កសិករធ្វើស្រែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យត្អូញត្អែរពីតម្លៃស្រូវ ចុះថោកមិនសូវមាន ឈ្មួញទទួលទិញ ហើយលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ និងប្រាក់ជំពាក់ធនាគារ។ កសិករធ្វើស្រែអះអាងថា តម្លៃជី តម្លៃប្រេង ថ្លៃច្រូត ចេះតែបន្តហក់ឡើងថ្លៃ តែតម្លៃស្រូវកាន់តែធ្លាក់តម្លៃ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្មគួរមានយុទ្ធសាស្ត្រយូរអង្វែងទាក់ទងតម្លៃស្រូវ ដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយដល់កសិករក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងទំនុកចិត្ត។
កសិករធ្វើស្រែនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ អស់សង្ឃឹមចំពោះមុខរបរធ្វើស្រែខណៈតម្លៃស្រូវនៅតែធ្លាក់ថ្លៃ ទោះក្រសួងប្រកាសទទួលទិញក្នុងតម្លៃកំណត់ថេរ។ ពួកគាត់យល់ថាការរកដំណោះស្រាយបញ្ហាតម្លៃស្រូវ ហាក់បរាជ័យ ព្រោះតម្លៃស្រូវប្រទេសជិតខាងគឺ មានតម្លៃសមរម្យ ហើយការចំណាយប្រាក់ដើមធ្វើស្រែក៏មានតម្លៃទាប។
កសិករធ្វើស្រែនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី ញ៉េប ស្រីហំ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៧ វិច្ឆិកា ថា លោកស្រីធ្វើស្រែជិត ៧ហិកតារ និងកំពុងប្រមូលផលទើបតែបាន ៩តោនប៉ុណ្ណោះ ប៉ុន្តែលោកស្រីចំណាយប្រាក់ដើមអស់ ៩លានរៀល (៩.០០០.០០០៛) ហើយ។ លោកស្រីថាតម្លៃស្រូវលោកស្រីលក់ដំបូងតម្លៃជាង ១០បាត (ប្រាក់ថៃ) ឬប្រមាណ ១.១៧៨រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែថ្ងៃទី១៦ វិច្ឆិកា បែរជាធ្លាក់ថ្លៃ ៨បាត ស្មើនឹង ៩២៤រៀល ក្នុងមួយគីឡូក្រាមទៅវិញ។ លោក ស្រី ញ៉េប ស្រីហំ បារម្ភពីជីវភាពគ្រួសារនៅថ្ងៃក្រោយ ព្រោះតម្លៃទំនិញ តម្លៃជី តម្លៃប្រេង និងប្រាក់ដើមធ្វើស្រែច្រើនហួស ប៉ុន្តែទិន្នផលបានមកវិញមិនសមនឹងការចំណាយ។ លោកស្រីអំពាវនាវដល់រដ្ឋាភិបាលជួយដោះស្រាយតម្លៃស្រូវ កុំឱ្យធ្លាក់ថ្លៃក្រោម ១០បាត ក្នុងមួយគីឡូក្រាម ព្រោះអ្វីគ្រប់យ៉ាងឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់កសិករច្រើន។ លោកស្រី ញ៉េប ស្រីហំ បញ្ជាក់ថ្ងៃទី១៧ វិច្ឆិកានេះថា ប្ដីលោកស្រីដឹកស្រូវទៅលក់បានតម្លៃត្រឹមតែ ៨បាត ស្មើនឹង ៩២៤រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះដែលផ្ទុយនឹងការប្រកាសរបស់ក្រសួងកសិកម្ម៖
«ការចំណាយទុនក្នុងឆ្នាំនេះគឺ វាច្រើនមែនទែនជាងឆ្នាំមុនៗ ដោយសារតែជី សាំង ម៉ាស៊ូត ថ្នាំសម្លាប់សត្វល្អិត ហើយទំនិញផ្សេងៗ វាឡើងថ្លៃខ្លាំង ស្ទើរតែគុណនឹងពីរ ខណៈពេលដែលខ្ញុំចុះព្រួសធ្វើស្រែហ្នឹងហាសបង មិនមែនធ្លាក់ថ្លៃដូចរាល់ថ្ងៃ ហៃទៅយើងចំណាយទុនច្រើន ដល់ពេលតម្លៃស្រូវដែលយើងលក់បាន វាអត់សមាមាត្រ វាអត់សមាមាត្រអ្វីដែលយើងចំណាយ អ៊ីចឹងទៅបានបងប្អូនប្រជាពលរដ្ឋយើងនាំគ្នាស្រែកអារឿងស្រូវថោក»។
