កសិករដំាំដំណាំទុរេន ត្អូញត្អែរពីទុក្ខលំបាក។ ការត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីតម្លៃទុរេនឆ្នាំនេះ ធ្លាក់ថ្លៃជាង ឆ្នាំមុន នាំឱ្យកសិករប្រឈមបញ្ហាជាច្រើន ។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បញ្ហានេះ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កសិករដាំដំណាំទុរេន។
កសិករដាំទុរេនស្រុកសំឡូត ខេត្តបាត់ដំបង ខកចិត្តចំពោះតម្លៃទុរេនឆ្នាំនេះ ដែលមានតម្លៃ មិនសមស្របទៅនឹងការចំណាយក្នុងការថែទាំ។ ការលើកឡើងនេះ ស្របពេលតម្លៃទុរេនបន្តធ្លាក់ចុះជាលំដាប់ ហើយពលរដ្ឋសោកស្ដាយ ដែលរដ្ឋាភិបាល មិនមានយុទ្ធសាស្ត្ររកទីផ្សារជូនពលរដ្ឋ។
កសិករដាំទុរេន ស្រុកសំឡូត លោកស្រី វិត សុខភា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៧ មិថុនាថា ឆ្នាំមុនទុរេនមានតម្លៃល្អ ហើយតម្លៃប្រេង តម្លៃជី និងទំនិញទីផ្សារក៏នៅសមរម្យ។ លោកស្រីបន្តថា តម្លៃទុរេនធ្លាក់ចុះមកពីកត្តានាំចូលពីប្រទេសជិតខាងច្រើន។ លោកស្រី លើកឡើងថា គ្រួសារលោកស្រីធ្វើចម្ការលក្ខណៈគ្រួសារ គឺមិនសូវជាមានម៉ូយច្រើន និងមានការផ្សព្វផ្សាយច្រើនដូចចម្ការធំៗ ឡើយ៖ « ខាងសំឡូតក៏ពីមុនយើងមិនសូវមានអ្នកដាំ ឥឡូវយើងសំបូរ បែបវាជុញ ( សំបូរ ) មកពីអ៊ីចឹង តែភាគច្រើន គឺនាំចូលពីថៃមក។ ព្រោះទុរេនទោះជុញម៉េច នៅក្នុង បើប្រើនៅក្នុងប្រទេសយើង ខ្ញុំគិតថា វាមិនគួរដ៏ចុះថោកដល់ម្លឹងទេ ដល់គេនាំចូលអ៊ីចឹង ដូចថា របស់គេវាថោក វាថោកយើងធ្លាក់ថ្លៃតាមគេដែរ ។ កន្លែងខ្ញុំ ខ្ញុំលក់ថោកមែនទែន ។ លើក ( លក់បន្ត ) តម្លៃលើក ថោកណាស់លោកគ្រូអើយ តម្លៃធ្លាក់នៅ ១ម៉ឺន ២ពាន់រៀល ( ១២ . ០០០៛ ) លោកគ្រូ ចាសបោះដុំ។ លក់រាយ ១ម៉ឺន ៤ពាន់រៀល ( ១៤ . ០០០៛ ) ១ម៉ឺន ៥ពាន់រៀល ( ១៥ . ០០០៛ ) និងរាងតឹងបន្តិចហើយ » ។
លោកស្រី វិត សុខភា អំពាវនាវដល់រដ្ឋាភិបាល សូមកុំឱ្យមានការនាំចូលទុរេនច្រើន ក្នុងរដូវប្រមូលផលទុរេន ដែលនាំឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះ និងឱ្យជួយគិតគូរពីទីផ្សារសម្រាប់កសិករដំណាំទុរេន ។
ជុំវិញរឿងនេះប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង គីម ហួត ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៧ មិថុនា ថា បញ្ហានេះ លោកដឹងតាំងពីដើមឆ្នាំម្ល៉េះ។ លោកថា ប្រទេសជិតខាងនាំចូលទុរេនមានតម្លៃថោកជាងយើង ហើយច្រើន។ លោក គីម ហួត លើកឡើងថា កាលឆ្នាំទៅទុរេន ១គីឡូក្រាមតម្លៃ ១ម៉ឺន ៦ពាន់រៀល (៤ដុល្លារ) ចំណែកឆ្នាំនេះ ១ម៉ឺន ២ពាន់រៀល (២ដុល្លារ) ហើយប្រទេសថៃ គឺតម្លៃជាង ២ដុល្លា ជាហេតុដែលទុរេនខ្មែរមិនអាចនាំទៅលក់នៅថៃកើត។ លោកបន្ថែមថា ពេលនេះមានក្រុមហ៊ុនមួយចំនួនកំពុងសិក្សាពីការនាំចេញទុរេនសាច់ពីសំឡូតទៅក្រៅប្រទេស