សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាជ្ញាធរសកម្មភាពមីន និងជួយជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា (CMAA) ដើម្បីគាំទ្រដល់អង្គភាពមួយនេះក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋក្នុងសកម្មភាពកម្ចាត់មីន និងអភិវឌ្ឍសហគមន៍ដែលភាគីទាំងពីរបានចុះហត្ថលេខានេះ នឹងចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ខាងមុខ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងដើម្បីជំរុញឱ្យមានវិធានការសកម្មភាពទាក់ទងនឹងបេសកកម្មនេះ និងបង្កើនការយល់ដឹងអំពីបញ្ហាមីនតាមរយៈបណ្ដាញសង្គម សម្ភារៈ និងមធ្យោបាយពាក់ព័ន្ធដទៃទៀត។
ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោក ថាស៊ីឡួ ប្រ៊ីនហ្សើ (Tassilo Brinzer) បានថ្លែងក្នុងពិធីចុះអនុស្សរណៈ កាលពីថ្ងៃទី២៤ សីហាថា ពួកលោកនឹងបង្កើនការយល់ដឹងអំពីបញ្ហាមីននេះជាមួយសមាជិកដទៃទៀត ព្រមទាំងជំរុញឱ្យពួកគេចូលរួមក្នុងការបោសសម្អាតគ្រាប់មីនឱ្យអស់ពីកម្ពុជា ហើយប្រែក្លាយដីទាំងឡាយដែលបោសសម្អាតមីនរួចនោះ អាចប្រើប្រាស់វិញបាន។
ក្នុងរយៈពេលជាង ៣០ឆ្នាំ ផ្ទៃដីជាង ២ពាន់គីឡូម៉ែត្រការ៉េ (២.៣៨៥) ដែលគ្របដណ្ដប់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម ត្រូវបានបោសសម្អាត។ គ្រាប់មីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះលើសពី ២ម៉ឺន ៦ពាន់គ្រាប់ (២៦.០០០) និងសំណល់ជាតិផ្ទុះនៃសង្គ្រាមជិត ៣លានគ្រាប់ទៀត ត្រូវបានរកឃើញ និងបំផ្លាញចោល ដែលផ្ដល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជាង ៧លាន ៥សែននាក់។ បច្ចុប្បន្ន កម្ពុជានៅសល់ដីដែលមានមីនជាង ៧រយគីឡូម៉ែត្រទៀត (៧១៦)។
កាលពីថ្ងៃទី២២ សីហា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាក៏បានចុះអនុស្សរណៈយោគយល់គ្នាមួយដែរជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេស។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ សីហាថា ទោះបីបេសកកម្មចម្បងរបស់ខ្លួនគឺដើម្បីលើកកម្ពស់បរិយាកាសជំនួញរួមគ្នា និងពង្រឹងទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុបក្ដី សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជានៅតែប្ដេជ្ញាចិត្តចំពោះការទទួលខុសត្រូវផ្នែកសង្គម និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៨ ខែកញ្ញា ខាងមុខនេះ។ អនុប្រធានគណៈកម្មការ និងជាស្នងការពាណិជ្ជកម្មអឺរ៉ុបលោក វ៉ាល់ឌីស ដុំប្រូស្គីស (Valdis Dombrovskis) អាចនឹងមកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជានឹងរៀបចំវេទិកាកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ដាច់ដោយឡែកមួយទៀតនៅពេលនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។