ពលករខ្មែរ ដែលស៊ីឈ្នួលបេះផ្លែមៀនតាមចម្ការនៅជាយដែនប្រទេសថៃត្អូញត្អែរថា រកប្រាក់ចំណូលមិនសូវបាន ព្រោះរោងចក្រកែច្នៃផលិតផលមៀនមិនចូលមកកុម្ម៉ង់ទិញច្រើនដូចឆ្នាំមុនៗ។ ពួកគាត់ថាប្រាក់កម្រៃដែលពួកគាត់ បានតិចតួចនោះ ស្ទើរតែមិនអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយសារត្រូវចំណាយបង់ប្រាក់ឲ្យប៉ូលិសតាមព្រំដែន សម្រាប់ថ្លៃធ្វើឯកសារឆ្លងដែនអស់ច្រើន។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរប្រទេសទាំងពីរគួរយោគយល់ដល់ពលករខ្មែរ ដោយសម្រួលការធ្វើឯកសារឲ្យមានតម្លៃសមរម្យឡើងវិញ។
ប្រជាពលករខ្មែរ ដែលកំពុងស៊ីឈ្នួលដើរបេះផ្លែមៀននៅតាមចម្ការបណ្ដោយព្រំដែនថៃ កំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច ដោយសារមិនសូវមានផ្លែមៀនបេះ និងគ្មានឈ្មួញទិញយកទៅកែច្នៃច្រើនដូចពីប៉ុន្មានឆ្នាំមុន។ ពួកគាត់ អះអាងថា រកប្រាក់មិនគ្រប់ចំណាយប្រចាំថ្ងៃ ព្រោះទំនិញឡើងថ្លៃគ្រប់មុខ និងត្រូវបង់មួយផ្នែកធំលើប័ណ្ណឆ្លងដែន (Border Pass) និងប៉ូលិសនៅតាមព្រំដែនទៀត ទើបអាចចេញចូលធ្វើការស៊ីឈ្នួលនៅទឹកដីថៃបាន។
ពលការិនីខ្មែរម្នាក់ ដែលជាអ្នកស៊ីឈ្នួលបេះផ្លែមៀន នៅខេត្តចន្ទបុរី (Chanthaburi) មានកូនពីរនាក់ក្នុងបន្ទុក មកពីខេត្តពោធិ៍សាត់ លោកស្រី ធឿន ស្រី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែវិច្ឆិកាថា លោកស្រី និងប្ដី ទៅស្នាក់នៅធ្វើការនៅប្រទេសថៃ ដោយសារគ្មានការងារធ្វើនៅក្នុងស្រុក តែសព្វថ្ងៃការងារដើរបេះផ្លែមៀនក៏មិនសូវមានច្រើនដូចមុនទេ។ លោកស្រីអាចរកបានតែ ១៥០ ទៅ ២០០បាត ស្មើនឹង ៤ ឬ ៥ដុល្លារក្នុងមួយថ្ងៃ។ លោកស្រីបន្តថា ពេលឆ្លងដែនត្រូវបង់ថ្លៃប៉ូលិសខ្មែរនិងថៃ ៥០០បាត ទៅ ១.៥០០បាត ស្មើនឹង ១២ដុល្លារ ទៅ ៣៦ដុល្លារ។ លោកស្រីស្នើប៉ូលិសតាមព្រំដែនកុំយកលុយពីពលករច្រើនពេក ព្រោះពួកគាត់សុទ្ធតែជាកម្មករស៊ីឈ្នួលថៃ។
លោកស្រី ធឿន ស្រី៖ « ហើយតែដល់ពេលយើងធ្វើប័ត្រអស់លុយហើយ ពេលយើងឈឺថ្កាត់ធ្ងន់វា ( ប៉ូលិស ) អត់ឲ្យយើងចេញ តែដល់ពេលយើងចេញយើងឲ្យលុយ ៥០០បាត យើងចូលពីខ្មែរមកម្នាក់ ១ . ៥០០បាតទៀតបង ហើយយើងទៅរកអី។ យើងរដូវខែបេះមៀន ក៏យើងប្រជាពលរដ្ឋវាមិនសូវបេះបានអ៊ីចឹងណាបង បានម្ង៉ៃពីរបីតៈកា ( កញ្ឆេរ ) ម្ង៉ៃពីរបីតៈកា ( កញ្ឆេរ ) ហើយយើងវាមិនគ្រប់ បើយើងគិតទាំងហូបវាមិនគ្រប់ទាំងហូបផងបង » ។
ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ដែលបេះផ្លែមៀននៅខេត្តចន្ទបុរី (Chanthaburi) មានស្រុកកំណើតនៅខេត្តតាកែវ លោក ឆែម កែម ប្រាប់ថា លោកអាចរកកម្រៃបានត្រឹម ៣០០បាត ទៅ ៤០០បាត ស្មើនឹង ៨ដុល្លារ ទៅ ១០ដុល្លារ ក្នុងមួយថ្ងៃ។ លោកថា នៅក្នុងតំបន់ចម្ការដែលលោកបេះមៀននេះ មានពលករខ្មែរបួនរយ ទៅប្រាំរយនាក់ ហើយពួកគាត់រកប្រាក់ចំណូលមិនសូវបានដូចគ្នា។