ព្រោះការនាំចេញសាច់ គឺចំណេញជាងការនាំចេញទាំងសំបក ហើយអាចរក្សាទុកបានយូរជាងនៅក្នុងផ្លែ ។ លោកអះអាងថា បញ្ហាជី ប្រេង និងតម្លៃទំនិញផ្សេងៗ ឡើងថ្លៃ គឺជាបញ្ហាសកល មិនមែនតែប្រទេសកម្ពុជាទេ ដែលជួបបញ្ញានេះ៖ « យើងបានដឹងថា ទុរេនឆ្នាំនេះ និងធ្លាក់ថ្លៃ។ កត្តាទី១ ដោយសារប្រទេសជិតខាងហ្នឹង គេដល់ទាំងគំហុក ហើយធ្វើឱ្យទុរេននៃប្រទេសជិតខាង ដែលវាថោកហ្នឹង វាហូរចូលក្នុងស្រុកយើងដែរ។ មានន័យថា សេដ្ឋកិច្ចវាហូរទៅហូរមក។ បញ្ហាទី២ រដូវនេះការប្រមូលផលរបស់ប្រជាពលរដ្ឋ បានច្រើនជាងមុនដែរ ទៅលើទុរេន អ៊ីចឹងទៅ លើសឆ្នាំទៅបាន ៤ដុល្លាដែរ ការលក់ចេញឆ្នាំនេះវាធ្លាក់បាន ៣ដុល្លា។ ធម្មតាយើងអត់អាចទប់ស្កាត់ យើងក៏អាចយកទៅលក់នៅគេបាន គេក៏ដឹកយកមកលក់នៅយើងបានដែរ កត្តាផ្លែឈើប្រទេស ដែលជាប់ព្រំប្រទល់ជាមួយគ្នាអ៊ីចឹងណា។ យើងអត់មានបម្រាម យើងអត់មានសិទ្ធិហាមឃាត់គេទេ គេក៏អត់មានសិទ្ធិហាមឃាត់យើងដែរ » ។
លោក គីម ហួត បញ្ជាក់ថា កម្ពុជាមិនអាចបិទទ្វារមិនឱ្យមានការនាំចូលផ្លែឈើ ឬទំនិញផ្សេងៗ ទៀតឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត លើកឡើងថា មូលហេតុដែលកសិករដាំទុរេន លក់ចេញទុរេនមានតម្លៃថ្លៃ គឺមកពីកត្តាសាំងថ្លៃ តម្លៃជី និងការថែទាំមានតម្លៃខ្ពស់។ លោកថា រដ្ឋាភិបាលគួរពិចារណា តម្លើងពន្ធគយ ដើម្បីកុំឱ្យមានការនាំចូលច្រើនបាន ហើយរដ្ឋក៏ទទួលបានចំណូលពីការប្រមូលពន្ធអាករទាំងនោះផងដែរ៖ « ករណីទាំងអស់ហ្នឹង បើសិនជារដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម បាទហើយខាងក្រសួងហិរញ្ញវត្ថុ បាទក្រសួងកសិកម្មក្តីគាត់បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីនិងធ្វើការដំឡើងពន្ធគយនាំចូល។ យើងមិនអាចទៅបិទបាំងមិនឱ្យទំនិញ ឬផលិតផលផ្សេងៗ មិនឱ្យហូរចូលមកក្នុងប្រទេសកម្ពុជា ពីព្រោះយើងក៏មានតម្រូវការដែរ។ អ៊ីចឹងប្រសិនជាករណីនេះខ្ញុំជឿជាក់ថា ក្រសួងទាំង ៣ នេះ អាចធ្វើការរឿងហ្នឹងបាន » ។
លោក អ៊ិន គង់ជិត អំពាវនាវទៅដល់ស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់លើកតម្កើងកសិផលផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋ ក្នុងការទប់ទល់ និងការចំណាយដើមទុន ដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋបន្តការងារដាំដុះបន្ថែមទៀត ។
កន្លងមកសង្គមស៊ីវិល និងប្រជាពលរដ្ឋតែងតែលើកឡើងពីបញ្ហាកង្វះទីផ្សារ មិនត្រឹមតែដំណាំទុរេននោះទេ មានដូចជា ទីផ្សារតាង៉ែន ឬមានប៉ៃលិន ស្វាយ និងស្រូវជាដើម ដែលគ្មានទីផ្សារ ហើយពលរដ្ឋជួបទុក្ខលំបាកជីវភាពប្រចាំថ្ងៃ រហូតដល់ពលរដ្ឋខ្លះខាត និងធ្វើចំណាកស្រុក ដើម្បីដោះស្រាយជីវភាព និងបំណុលរបស់គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។