ពលរដ្ឋ និងសហជីពសាទរចំពោះការចេញអនុក្រឹត្យស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចង់ឃើញរដ្ឋាភិបាលអនុវត្តអនុក្រឹត្យនេះ ប្រកបដោយប្រសិទ្ធភាព ។ ការលើកឡើងនេះ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងដោយមិនគិតថ្លៃ និងពុំមានការបង្ខិតបង្ខំ។
ពលរដ្ឋ និងសហជីពលើកឡើងថា ពួកគាត់ទន្ទឹមរង់ចាំការអនុវត្តគោលនយោបាយអភិវឌ្ឍអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាយូរមកហើយ ។
អ្នករត់ម៉ូតូកង់បីម្នាក់ នៅក្រុងសៀមរាប លោក ឆាយ រ័ត្ន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកនៅពុំទាន់យល់ច្បាស់អំពីនីតិវិធី នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះនៅឡើយទេ ។ ទោះយ៉ាងណា លោកសាទរ ប្រសិនបើអនុក្រឹត្យ អាចធ្វើឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានផលប្រយោជន៍ និងការគាំពារពីក្រសួង ស្ថាប័ននានា ក្រោយពីចុះបញ្ជីរួច ។
លោក ឆាយ រ័ត្ន៖«បើបានដូចការអនុគ្រោះ ឬក៏ការមើលការខុសត្រូវពីក្រសួងពាក់ព័ន្ធ សម្រាប់ពួកខ្ញុំ មានមុខរបរមិនទៀងទាត់បែបនេះ គឺសាទរមែនទែន មានន័យថា ទទួលយកទាំងស្រុងកាលណាមានប្រយោជន៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានគោលដៅចំនួន២ គឺ កំណត់អត្តសញ្ញាណ និងទទួលស្គាល់ការប្រកបមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ លោកបន្តថា ការចុះឈ្មោះនេះ គឺពុំមានការបង្ខិតបង្ខំ និងមិនមានការបង់ប្រាក់ឡើយ។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែធ្នូ នៅរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត៖«បើសិនជាបងប្អូនមួយព្រឹកនេះ មិនចាំអ្វី គឺត្រូវចាំតែពីរចំណុចនេះ បានហើយ ប្រព័ន្ធឌីជីថលចុះឈ្មោះនេះ គឺជួយមិនមែនធ្វើបាប ឬដាក់បន្ទុកបន្ថែម ទី២ គឺស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំ ។ បានលទ្ធផលអ្វី បានប្រយោជន៍អ្វី គឺអាចសិក្សាលម្អិតបន្ថែមទៀត ពីស្ថាប័ន និងកិច្ចការបន្ថែម ព្រោះការបណ្ដុះបណ្ដាលគោលនយោបាយ គឺយើងចេញជាប់ជាប្រចាំ»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រមាណ ៦ម៉ឺន ដុល្លារក្នុងមួយឆ្នាំ គឺមិនមានកាតព្វកិច្ចពន្ធ ពោលគឺមិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។
ការដាក់សម្ពោធថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែធ្នូ បានចេញអនុក្រឹត្យស្ដីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ អនុក្រឹត្យនេះ មាន៥ជំពូក និង១៩មាត្រា ។ មាត្រា១៧ នៃអនុក្រឹត្យនេះ ចែងថា គ្រប់រូបវន្តបុគ្គល ដែលត្រូវបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានករណីកិច្ចចំនួន៣ គឺបំពេញបែបបទ និងលក្ខខណ្ឌ ដើម្បីស្នើសុំការចុះឈ្មោះ ផ្ដល់ព័ត៌មាន និងឯកសារតម្រូវឲ្យបានគ្រប់គ្រាន់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មាន និងឯកសារតម្រូវ។ ចំណែក មាត្រា១៦ ចែងថា រូបវន្តបុគ្គល ដែលត្រូវបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការលើកទឹកចិត្ត និងថែបំប៉នផ្សេងៗពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ សាទរចំពោះការអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកស្នើដល់រដ្ឋាភិបាល ឲ្យស្វែងរកទីកន្លែងលក់ដូរសមរម្យ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឧបត្ថម្ភធនសម្រាប់អ្នករកស៊ីតិចតួច ដែលបានដួលរលំក្នុងអំឡុងពេល ការរីករាលដាលជំងឺកូវីដ១៩។
លោក វន់ ពៅ៖«ក្នុងអនុក្រឹត្យនេះ មានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ អីចឹងបើដូចអនុក្រឹត្យ គឺអភិវឌ្ឍ ដើម្បីបំប៉នមុខរបរ ហើយឲ្យពួកគាត់អាចមានកន្លែងលក់ដូរសមរម្យ គ្រាន់រកបានប្រាក់ចំណូល វាជារឿងសាទរ ហើយយើងស្នើសុំធ្វើយ៉ាងណា ឲ្យពួកគាត់មានកន្លែងលក់ដូរសមរម្យ គាត់មានការអភិវឌ្ឍមុខរបររបស់ពួកគាត់ឲ្យទាន់ទៅនឹងសម័យបច្ចេកវិទ្យាទំនើប ឲ្យទាន់ទៅនឹងអ្វីដែលគួបផ្សំទៅនឹងសកម្មភាពជាការវិវត្តរបស់ភ្ញៀវទេសចរណ៍ផងដែរ។
លោក វន់ ពៅ ក៏ទទូចដល់រដ្ឋាភិបាល ឲ្យអន្តរាគមន៍ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីបន្ធូរបន្ថយការប្រាក់សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងជួប ដើម្បីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជំពាក់បំណុលធនាគារវ័ណ្ឌកជាដើម។
អង្គការអន្តរជាតិខាងការងារ ( ILO) បានកំណត់ពាក្យថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាអង្គភាពតូចៗ ដែលផលិត និងចែកចាយទំនិញ និងសេវាកម្ម ដែលអ្នកទាំងនោះ អាចជាអ្នករត់តុ ជាងកាត់សក់ កសិករ អ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូឌុបជាដើម។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីឆ្នាំ២០២២ បង្ហាញថា ការងារនៅកម្ពុជាជាង ៩០ភាគរយជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈអ្នកទាំងនេះ ពុំមានប្រាក់ចំណូលស្ថិតស្ថេរ ពុំមានលក្ខខណ្ឌការងារសមរម្យ ពុំទទួលបានកិច្ចគាំពារសង្គម និងគ្មានតំណាងសហជីពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។