ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានរបស់ចិន (CRBC) នឹងចាប់ផ្ដើមតម្រូវឲ្យបង់ប្រាក់ លើការប្រើប្រាស់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលអាចនឹងបញ្ចប់ការសាងសង់ នៅខែកក្កដាខាងមុខ។ ផ្លូវល្បឿនលឿននេះ សាងសង់ឡើង ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ផ្លូវយ៉ាងឆាប់រហ័ស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ប្រាប់កាសែតនៅពេលចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវនេះ កាលពីថ្ងៃទី២៦ ខែមេសាថា ក្រសួងនៅមិនទាន់បានជជែកពិភាក្សាពីតម្លៃប្រើប្រាស់ផ្លូវនៅឡើយទេ តែបើក្រុមហ៊ុនទារថ្លៃពេក នោះនឹងគ្មានអ្នកប្រើប្រាស់ ក៏ប៉ុន្តែបើយកតម្លៃថោកវិញ ក្រុមហ៊ុនវិនិយោគនឹងខាតបង់ប្រាក់ ដែលខ្លួនបានចំណាយសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល បន្តថា នៅប្រទេសមួយចំនួន គេតម្រូវឲ្យបង់ថ្លៃប្រើប្រាស់ផ្លូវចន្លោះពី ១០សេន ទៅ ១២ សេនអាមេរិក ឬចន្លោះពី ៤រយទៅ ៥រយរៀល ក្នុងមួយគីឡូម៉ែត្រ។ ក្រសួងបានស្នើសុំក្រុមហ៊ុនឱ្យយកតម្លៃផ្លូវប្រើប្រាស់ ក្រោម ១០សេន ក្នុងមួយគីឡូម៉ែត្រ ដែលគិតជាតម្លៃសរុបប្រើប្រាស់ផ្លូវទាំងស្រុង ចម្ងាយ ១៨៧ គីឡូម៉ែត្រ គឺជាង ១៨ដុល្លារ (១៨.៧)។ លោកថា រដ្ឋាភិបាលក៏កំពុងស្នើសុំក្រុមហ៊ុន ឲ្យចុះតម្លៃប្រើប្រាស់ផ្លូវចំពោះពលរដ្ឋខ្មែរផងដែរ។
ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញ-ខេត្តព្រះសីហនុនេះ គឺគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់ ដើម្បីកាត់បន្ថយការធ្វើដំណើរពី ៥ម៉ោងមកត្រឹម ២ម៉ោងវិញ និងកាត់បន្ថយការចំណាយផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។