លោក ឆែម កែម៖ « គេហៅថាបានមិនសមប្រកបនោះទេបង បានដូចថាវាបានតិចៗទេឆ្នាំនេះ គ្រប់យ៉ាងវាបែងចែកទៅលើខាងថៃឯណោះ ដូចខាងឯកសារយើងនៅប្រទេសគេហ្នឹងបង។ ដល់ពេលអ៊ីចឹង យើងរកបានដែរ យើងរកបានមួយហូបៗ ណាបង រកមិនសូវបានដូចឆ្នាំនេះណា មកពីគេវាផ្ទុះអាកូវីដហ្នឹង ម្ល៉ោះហើយខាងរោងង៉ាន ( រោងចក្រ ) ខាងថៃ គាត់មិនសូវទិញបាននៅសួនណា ដូចថាគាត់ទិញសួនហ្នឹងបានតិចអ៊ីចឹង ធ្វើឲ្យខាងកម្មករខ្មែរយើងអ៊ីចឹង ដូចថា យើងមកបេះអ៊ីចឹង ដូចថា វាមានការបេះឈប់ៗ អ៊ីចឹងណាបង » ។
កម្មករខ្មែរច្រើនតែឆ្លងដែនចូលមកស៊ីឈ្នួលបេះផ្លែមៀនតាមចម្ការនៅព្រំដែនថៃ ក្នុងរវាងខែកញ្ញា ទៅដល់ខែធ្នូ ហើយកម្មករខ្លះដែលមានផ្ទះជាប់ព្រំដែនខ្មែរ ថៃ ពួកគាត់ចូលមកបេះផ្លែមៀនពេលព្រឹក លុះល្ងាចក៏នាំគ្នាត្រឡប់ទៅខ្មែរវិញ។ ប៉ុន្តែកម្មករខ្លះក៏សម្រាកនៅផ្ទះតាមចម្ការរបស់ថៅកែថៃ ឬក៏បោះតង់ដេកតាមចម្ការតែម្ដង ដោយពួកគាត់នៅជាក្រុមពី ៣០ ទៅ ៤០នាក់។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក លឹង សុផុន លើកឡើងថា សព្វថ្ងៃពលករខ្មែរនៅថៃជួបផលលំបាកស្ទើរគ្រប់តំបន់មិនថាអ្នកធ្វើការរោងចក្រ សំណង់ ឬក៏តាមចម្ការនោះទេ ពួកគាត់ត្រូវប្រឈមនឹងទំនិញឡើងថ្លៃ ឯប្រាក់ឈ្នួលទាប មិនអាចទប់ទល់ជីវភាពបាន។ លោកបន្តថា ពលករខ្មែរត្រូវចំណាយច្រើនលើថ្លៃឯកសារទៀត ដូច្នេះពួកគាត់កាន់តែលំបាក។ លោកស្នើដល់រដ្ឋាភិបាលថៃ និងខ្មែរ បញ្ចុះតម្លៃធ្វើឯកសារសម្រាប់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ។
លោក លឹង សុផុន៖ លោក លឹង សុផុន៖ « រដ្ឋាភិបាលខ្មែរ ហើយនិងរដ្ឋាភិបាលថៃហ្នឹង គួរណាស់តែមានវិធានការណាមួយដើម្បីជំរុញឲ្យមានវិធានការ ដើម្បីជួយបងប្អូនពលករ ជាពិសេស លើកស្ទួយក្នុងសេដ្ឋកិច្ច ដែលកំពុងតែធ្លាក់ចុះអ៊ីចឹង គឺធ្វើយ៉ាងណា ដើម្បីឲ្យភាពងាយស្រួលដល់ពលករ ដូចជា សម្រួលដល់ការធ្វើដំណើររបស់គាត់ ឬក៏ថ្លៃឯកសាររបស់គាត់ហ្នឹង ឲ្យមានការថយ ( ថ្លៃ ) ចុះអ៊ីចឹងទៅណា » ។
ពលករខ្មែរ ដែលធ្វើការនៅថៃត្រូវចំណាយលើថ្លៃឯកសារពី ១ម៉ឺន ២ពាន់ (១២.០០០)បាត ទៅ ១ម៉ឺន ៥ពាន់ (១៥.០០០)បាត ស្មើនឹង ៣៤០ដុល្លារ ទៅ ៤៤០ដុល្លារ ដើម្បីទទួលបានប័ណ្ណការងារស្របច្បាប់មួយឆ្នាំ។
របាយការណ៍របស់ក្រសួងការងារកម្ពុជាឲ្យដឹងថា ពលករខ្មែរដែលធ្វើការស្របច្បាប់ក្នុងប្រទេសថៃមានប្រមាណមួយលានពីរសែន (១.២០០.០០០) នាក់។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) ឲ្យដឹងថា មានពលករខ្មែរ ដែលធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃជាងពីរលាន (២.០០០.០០០) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។