី​គាំទ្រ​ការ​ងើប​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​។​

អត្ថបទ​ដដែល​គូសបញ្ជាក់​ថា គោលនយោបាយ​៣​ចំណុច​សំខាន់ៗ​នោះ រួមមាន​ទី​១ ត្រូវ​រក្សា​សុវត្ថិភាព​សុខភាព និង​ពង្រឹង​ប្រព័ន្ធ​ថែរក្សា​សុខភាព ដើម្បី​អាច​ដោះស្រាយ​ជាបន្ទាន់ ក្នុងការ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ពលរដ្ឋ ក្នុង​លក្ខខណ្ឌ​ដែល​មានការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩។ ប្រព័ន្ធ​សេវា​សុខភាព​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប​ជាងគេ នៅក្នុង​តំបន់​អាស៊ី។

ចំណុច​ទី​២ រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ធនធាន​ថ្មី​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត ខណៈ​ដែល​ការ​រីក​ដុះដាល​ផ្នែក​សំណង់​និង​វិស័យ​អចលនទ្រព្យ នឹង​ត្រូវ​បិទ​បញ្ចប់​។ អាស្រ័យ​ហេតុ​នេះ ដើម្បី​ពង្រឹង​កំណើនសេដ្ឋកិច្ច កម្ពុជា​ត្រូវ​ពង្រីក​វិនិយោគទុន​បរទេស ផ្នែក​វិស័យ​កសិកម្ម ផលិតកម្ម និង​ឧស្សាហកម្ម​កាត់ដេរ​។ បន្ថែម​ពី​នេះ វិស័យ​ទេសចរណ៍ ក៏​អាច​ជា​ចំណែក​មួយ ជួយ​បង្កើន​សេដ្ឋកិច្ច​ផង​ដែរ ប៉ុន្តែ​លុះត្រាតែ​កម្ពុជា ត្រូវ​យកចិត្តទុកដាក់​រៀបចំ​កម្មវិធី​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ។

ចំណែក​បញ្ហា​ប្រឈម​ចុងក្រោយ គឺ​ទាក់ទង​នឹង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ វិធានការ​នេះ​សំខាន់​ណាស់ ក្នុង​ដោះស្រាយ​ជាបន្ទាន់ ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ ប្រសិនបើ​បញ្ហា​ទាំងនេះ ពុំ​អាច​ដោះស្រាយ​បានទេ នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ កាន់តែ​ច្រើនឡើងៗ​។ បញ្ហា​ទាំង​នេះ​ហើយ នឹង​នាំ​ឲ្យ​ដួល​រំលំ​ផ្នែក​ហិរញ្ញវត្ថុ ដូចនេះ រដ្ឋាភិបាល ត្រូវ​បង្កើន​បទប្បញ្ញត្តិ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ សំរាប់​និរន្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ​សំរាប់​រយៈពេល​វែង។

ទាក់ទង​នឹង​ការ​លើកឡើង​ទាំង​៣​ចំណុច ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​នេះ វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី​២២ ខែ​មេសា។

​ទោះជា​យ៉ាងណា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​អាច​កើនឡើង​ដល់ ៥,២ % សំរាប់​ឆ្នាំ​២០២២​នេះ បន្ទាប់ពី​កំណើនសេដ្ឋកិច្ច​កាលពី​ឆ្នាំ​២០២០ បាន​ត្រឹម ៣,១% និង​មាន​ប្រមាណ​តែ ២,១% ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០២១ ដែល​នេះ​បង្ហាញថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​មាន​ភាព​ផុយស្រួយ​នៅឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​ហា​នី​ភ័យ​ទាំង​៣​ចំណុច​នេះ។

ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩​នេះ​ដែរ ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​នេះ ចំនួន ២៦​នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែ​ជា​មេរោគ​ប្រភេទ​អូមីក្រុង (Omicron) និង​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។ ក៏ប៉ុន្តែ មិន​មាន​ករណី​ស្លាប់​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ជាង ១​សែន ៣​ម៉ឺន​៦​ពាន់​នាក់ (១៣៦.១៧២) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ប្រមាណ ១ សែន ៣​ម៉ឺន​២​ពាន់​នាក់ (១៣២.៨៨០) និង​អ្នក​ស្លាប់​មាន​ចំនួន ៣​ពាន់ ៥៦​នាក់ (៣.០៥៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។