កម្ពុជាផលិតបានដុំមាសប្រមាណជិត ៥តោន (៤,៨២តោន) ដែលមានកំហាប់មាសសុទ្ធ ៩០% ចាប់តាំងពីអាជីវកម្មរុករករ៉ែមាសបានចាប់ផ្ដើមកាលពីខែមិថុនា ឆ្នាំ២០២១។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្មីៗ នេះ បានប្រកាសជាសាធារណៈថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួនជិត ៥តោនហើយ (៤.៨២៥) នៅលើទីតាំងចំនួន៤ ដោយក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស ក្នុងខេត្ដ៣ រួមមាន ខេត្តព្រះវិហារ ក្រចេះ និងខេត្តមណ្ឌលគិរី។
លោកបន្តថា ក្រុមហ៊ុន រឺណេសសង់ ម៉ាយណឺរ៉ល (Renaissance Minerals) ចម្រាញ់បានមាសច្រើនជាងគេ គឺប្រមាណជិត ៤តោន ៦រយគីឡូក្រាម (៤.៥៩៨) ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មទាំងអស់ចំនួន៤ ដែលកំពុងរុករករ៉ែមាស។ កម្ពុជាបានចាប់ផ្ដើមរុករកមាសជាលើកដំបូង នៅការដ្ឋានជីកយករ៉ែមាស ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីខែមិថុនាឆ្នាំ២០២១។ ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ការដ្ឋានរុករករ៉ែ ដែលបានចុះបញ្ជីនៅប្រទេសអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា រដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងអាចរកប្រាក់ចំណូលបានពីពន្ធអាករ ក្នុងមួយឆ្នាំៗ ប្រមាណ ៤០លានដុល្លារអាមេរិក ពីគម្រោងរុករករ៉ែមាសទាំងនោះ។
ក៏ប៉ុន្តែទាំងមន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ស្នើសុំឱ្យរដ្ឋាភិបាលគ្រប់គ្រងប្រាក់ចំណូលពីរ៉ែមាស ឱ្យមានតម្លាភាព សុចរិតភាព និង គណនេយ្យ ដោយចៀសវាងអំពើពុករលួយ ព្រមទាំងបញ្ចៀសផលប៉ះពាល់នានា ដល់បរិស្ថាន និងសង្គម។ បន្ថែមពីនេះ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរតែ ប្រើកញ្ចប់ថវិកាជាតិមួយផ្នែក ដែលបានមកពីចំណូលរ៉ែមាស ដើម្បីអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន រួមមាន កសាងផ្លូវ សាលារៀន មន្ទីរពេទ្យ បណ្ដាញអគ្គិសនី និងអណ្ដូងទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។