ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមីបារម្ភតម្លៃដំឡូងចុះធ្លាក់ថ្លៃប៉ះពាល់ដល់ជីវភាពស្របពេលកសិករកំពុងមមាញឹកប្រមូលផលបណ្ដើរៗ។មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរស្វះស្វែងរកវិនិយោគទុនបរទេសមកកែច្នៃដំឡូងមីនិងដំណាំផ្សេងៗដើម្បីអោយកសិករមានទីផ្សារលក់កសិផលសមរម្យ។
កសិករដាំដំឡូងមីនៅខេត្តប៉ៃលិន លើកឡើងថា កសិករចាប់ផ្តើមប្រមូលផលដំឡូងមី បែរជាតម្លៃដំឡូងមី ធ្លាក់ថ្លៃ ដែលនាំអោយពួកគាត់បារម្ភចំពោះបញ្ហាជីវភាពគ្រួសារក្រោយប្រមូលផល។ ពួកគាត់ថា ការចំណាយច្រើនទៅលើការដាំដុះ បាញ់ថ្នាំ ដាក់ជី និងថែទាំ ហើយប្រសិនបើតម្លៃមិនល្អ និងបណ្ដាលអោយខាតបង់ធ្ងន់ធ្ងរ គ្មានប្រាក់សងធនាគារ។
កសិកររស់នៅក្រុងប៉ៃលិនលោក ប៉ុល សារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៣ ខែវិច្ឆិកាថា លោកធ្វើចម្ការប្រមាណជាង២៥ឆ្នាំមកហើយនិងផ្ទៃដីដាំដុះជិត២០ហិកតារដោយមានដាំពោត ដំឡូងមី និងដំណាំស្វាយជាដើម។ លោកថា កសិករធ្វើចម្ការបារម្ភតែបញ្ហាតម្លៃក្នុងពេលប្រមូលផលម្ដងៗព្រោះតម្លៃភ្ជួរដី តម្លៃពូជ តម្លៃជី តម្លៃថ្នាំបាញ់ និងតម្លៃទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់។ លោកបន្តថា ដំណាំដំឡូងមី ប្រសិនជាតម្លៃចាប់ពី ២បាតកន្លះឡើង (២.៥០Bath) ប្រមាណជិត៣រយរៀល (២៧៥៛) គឺ ពលរដ្ឋមានសង្ឃឹមខ្លះ ព្រោះតម្លៃហាងឆេងប្រាក់បាត ជិតស្មើគ្នានិងលុយរៀលទៅហើយ។ លោក ប៉ុល សារិទ្ធ អំពាវនាវដល់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយទម្លាក់ថ្លៃទំនិញ តម្លៃប្រេង តម្លៃពូជ និងទីផ្សារកសិផលក្នុងតម្លៃសមរម្យជូនកសិករ៖
«អ្នកចម្ការហ្នឹងព្រួយបារម្ភតែរឿងតម្លៃអត់ឋិតថេរហ្នឹងបង។ចង់អោយរដ្ឋាភិបាលជួយលើកដំឡើងកសិផលពោតនិងដំឡូងធ្វើម៉េចអោយតម្លៃខ្ពស់បន្តិចអោយប្រជាកសិករគាត់ទាំងអស់គ្នាគាត់បានចំណេញបានរស់។ដល់ពេលតម្លៃទាបអ៊ីចឹងកសិករគ្នាងាប់ទៀតហើយមិនថាពោតមិនថាដំឡូងមិនថាស្រូវទេអោយថាតម្លៃធ្លាក់ទាប។កសិករគ្នាជំពាក់ធនាគារសងអត់រួចទេបងបើទំនិញថ្លៃបងមិនថាជីមិនថាពូជមិនថាថ្នាំបាញ់ទេឡើងថ្លៃទាំងអស់ឆ្នាំនេះ»។