កសិករធ្វើស្រែនៅខេត្តបាត់ដំបងម្នាក់ទៀត លោក ស៊ន ពីង លើកឡើងថា ទិន្នផលឆ្នាំនេះមានការធ្លាក់ចុះជាងឆ្នាំមុន ចំណែកតម្លៃ គឺចុះថោកខ្លាំង ដែលមិនអាចទូទាត់ និងការចំណាយប្រាក់ដើមឡើយ។ លោកបន្តថា ស្រែមួយហិកតារ ត្រូវប្រើប្រាស់ជីចំនួន ៦ការ៉ុង ដែលអាចទទួលទិន្នផលប្រមាណ ៤តោន ប៉ុន្តែតម្លៃជីថ្លៃ តែតម្លៃស្រូវថោក រួមទាំងខូចខាតមួយចំនួនដោយទឹកជំនន់ទៀត គឺធ្វើអោយពួកលោកជួបការលំបាកខ្លាំងក្នុងជីវភាព៖
«បើមុខរបរកសិកម្មនេះសព្វថ្ងៃ យើងនិយាយអត់កើតហាស ដោយសារអី ប្រព័ន្ធទឹកយើងមិនមានគ្រប់គ្រាន់ទី១។ ទី២ ជម្រើសពូជ ទី៣ ជី ថ្នាំ យើងនាំមកថ្លៃទាំងអស់។ ថ្លៃទាំងអស់ហ្នឹងអាទិន្នផលស្រូវក៏មិនសូវបានផល ដោយសារពូជយើងរាល់ថ្ងៃ តំណពូជរាប់សិបទសវត្សទិន្នផលទាបហើយ អត់មានក្រឡារស់ទេ លុះត្រាតែយើងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយ និងស្រោចស្រព។ យើងមានប្រភពទឹកធំៗ ហើយ ប៉ុន្តែការចែកចាយវាដូចអត់ឆ្លើយតបតាមតម្រូវការកន្លងមកនេះ កសិកររស់ត្រដរ បើបានភោគផល ផលបានទាប ហើយទិន្នផល តម្លៃស្រូវក្នុងឆ្នាំចាប់ពី ១.១០០បាត ទៅ ១២.០០០បាត អាហ្នឹងបានរស់»។
ស្របពេលកសិករធ្វើស្រែកំពុងត្អូញត្អែរតម្លៃស្រូវថោកនេះ ប្រទេសកម្ពុជា ក៏បានជាប់ជ័យលាភីសម្រាប់អង្ករផ្ការំដួលជាអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ ក្នុងសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត (Phuket) ប្រទេសថៃ ថ្ងៃទី១៧ ខែវិច្ឆិកា។ វាជាលើកទី៥ដែលកម្ពុជាទទួលបានជ័យលាភីអង្ករល្អ ក្នុងនោះ រួមមាន ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងឆ្នាំ២០២២ នេះ។ក្រុមមន្ត្រីរដ្ឋាភិបាល នាំគ្នាបង្ហោះសារអបអរចំពោះជ័យលាភីអង្ករដាច់គេនេះ ប៉ុន្តែ កសិករនៅតែរិះគន់ថា ពុំមានប្រយោជន៍ឡើយ ព្រោះពួកគាត់ នៅតែជួបបញ្ហាកង្វះទីផ្សារ និងតម្លៃស្រូវចុះថោកដដែល។
កសិករធ្វើស្រែនៅតែយល់ឃើញថា កត្តាដែលនាំអោយស្រូវធ្លាក់ថ្លៃ គឺមកពីកម្ពុជាមានឈ្មួញទិញស្រូវផ្ដាច់មុខ ហើយគ្មានឈ្មួញច្រើន ប្រកួតប្រជែងគ្នា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី១៧ វិច្ឆិកា ដោយទូរស័ព្ទគ្មានអ្នកទទួល។ ប៉ុន្តែក្រសួងកសិកម្មកាលពីថ្ងៃទី១៦ វិច្ឆិកា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាព នៃការដោះស្រាយបញ្ហា ដោយបញ្ជាក់ថា អគ្គនាយក នៃរោងម៉ាស៊ីនកិនស្រូវបៃតង លោកឧកញ៉ា ភូ ពុយ ទទួលទិញស្រូវក្នុងតម្លៃថេរ ដោយកំណត់តម្លៃសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ តម្លៃ ៩បាត ស្មើនឹង ១.០៤០រៀលក្នុង ១គីឡូក្រាម។ ក្រសួងកសិកម្មលើកឡើងថា ខែវិច្ឆិកា និងពាក់កណ្ដាលខែធ្នូ ជាពេលប្រមូលផលស្រូវរដូវវស្សារបស់កសិករ ជាពិសេស ប្រភេទពូជស្រូវរំដួល ជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវត្រូវរងការកកស្ទះ និងជះឥទ្ធិពលដល់តម្លៃស្រូវ ហើយកសិករសម្រុកប្រមូលផលធ្វើឡើងព្រមៗ គ្នា ដែលធ្វើឱ្យស្រូវមានចំនួនច្រើន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មក៏បានអំពាវនាវអោយកសិករទាក់ទងតាមទូរស័ព្ទទៅក្រុមការងារក្រសួង ដើម្បីសម្របសម្រួលជាមួយរោងម៉ាស៊ីននៅពេលលក់ស្រូវ ដោយខេត្តបន្ទាយមានជ័យ ទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ និងខេត្តបាត់ដំបង ទូរស័ព្ទ ០៩៥ ៩៥១ ១១១។
