អ្នកជំនាញចង់ឃើញរដ្ឋាភិបាលបង្កបរិយាកាសងាយស្រួលដល់ក្រុមអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ។
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ ពីរបានចូលជាធរមាននៅដើមឆ្នាំ២០២២ នេះ ក្នុងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (Cambodia-China Free Trade Agreement) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោករវាងសមាជិកអាស៊ាន ១០ ប្រទេសជាមួយនឹងប្រទេសអូស្ត្រាលី (Australia) ចិន (China) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និងណូវែលហ្សេឡង់ (New Zealand) ត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នេះតទៅ។
អ្នកជំនាញកសិកម្មក្លាយជាអ្នកនយោបាយបណ្ឌិត យ៉ង សាំងកុមារ ពន្យល់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣ ខែមករាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ ទាំងនេះ នឹងនាំមកនូវឱកាសកាន់តែច្រើនសម្រាប់កម្ពុជា។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ក៏អាចបង្កើតនូវបញ្ហាប្រឈមជាច្រើនសម្រាប់ផលិតក្នុងស្រុកដែរ៖ « ដើម្បីឱ្យកម្ពុជាកាន់តែទទួលផលប្រយោជន៍ថែមទៀតនោះ គឺបង្កើនការផលិតក្នុងស្រុកយើង ហើយនឹងអ្នកវិនិយោគទុនក្នុងស្រុក ដូចជាផលិតករ និងសិប្បករ ដើម្បីឱ្យគាត់ទទួលបាននូវការគាំទ្រថែមទៀត មានសមត្ថភាពប្រកួតប្រជែង។ ទីមួយ ដើម្បីផលិតសម្រាប់ការនាំចេញ ទីពីរ ប្រកួតប្រជែងក្នុងការនាំចូល។ អ្វីដែលជាហានិភ័យមួយពិសេសពាណិជ្ជកម្មសេរីជាមួយចិននោះ គឺផលិតផលប្រើប្រាស់ជាច្រើននឹងហូរចូលមកពីចិនចូលមកដល់ប្រទេសកម្ពុជាងាយស្រួលជាងមុនដោយសារអត់ពន្ធអត់មានរបាំងអីសំខាន់ៗ។ វាអាចល្អសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែទាក់ទងនឹងការផលិតក្នុងស្រុក វាអាចជាហានិភ័យ។ ក៏ប៉ុន្តែ បើសិនជាយើងមានគោលការណ៍គាំទ្រដល់ផលិតករក្នុងស្រុកដើម្បីផលិត ដើម្បីប្រកួតប្រជែង ជាចំណុចដែលត្រូវយកចិត្តទុកដាក់ »។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាលើកដំបូងបង្អស់។ ការឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ កើតមានឡើងក្នុងពេលដែលសហភាពអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ពីកម្ពុជា ចំនួន ២០% កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ជាពិសេស ការបើកទីផ្សារកាន់តែធំប្រសើរជាងមុន និងការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្មបន្ថែមទៀតជាដើម។ ក៏ប៉ុន្តែ អ្នកជំនាញមួយចំនួនមើលឃើញថា កម្ពុជានឹងខាតបង់ប្រយោជន៍ច្រើនពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ ដោយសារតែកម្ពុជានាំទំនិញចូលក្នុងប្រទេសកាន់តែច្រើន ហើយគ្មានផលិតត្រូវនាំចេញបន្ថែម។ អ្នកជំនាញទាំងនោះអះអាងថា វានឹងក្លាយជាការធ្វើអត្តឃាតខ្លួនឯង តាមរយៈការបើកច្រកទ្វាប្រកួតប្រជែងពាណិជ្ជកម្មសាកល ហើយបណ្តាលឱ្យឧស្សាហកម្មទន់ខ្សោយក្នុងស្រុករបស់កម្ពុជាត្រូវដួលរលំ។
ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញជាង ៧% (៧,៣%) វិនិយោគជាង ២៣% (២៣,៤%) និងផលិតផលក្នុងស្រុកសរុបប្រមាណ ២% លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន។ ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជាទទួលបាននូវភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើមុខទំនិញសំខាន់ៗជាច្រើន ដូចជា ទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ព្រមទាំងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់របស់បរទេសជាដើម។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវរួមគ្នាមួយចេញផ្សាយកាលពីដើមឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍសាកល (Global Development Policy Center) នៃសាកលវិទ្យាល័យបូស្តុន (Boston University) នៅសហរដ្ឋអាមេរិក ដោយមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ (UNCTAD) និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនេះ បានរកឃើញថា កម្ពុជាអាចនឹងខាតបង់ចំណូលពន្ធពាណិជ្ជកម្មប្រមាណ ជិត ៣០០លានដុល្លារ (៣៣៤,៦ លានដុល្លារ) ក្នុងមួយឆ្នាំៗ ឬស្មើនឹង ១,២៩% នៃផលិតផលក្នុងស្រុកកាលពីឆ្នាំ២០១៩។ លើសពីនេះទៀត មន្ត្រីជំនាញដដែលក៏រកឃើញថា កិច្ចព្រមព្រៀងអាសិបនេះ ក៏នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាធ្លាក់ចុះ ឬមានឱនភាពរហូតដល់ទៅជាង -២ពាន់លានដុល្លារ (-២,៣១៨ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ឬប្រមាណ -១៧% (១៧,៣%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។