សង្គម​ស៊ីវិល និង​បក្ស​ភ្លើងទៀន​ស្នើ​រដ្ឋសភា​ជជែក​ស៊ីជម្រៅ​លើ​ខ្ទង់ចំណាយ​ថវិកាជាតិ​ដល់​សាធារណជន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​ជំរុញ​ដល់​រដ្ឋសភា​យក​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ ទៅ​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ស៊ីជម្រៅ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​បំបាត់​អំពើពុករលួយ​នៅ​តាម​ស្ថាប័នរដ្ឋ​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នោះ​ទៅ​ពិភាក្សា និង​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ឆាប់ៗ​នេះ ដោយ​មិន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ។

មន្ត្រី​គណបក្ស​ភ្លើងទៀន និង​សង្គម​ស៊ីវិល រិះគន់ថា ប្រសិនបើ​រដ្ឋសភា​អនុម័ត​ច្បាប់​ថវិកាជាតិ ឬ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​តម្លាភាព​ហើយ នឹង​ធ្វើ​ឲ្យ​សាធារណជន​សង្ស័យ ហើយ​វាយតម្លៃ​ថា ការចាយវាយ​ថវិកាជាតិ​របស់​រាជរដ្ឋាភិបាល​មាន​ភាព​មិន​ប្រក្រតី​ទាក់ទង​តម្លាភាព និង​អំពើពុករលួយ។

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ ៩​ពាន់ ៦​រយ​លាន​ដុល្លារ​អាមេរិក​(៩.៦ billion USD) សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​។ គម្រោង​ចំណាយ​នេះ​កើនឡើង ១៣% ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ប្រមាណ ៨​ពាន់ ៥​រយ​លាន​ដុល្លារ (៨.៥ billion USD)​។ ទាក់ទង​នឹង​ចំណូល​វិញ រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ឱ្យ​បាន​ប្រមាណ ៥​ពាន់ ៦​រយ​លាន​ដុល្លារ (៥.៦ billion USD) កើនឡើង ១០% ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ជាង ៦​ពាន់​លាន​ដុល្លារ (៦.៣ billion USD)។

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ផ្សព្វផ្សាយ​ថា​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២២ កម្ពុជា​មាន​បំណុល​សាធារណៈ​ក្រៅប្រទេស​ជិត ១០​ពាន់​លាន​ដុល្លារ (៩.៥ billion USD) ក្នុង​នោះ​ជិត​ពាក់កណ្ដាល (៤១%) ជា​បំណុល​របស់​ប្រទេស​ចិន។

អនុប្រធាន​គណបក្ស​ភ្លើងទៀន និង​ជា​អតីត​អនុប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​លោក សុន ឆ័យ លើកឡើង​ថា រដ្ឋសភា គឺជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​ដើរ​

តួនាទី​សំខាន់​បង្កើត​ច្បាប់​មួយ​ដែល​ឆ្លុះបញ្ចាំង​សេចក្តី​ត្រូវ​ការ​ពិតប្រាកដ​សម្រាប់​កសាង​ប្រទេស សេដ្ឋកិច្ច សង្គម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាដើម​។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ការពិនិត្យ និង​អនុម័ត​គម្រោង​ថវិកាជាតិ​ប្រចាំឆ្នាំ​បាន​ដំណើរការ​ខុសឆ្គង​ជា​បន្តបន្ទាប់ ដោយសារ​រដ្ឋសភា មិនបាន​បើកចំហ​ឱ្យ​ទូលំទូលាយ​សម្រាប់​ការចូលរួម​ផ្តល់​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​ចូលរួម​ឱ្យបាន​ពេញលេញ​។ លើស​ពី​នេះ លោក​បន្ត​ថា តំណាងរាស្ត្រ​របស់​គណបក្ស​កាន់អំណាច​វិញ​អង្គុយចាំតែ​លើកដៃ​អនុម័ត និង​ប្រថាប់ត្រា​ដោយ​ប្រញាប់ប្រញាល់​តប​តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​ដោយ​ពុំ​មាន​សំឡេង​ទំនាស់ ឬ​ជជែក​សួរដេញដោល​រក​ចំណុច​ខ្វះខាត​យក​ទៅ​កែ​លម្អ​ឱ្យ​ប្រសើរ​នោះ​ទេ​។ លោក​អំពាវនាវ​ដល់​រដ្ឋ​សភា​គួរ​ពន្យារ​ពេល​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​នោះ ហើយ​អ្នកដឹកនាំ​ត្រូវ​ងាក​មក​ស្តាប់​មតិយោបល់ និង​សំណើ​របស់​អាជ្ញាធរ​មូលដ្ឋាន សង្គម​ស៊ីវិល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​កុំឱ្យ​ប៉ះពាល់​ជោគវាសនា និង​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​អនាគត។

លោក សុន ឆ័យ៖ «ការ​មិន​ដឹង មិន​យល់ និង​មិនបាន​ចូលរួម​អំពី​ការ​ធ្វើ​ច្បាប់​ថវិកា​នេះ ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ចង្អៀតចង្អល់ រដ្ឋាភិបាល​ហ្នឹង​គួរតែ​ពន្យារ​ការ​អនុម័ត​ដោយ​ធ្វើ​មិច​មានឱកាស​រៀបចំឡើង​វិញ​ឱ្យ​មូលដ្ឋាន​ផ្តល់​មតិយោបល់ និង​អង្គការ​សង្គម​ស៊ីវិល​មាន​មតិ​យោបល់​ដែរ​លើ​កត្តាចាំបាច់​ក្នុង​សង្គម​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ និង​ពង្រីក​ខ្ទង់ចំណាយ​ដើម្បី​ផលប្រយោជន៍​សង្គម​ជាដើម»។