ការឆ្លើយតបរបស់ក្រសួងនេះ គឺបន្ទាប់ពីប្រជាកសិករនាំគ្នាថតបង្ហោះរូបភាពព្រោងព្រាតអំពីសកម្មភាពដឹកស្រូវទៅលក់ និងត្អូញត្អែរអំពីតម្លៃស្រូវចុះថោក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ពលរដ្ឋមានសិទ្ធិបង្ហាញពីទុក្ខកង្វល់របស់ពួកគេ ទាក់ទងនឹងកសិផលចុះថោក ឱ្យមហាជនបានដឹង ហើយស្ថាប័នពាក់ព័ន្ធគួរតែដោះស្រាយបញ្ហានេះ ជូនពលរដ្ឋឱ្យទាន់ពេលវេលា។ លោកបន្តថា រដ្ឋត្រូវមានយុទ្ធសាស្ត្រ និងបង្កើនថវិកាជាតិ គាំទ្រវិស័យកសិកម្ម ដោយផ្ដល់ថវិកានេះទៅរោងម៉ាស៊ីនកិនស្រូវ ឬអ្នករកស៊ីកែច្នៃស្រូវ ហើយត្រូវធានាឱ្យម្ចាស់រោងម៉ាស៊ីនទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមស្របណាមួយ ដែលអាចទទួលយកបាន៖
«ក្រសួងបានប្រកាសអំពីខេត្តបាត់ដំបង បន្ទាយមានជ័យមានអ្នកទទួលទិញដោយឧកញ្ញា ភូ ពុយ ដែលគាត់ជួយ ក៏ប៉ុន្តែយើងឃើញថា តម្លៃនេះនៅមានកម្រិត មិនទាន់បានភ្លាម។ អ៊ីចឹងគួរតែត្រូវបានផ្សព្វផ្សាយដោយមន្ទីរ ឬក៏អាជ្ញាធរថ្នាក់មូលដ្ឋាន ឱ្យរង់ចាំនូវការលក់ស្រូវនេះ ហើយថា តើវិសាលភាព នៃការលក់ឱ្យមានតម្លៃខ្ពស់សមរម្យនេះបានដោយកម្រិតណា ដើម្បីធានាថា កសិករ ដែលលក់ស្រូវចេញទៅមិនខាតបង់ ហើយគាត់ទទួលបាននូវប្រាក់ចំណេញ ហើយគាត់មានក្ដីសុខរីករាយ មិនព្រួយបារម្ភខ្វល់ទៅលើការខាតបង់ ដោយសារការធ្វើស្រែ ធ្វើចម្ការ និងធ្វើស្រូវនេះ»។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងកសិកម្មបានអំពាវនាវកុំឱ្យពលរដ្ឋបង្ហោះ និងចែករំលែកព័ត៌មានបញ្ហាស្រូវចុះថោក ដោយព្រួយបារម្ភអំពីកសិករផ្សេងទៀត ដែលមិនទាន់ប្រមូលផល ប្រញាប់ច្រូតស្រូវតាម ទាំងមិនទាន់គ្រប់គុណភាពលក់ដែរ ហើយនឹងធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះទៀត។ ក្រសួងបានចាត់អនុរដ្ឋលេខាធិការចំនួន ២រូប គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី និងក្រុមការងារឱ្យចុះទៅដោះស្រាយជូនប្រជាកសិករជាក់ស្ដែងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
កន្លងមក រដ្ឋមន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ដែលឡើងកាន់តំណែង ១ខែ កាលពីថ្ងៃទី១៧ តុលា លោក ឌិត ទីណា ធ្លាប់បានប្ដេជ្ញាថា នឹងប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មកាន់តែទំនើប មាននិរន្តរភាព ធន់នឹងអាកាសធាតុ ហើយធ្វើយ៉ាងណាឱ្យកសិករចំណាយតិច ចំណេញច្រើនជាដើម។
ពលរដ្ឋ និងសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរកវិធីសាស្ត្រដោះស្រាយបញ្ហាតម្លៃស្រូវដល់កសិករឱ្យទាន់ពេលវេលា និងលើកទឹកចិត្តកសិករ កុំឱ្យពួកគេបោះបង់មុខរបរធ្វើស្រែ ដើម្បីទប់ស្កាត់កសិករចំណាកស្រុកទៅធ្វើការក្រៅប្រទេសក្រោយអស់សង្ឃឹម។ សង្គមស៊ីវិលបារម្ភពីការបាត់បង់កសិករផលិតស្រូវ និងធ្វើឱ្យប៉ះពាល់ខ្សែចង្វាក់ផលិតកម្មក្នុងការនាំចេញស្រូវអង្ករនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។