សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ចុះ MOU ទាក់ទង​សកម្មភាព​កម្ចាត់​មីន

សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham) ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​អាជ្ញាធរ​សកម្មភាព​មីន និង​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា (CMAA) ដើម្បី​គាំទ្រ​ដល់​អង្គភាព​មួយ​នេះ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កម្ចាត់​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។ ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ក្នុង​សកម្មភាព​កម្ចាត់​មីន និង​អភិវឌ្ឍ​សហគមន៍​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥ ខាងមុខ​។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ដើម្បី​ជំរុញ​ឱ្យ​មាន​វិធានការ​សកម្មភាព​ទាក់ទង​នឹង​បេសកកម្ម​នេះ និង​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​មីន​តាមរយៈ​បណ្ដាញ​សង្គម សម្ភារៈ និង​មធ្យោបាយ​ពាក់ព័ន្ធ​ដទៃទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ថាស៊ីឡួ ប្រ៊ីនហ្សើ (Tassilo Brinzer) បាន​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ កាល​ពី​ថ្ងៃទី​២៤ សីហា​ថា ពួក​លោក​នឹង​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​មីន​នេះ​ជាមួយ​សមាជិក​ដទៃ​ទៀត ព្រមទាំង​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ការ​បោសសម្អាត​គ្រាប់មីន​ឱ្យ​អស់​ពី​កម្ពុជា ហើយ​ប្រែក្លាយ​ដី​ទាំងឡាយ​ដែល​បោសសម្អាត​មីន​រួច​នោះ អាច​ប្រើប្រាស់​វិញ​បាន។

ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ ផ្ទៃដី​ជាង ២​ពាន់​គីឡូ​ម៉ែត្រការ៉េ (២.៣៨៥) ដែល​គ្របដណ្ដប់​ដោយ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម ត្រូវ​បាន​បោសសម្អាត។ គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​លើស​ពី ២​ម៉ឺន ៦​ពាន់​គ្រាប់ (២៦.០០០) និង​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម​ជិត ៣​លាន​គ្រាប់​ទៀត ត្រូវ​បាន​រក​ឃើញ និង​បំផ្លាញ​ចោល ដែល​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុ​ជាជាង ៧​លាន ៥​សែន​នាក់​។ បច្ចុប្បន្ន កម្ពុជា​នៅសល់​ដី​ដែល​មាន​មីន​ជាង ៧​រយ​គីឡូម៉ែត្រ​ទៀត (៧១៦)។

កាលពី​ថ្ងៃទី​២២ សីហា សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដែរ​ជាមួយ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស។

សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​គូសបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៦ សីហា​ថា ទោះបី​បេសកកម្ម​ចម្បង​របស់​ខ្លួន​គឺ​ដើម្បី​លើកកម្ពស់​បរិយាកាស​ជំនួញ​រួមគ្នា និង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​សហភាព​អឺរ៉ុប​ក្ដី សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ៥៤ ចាប់ពី​ថ្ងៃទី ១៤ ដល់ទី ១៨ ខែកញ្ញា ខាងមុខនេះ​។ អនុប្រធាន​គណៈកម្មការ និង​ជា​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោក វ៉ាល់ឌីស ដុំប្រូស្គីស (Valdis Dombrovskis) អាច​នឹង​មក​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ហើយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នឹង​រៀបចំ​វេទិកា​កិច្ច​សន្ទនា​គោល​នយោបាយ​កម្រិត​ខ្ពស់​ដាច់​ដោយឡែក​មួយ​ទៀត​នៅ​ពេល​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។