ស្រដៀងគ្នានេះដែរកសិកររស់នៅសង្កាត់អូរតាវ៉ៅលោកស្រី សុះ ស្រីមុំ លើកឡើងថាលោកស្រីដាំដំឡូងមីជិត៣ហិកតារដែលកំពុងមមាញឹកដកដំឡូងមីដោយមានកម្មករចំនួន១០នាក់។លោកស្រីបន្តថា តម្លៃដំឡូងមីធ្លាក់ថ្លៃហើយឈ្មួញទិញដំឡូងហាក់កំណត់តម្លៃតាមមាត់និងមេឃទៅវិញព្រោះពេលមេឃស្រទំតម្លៃដំឡូងមីធ្លាក់ចុះ។ លោកស្រីថា តម្លៃកម្មករឡើងថ្លៃ ព្រោះតម្លៃកាប់ដើម តម្លៃដកដំឡូងមីផ្សេងគ្នា ហើយថ្លៃឡានដឹកយកទៅលក់ក៏ឡើងថ្លៃដែរ៖
«កម្មករយើងធ្វើវាថ្លៃហៃណាមួយក្នុងរោងង៉ាន(កន្លែងទិញកសិផល)រាងធ្លាក់ថ្លៃបន្តិច។បារម្ភដែរ ព្រោះកម្មករវាថ្លៃទៅដូចថាយើងធ្វើទៅទូទាត់ថ្លៃកម្មករទៅអីទៅយើងវាអត់សូវសល់ថវិកាអីអ៊ីចឹង។ការចំណាយវាច្រើនដែរព្រោះយើងថ្នាំផងបាញ់ថ្នាំថ្លៃកម្មករឡើងអីឡើងជួនកាលទៅសល់តែសល់ភាគតិចជួនកាលទៅបើដំឡូងរលួយទៀតទៅអាចនឹងខាតអីអ៊ីចឹងហាស»។
ចំណែកឈ្មួញទទួលទិញដំឡូងមីឬម្ចាស់សៃឡូនៅក្រុងប៉ៃលិន លោក អ៊ីម ភារ: អោយដឹងថា តម្លៃដំឡូងធ្លាក់ចុះ មកពីផ្នែកកែច្នៃនៅប្រទេសជិតខាងកែច្នៃមិនទាន់ ហើយតាមកន្លែងទីតាំងទទួលទិញដំឡូង មិនអាចទទួលទិញស្តុកច្រើននោះទេ ព្រោះនាំអោយធ្លាក់ថ្លៃ។ លោកបន្តថា ឆ្នាំនេះតម្លៃដំឡូងនឹងឡើងថ្លៃ ព្រោះពលរដ្ឋដាំពោតក្រហមច្រើន ដែលនាំអោយតម្រូវការដំឡូងមីខ្វះ និងផ្គត់ផ្គង់មិនគ្រប់គ្រាន់។ លោក អ៊ីម ភារៈ បន្ថែមថា កសិករចង់បានតម្លៃដំឡូងមីថ្លៃ ត្រូវពង្រឹងគុណភាពដំឡូងមីប្រមូលផលមក ពិសេសការសម្អាតដីជាប់ដំឡូងមី៖
«ធ្លាក់ថ្លៃភាគច្រើន បើខ្ញុំសង្កេតឃើញ វារោងចក្រអាចពេញ ឬក៏អាចច្រាលធ្វើអត់ទាន់អ៊ីចឹងហាស។ ហៃកំហុសឆ្គងមួយទៀត ប្រជាពលរដ្ឋប្រមូលផល ក្នុងកំឡុងពេលរដូវវាអាចភ្លៀង អាចលំទឹក លំអី មានលាយដី លាយអី ខាងដេប៉ូ សៃឡូមួយៗមានន័យថា គាត់បញ្ចុះតម្លៃ ទម្លាក់តម្លៃ។ គាត់ដាក់ដំឡូង ដាក់អីមកលាយទាំងដី លាយទាំងអី ដល់ពេលយកមកចាក់នៅកន្លែងគេសៃឡូគេ គេឆែកមើលឃើញ គេអាចធ្លាក់ដោយសារអាហ្នឹងក៏ថាបាន។ បាទយើងកែច្នៃអត់ទាន់ មានន័យថា យើងយកមកស្តុកទុកវាអាចខូច អ៊ីចឹងមានន័យថា យើងពន្យារពេលនៃការដំឡើងថ្លៃសិន យើងទម្លាក់ថ្លៃសិន»។
កន្លងមកពលរដ្ឋនៅទូទាំងប្រទេសតែងលើកឡើងពីបញ្ហា គ្មានទីផ្សារសមរម្យសម្រាប់លក់កសិផល ដូចជាដំណាំស្រូវ ចន្ទី ស្វាយ និងដំណាំកៅស៊ូជាដើម។ កសិករអស់សង្ឃឹមចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្ម នូវការមិនអើពើ និងយកចិត្តទុកដាក់ដល់កសិករ រហូតដល់ពួកគាត់មានពាក្យមួយថា រដ្ឋមន្ត្រីថ្មី ក៏មិនខុសពីរដ្ឋមន្ត្រីចាស់ឡើយ។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនលោក សាយ សុផាត ប្រាប់វិទ្យុអាស៊ីសេរីថា តម្លៃដំឡូងមិនទាន់មានការធ្លាក់ចុះខ្លាំងនោះទេ ហើយប្រជាពលរដ្ឋដាំដុះប្រសើរជាងឆ្នាំមុនៗ។ លោកបញ្ជាក់ថា កសិករដាំដុះដំឡូងមីក្នុងខេត្តប៉ៃលិន លើផ្ទៃដីសរុបជាង៤ម៉ឺនហិកតារ (៤,២០០) មានការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ៖
«ពាក់ព័ន្ធរឿងហ្នឹងវាអត់ទាន់មានចុះតម្លៃផងបង។ មិនមានទេដំឡូងច្រើនជាងពោត បាទគ្រាន់តែវាដាំកើតជាងពេលមុនៗ ដាំកើនជាងឆ្នាំមុន។ តិចតួចរងការខូចខាតតិចតួច»។
ជុំវិញរឿងនេះ នាយករងអង្គការពលរដ្ឋយើង លោក នី ណាក់ សង្កេតឃើញថា បញ្ហាទីផ្សារដំឡូងមីធ្លាក់ថ្លៃបែបនេះ គឺមិនមែនតែពលរដ្ឋរស់នៅខេត្តប៉ៃលិនឡើយ។ លោកថា កសិករគួរនាំគ្នាចងក្រងជាសហគមន៍អ្នកដាំដំឡូងមី ដែលមានរចនាសម្ព័ន្ធទៅតាមតំបន់ ដើម្បីអាចចរចាតម្លៃជាមួយឈ្មួញកណ្ដាល។ លោក នី ណាក់ អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ស្វែងរកវិនិយោគទុន បង្កើតរោងចក្រកែច្នៃដំឡូងមីនៅក្នុងស្រុក ដើម្បីជួយដល់កសិករលក់ក្នុងតម្លៃសមរម្យ៖
«ខ្ញុំគិតថា ប្រធានបទនេះ គឺជាប្រធានបទដែលវាដដែលៗ កើតឡើងសឹងតែរាល់ថ្ងៃ មិនចំពោះតែដំឡូងមីទេ មានបញ្ហារឿងស្រូវកំពុងតែជួបបញ្ហាខ្លាំងដែរ។ អ៊ីចឹងអ្នកដែលអាចមានលទ្ធភាព ជួយប្រជាពលរដ្ឋបាន មានតែក្រសួងសាមីពាក់ព័ន្ធហ្នឹង គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អាជ្ញាធរមូលដ្ឋានហ្នឹងហើយ ដែលជាសេនាធិការផ្ទាល់ក្នុងការដោះស្រាយបញ្ហាលំបាករបស់ប្រជាកសិករហ្នឹង»។
ឧស្សាហកម្មដំឡូងមី នៅកម្ពុជាពឹងផ្អែកទាំងស្រុង លើទីផ្សារព្រំដែនថៃ និងវៀតណាម ដែលឈ្មួញកណ្ដាលធ្វើពាណិជ្ជកម្មដំឡូងមី រវាងទីផ្សារកម្ពុជា និងអន្តរជាតិ និងចិន។
របាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះដំណាំដំឡូងមី សរុបជាង ៦៦ម៉ឺនហិកតារ ដែលទទួលបរិមាណផលជាង ១២លានតោនក្នុងមួយឆ្នាំ។ តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០២១ បង្ហាញថា កម្ពុជានាំចេញដំឡូងមីស្រស់ជិត៤សែនតោន (៣៥៨,៨០០) ដែលមានការធ្លាក់ចុះ ១១,៧៥ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងនោះនាំចេញទៅប្រទេសថៃ៦ម៉ឺន៥ពាន់តោន (៦៥,០០០) និងប្រទេសវៀតណាមជិត៣សែនតោន(២៩៣,៨០០)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។