ប្រតិកម្ម​នេះ បន្ទាប់ពី​រដ្ឋសភា​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្របគ្រង​ឆ្នាំ​២០២៣ ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញ​ដើម្បី​អនុម័ត​ខាង​មុខ​នេះ​។ អ្នកនាំពាក្យ​រដ្ឋសភា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ចាប់តាំងពី​រដ្ឋាភិបាល​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នោះ​រហូត​មក​ដល់​ពេល​នេះ អគ្គ​លេខាធិការដ្ឋាន​របស់​លោក​មិន​ទទួល​បាន​ការណែនាំ​ពី​ថ្នាក់លើ​ឱ្យ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ន​យោបល់​នោះ​ទេ​។ លោក​បញ្ជាក់​ថា រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃទី​២៩ ខែវិច្ឆិកា គឺជា​សម័យប្រជុំ​ពេញអង្គ​ដើម្បី​ពិភាក្សា និង​អនុម័ត​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​ជំនាញ​បាន​ប្រជុំ​ពិនិត្យ និង​សិក្សា​រួច​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក សុន ឆ័យ៖ «ក្រោយពេល​ទទួល​សេចក្តី​ព្រាងច្បាប់​ហ្នឹង​យើង​អត់​បាន​ធ្វើ​សិក្ខាសាលា​អ្វី​ទេ ប៉ុន្តែ​ប្រហែល​លោក​ (​ ថ្នាក់លើ​ ) បាន​ពិគ្រោះ​យោបល់​ច្រើន​ជាមួយ​អង្គការ ច្រើន​កន្លែង​ក៏​មិនដឹង​ដែរ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋសភា​មាន​សិទ្ធិ​ត្រួតពិនិត្យ និង​ជជែក​ដេញដោល​ជុំវិញ​ខ្ទង់ចំណាយ​លើ​វិស័យ​អាទិភាព ព្រមទាំង​តាមដាន​ទៅលើ​ការ​ចំណាយ​ថវិកាជាតិ ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ថវិកា​ជាតិ​។ ទោះ​យ៉ាងណា លោក​សោកស្តាយ​ដែល​រដ្ឋសភា​គ្រោង​យក​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ ទៅ​អនុម័ត​ដោយ​មិនបាន​ឆ្លងកាត់​ការពិគ្រោះ​ន​យោបល់​ពី​គ្រប់​ភាគី​ឱ្យ​បាន​ស៊ីជម្រៅ ខណៈ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ពិបាក​ស្វែងរក​ព័ត៌មាន​លម្អិត​ទាក់ទង​ផែនការ​ថវិកាជាតិ។

លោក យង់ គិមអេង៖ «សភា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ ដូច្នេះ​សភាព​គួរតែ​មាន​ការ​ជជែក ពិគ្រោះ​យោបល់​មួយចំនួន​អី​ជាមួយ​ប្រជាពលរដ្ឋ​មុននឹង​ធ្វើការ​សម្រេចចិត្ត ដើម្បី​ឱ្យ​សភា​កាន់​តែ​មាន​ភាព​កក់ក្តៅ​ថែមទៀត​ក្នុង​ការ​សម្រេចចិត្ត ហើយ​យើង​មានការ​សោកស្តាយ​ដែរ​រដ្ឋសភា​មិនបាន​ធ្វើ​ដូច្នេះ ដោយ​គ្រាន់តែ​ទទួល​សេចក្តី​ព្រាងច្បាប់​នោះ​យក​ទៅ​អនុម័ត​តែម្តង»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា រដ្ឋាភិបាល និង​រដ្ឋសភា តែង​អនុម័ត​ច្បាប់​ថវិកាជាតិ​ដោយ​ប្រញាប់ និង​មិន​មាន​ការចូលរួម​បញ្ចេញមតិ​ឲ្យ​យោបល់​ពី​សំណាក់​សង្គម​ស៊ីវិល ឬ​គណបក្សប្រឆាំង​ឡើយ​។ លើស​ពី​នេះ រដ្ឋសភា​និង​ព្រឹទ្ធសភា​ឯក​បក្ស តែង​បន្ត​អនុម័ត​ដោយ​មិន​កែប្រែ សូម្បីតែ​១​តួអក្សរ​។ សង្គម​ស៊ីវិល ថា​ការប្រើប្រាស់​ថវិកាជាតិ​នៅ​រយៈពេល​ជាច្រើន​អាណត្តិ​មកនេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា មាន​តម្លាភាព​តិចតួច​បំផុត​។ លើស​ពី​នេះ ក្រុម​អ្នកឃ្លាំមើល​រឹតតែ​ព្រួយបារម្ភ​ថែមទៀត ដោយសារតែ​ដំណើរការ​រៀបចំ និង​ការ​អនុម័ត​ច្បាប់​ថវិកាជាតិ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​ចូលរួម​មតិយោបល់​តិចតួច​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដើម្បី​ជជែក​ដេញដោល៕