ពលរដ្ឋ​ត្អូញត្អែរ​ថា​តម្លៃ​មាន់​ធ្លាក់ចុះ និង​គ្មាន​ឈ្មួញ​ទិញ តែ​ជី ចំណី​សត្វ ភ្លើង ប្រេង ឡើង​ថ្លៃ​ខ្លាំង

ប្រជា​កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តកំពត រអ៊ូរទាំ​ពី​ការ​ចុះ​ថ្លៃ និង​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​មាន់​ពួកគាត់​ដូច​ឆ្នាំមុនៗ ។ ក៏ប៉ុន្តែ​ទំនិញ​គ្រប់​ប្រភេទ បែរជា​ហក់​ឡើងថ្លៃ​យ៉ាង​គំហុក ជាពិសេស​ថ្លៃ​ចំណី​សត្វ និង​ប្រេង​សាំង​។ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ទំនិញ​ផ្សេងៗ និង​ប្រេងសាំង​ឲ្យ​ចុះ​មក​នៅ​ត្រឹម​តម្លៃ​បង្គួរ​វិញ។

ប្រជាកសិករ​ចិញ្ចឹម​មាន់​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត បារម្ភ​ពី​ការ​ធ្លាក់ចុះ​នូវ​តម្លៃ​មាន់​ចិញ្ចឹម​យក​សាច់ តែ​តម្លៃ​ជី ចំណី​សត្វ ភ្លើង និង​ប្រេងឥន្ធនៈ បែរជា​ឡើងថ្លៃ​ឥត​ឈប់។ ការ​ឡើងថ្លៃ​មុខទំនិញ​សព្វសារពើ​កសិករ​មិន​សូវ​បារម្ភ​ទេ ពួកគាត់​ភ័យ​ខ្លាំង​បំផុត​គឺ ការដែល​ចិញ្ចឹម​មាន់​បាន​ហើយ​ពុំ​មាន​ឈ្មួញ ឬក៏​ទីផ្សារ​សម្រាប់​លក់ នាំ​ចេញ​នូវ​សត្វ​មាន់​ចិញ្ចឹម​របស់​ពួកគាត់។

កសិករ​ចិញ្ចឹម​មាន់​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត លោក ហុក ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​២ ខែកក្កដា​ថា ពី​ឆ្នាំមុនៗ មាន​ពួក​ឈ្មួញ​ចុះ​មក​ទិញ​មាន់​ចិញ្ចឹម​ដល់​កសិដ្ឋាន​តែម្ដង មិនសូវ​ព្រួយ​ខ្លាច​គ្មាន​អ្នកទិញ​ទេ តែ​ឥឡូវ​ទូរស័ព្ទ​ហៅ​គេ​មក​ទិញ​ទៀត ក៏​គ្មាន​ឈ្មួញ​ណា​ចុះ​មក​ទិញ​ដែរ​។ លោក​បន្ត​ថា ដល់​មាន់​ដែល​ចិញ្ចឹម​បាន​ហើយ តែ​លក់​មិន​ចេញ​ដូច្នេះ​ពិបាក​ក្នុង​ការ​ទូទាត់​ប្រាក់​ចំណូល​ចំណាយ​ណាស់​។ ។ លោក​បន្ថែម​ថា កូន​មាន់​ចេះតែ​កើតជា​លំដាប់ តែ​រកលុយ​ទិញ​ចំណី​សត្វ​មិន​បាន ព្រោះ​លក់​មាន់​មិន​ចេញ ហើយ​ចំណី​មាន់​ទៀតសោត​ក៏​ឡើងថ្លៃ​ពី​ឆ្នាំមុន​មួយ​ការុង​ប្រាំ​ម៉ឺន​ប្រាំមួយ​ពាន់​រៀល (៥៦០០០) តែ​ឥឡូវ​ឡើង​ដល់​ប្រាំមួយ​ម៉ឺន​ប្រាំ​ពីរ​ពាន់ (៦ ៧០០០)​រៀល​ក្នុង​មួយ​ការុង​៖ «មាន​ការ​ចិញ្ចឹម​បាន​ហើយ​ឲ្យ​វា​លក់ដាច់ ហើយ​ឲ្យ សូម​ឲ្យ​រដ្ឋាភិបាល​យើង បើសិនជា​យើង​លក់ដាច់​ក្នុង​តម្លៃ​ក្រោម​ហ្នឹង សូម​ឲ្យ​រាជរដ្ឋាភិបាល​ហ្នឹង​ជួយ​បញ្ចុះតម្លៃ​សម្ភារៈ​ផ្សេងៗ ដែល​នាំ​ចូល​មក​ហ្នឹង​ណា​។ ចង់​ឲ្យ​វា​តម្លៃ​ទាំងអស់​ហ្នឹង​វា​ចុះថោក​ទៅ គឺ​យើង​លក់​ថោក​ទៅ​វា​បាន​ដែរ ដូចជា​ចំណី ដូច​អីហ្នឹង​យើង​វា យើង​ទិញ​ពី​គេ​ថ្លៃ​។ ខ្ញុំ​រាល់ថ្ងៃ ខ្ញុំ​ផ្ដាច់​អា​ខ្លះ ខ្ញុំ​ផ្ដាច់​ចំណី​វា​ចង់​ខូច​អស់ហើយ វា​ដោយសារ​ខ្ញុំ​លក់​អត់​ចេញ ។ អីចឹង​ខ្ញុំ​ទៅ​ទិញ​ចំណី​គេ​មក​ទៀត វា​នាំ​ឲ្យ​ចំណាយ​ច្រើន​អីចឹង​ទៅ​ណា ហើយ​អីចឹង​ខ្ញុំ​ក៏​អត់​ហ៊ាន​ទិញ​ច្រើន ឥឡូវ​ទុក​ឲ្យ​វា​ (​ មាន់​ )​ ស៊ី​ស្រូវ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពត លោក ម៉េង សន្តិភាព និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត លោក ចាន់ រិទ្ធិ បាន​ទេ នៅ​ល្ងាច​ថ្ងៃទី​២ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ការ​ធ្លាក់​ចុះថ្លៃ​មាន់​ខុស​ប្រក្រតី គឺ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ មក។ កាល​ពី​ដើម មាន់​ចិញ្ចឹម​យក​សាច់​ដែល​ធ្លាប់​តែ​មិន​ខ្វះ​ទីផ្សារ​សោះ និង​មានតម្លៃ​ខ្ពស់​ខ្ទង់​បួន​ពាន់ (៤.០០០) ទៅ​ប្រាំ​ពាន់ (៥,០០០) រៀល​ក្នុង​មួយ​គីឡូក្រាម បែរជា​ធ្លាក់​ថ្លៃ​ជាង​ពាក់កណ្ដាល​រហូត​ដល់​គ្មាន​អ្នកទិញ។

ប្រជាកសិករ​ទទូច​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ផ្នែក​ទីផ្សារ​ឲ្យ​ជួយ រក​ឈ្មួញ ក៏ដូចជា​ទីផ្សារ​សម្រាប់​នាំចេញ​នូវ​មាន់​ចិញ្ចឹម ដែល​កសិករ​ខិតខំ​ចិញ្ចឹម​បាន​ផល​ច្រើន​ហើយ បែរជា​កកកុញ​រក​ទីផ្សារ​នាំចេញ​គ្មាន​។ បើ​មន្ត្រី​កសិកម្ម​មិន​ជួយ​ប្រជាកសិករ​ទេ នោះ​កសិករ​នឹង​ជួប​ផល​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ជាក់​ជាមិនខាន ហើយនឹង​រក​ច្រកចេញ​ពុំបាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។