កសិករ​​​​ស្រុក​ភ្នំព្រឹក​ចោទ​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​ចល័តថា គាប​សង្កត់​ឡាន​ឈ្មួញ​ថៃ​ធ្វើ​ឱ្យ​តម្លៃ​ពោត​ធ្លាក់​ និង​គ្មាន​អ្នក​ទិញ

0:00 / 0:00

ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​ខកចិត្ត​ចំពោះអាជ្ញាធរ ក្រុម​ជញ្ជីង​ចល័ត​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហាម​ឃាត់​ឡាន​ដឹកពោត​ទៅ​ប្រទេសថៃ​ថា ជា​ការ​ធ្វើឱ្យតម្លៃពោត​ចុះថោក និង​គ្មាន​អ្នក​ទិញ។ ប្រតិកម្ម​របស់កសិករ​នេះ​ធ្វើឡើង​បន្ទាប់​ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ចុះត្រួត​ពិនិត្យ​រថយន្ត​ដឹក​លើស​ចំនួន​កំណត់​ នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​ថ្ងៃទី១០ ខែកក្កដា។
សង្គម​ស៊ីវិល​យល់ឃើញ​ថា អាជ្ញាធរ​ និង​ក្រុម​ជញ្ជីង​ចល័ត​គួរ​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ប្រមូល​ផលកសិផល​រួច​សិន​ ដើម្បី​ផ្តល់​ភាពងាយ​ស្រួល​ដល់​ពលរដ្ឋ​លក់​កសិផល​រក​ប្រាក់​ចំណួល​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​ជាច្រើន​គ្រួសារ​នៅស្រុក​ភ្នំព្រឹក​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក និង​ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូនដើម្បី​កុំឱ្យ​ចាប់រថយន្ត​ដឹកពោត​ទៅ​ប្រទេស​ថៃ។ ពលរដ្ឋ​នាំគ្នា​តវ៉ា​គិតថា បញ្ហាតម្លៃពោត​លើទីផ្សារ​ស្រុក​ភ្នំព្រឹក​ចុះថោក​ដោយ​សារ​តែ​សមត្ថកិច្ច​ដាក់​កម្លាំង​ជញ្ជីង​ចល័ត​ត្រួត​ពិនិត្យ​រថយន្ត​ធ្វើឱ្យ​​រថយន្តថៃ​មិន​ហ៊ាន​ចូល​មក​ដឹក​កសិផលហើយ​ម្ចាស់​សៃឡូ​ (កន្លែង​ទទួល​ទិញ) មិន​អាច​នាំ​ចេញ​កសិផល​បាន​ក៏ទម្លាក់​តម្លៃ​ពោត​របស់​កសិករ។

ប្រជាកសិករ​ម្នាក់​រស់​នៅ​ឃុំភ្នំព្រឹកសុំមិន​បញ្ចេញ​ឈ្មោះប្រាប់​វិទ្យុ​អាស៊ីសេរីថា លោកស្រី​ជា​កសិករគឺ​ចង់​បាន​កសិផល​លក់​ថ្លៃព្រោះ​តម្លៃ​ពលកម្ម ជី ថ្លៃភ្ជួរ និង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ឡើង​ថ្លៃដែល​មិន​អាច​រាប់រង​និង​ការ​ចំណាយ​ថ្លៃ​ដើម​បាន​ឡើយ។ លោកស្រី​លើកឡើងថា​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩គឺ​គ្មាន​ជញ្ជីង​ចល័ត​ទេប៉ុន្តែ​ដល់​ពេល​ប្រមូល​ផល​ពោត​ឆ្នាំនេះ​តម្លៃ​គួរ​សម​បែរ​ជា​មាន​សមត្ថកិច្ច​ដាក់​ជញ្ជីង​ចល័ត​ចុះមក​ចាប់​រថយន្ត​ដឹក​កសិផល​របស់​កសិករទៅវិញ។ លោកស្រី​បន្ត​ថា លោកស្រី​ឯកភាព​ដែល​អាជ្ញាធរ អនុវត្តច្បាប់ ប៉ុន្តែ​បើ​បន្តឃាត់​រថយន្ត​ថៃ​ហើយគ្មាន​អ្នក​ទិញ​ពោត​កសិករ​ទេ​នោះ តើរដ្ឋាភិបាល​អាចធានា​រកទីផ្សារ​លក់​កសិកផល​ជូនពលរដ្ឋ​បាន​ទាន់​ពេល​វេលាដែរ​ឬ​ទេ?៖ « ពោតយើង​កំពុង​ឡើង​ថ្លៃ ដល់​មក​ដាក់​អញ្ចឹង ! តែជំនាន់​មុនម៉េច​ក៏​មិន​ដាក់​កាល​ពី​មិន​ទាន់​កូវីដ​អី ម៉េចក៏​មិន​ដាក់​អាពោត​ចុះ​ថោក តែ​ដល់​ពោត​ឡើង​ថ្លៃ​បាន​ ៦​បាត ៧បាត​នាំគ្នា​យក​មក​ដាក់​អ៊ីចឹង ដាក់ក៏​ដាក់​ទៅ ប៉ុន្តែ​អោយ​រដ្ឋាភិបាល​ហ្នឹង ទទួល​ទិញ​ពី​ប្រជាជន ៦​បាត ៧បាតដូចគ្នា​ទៅ ហើយ​អាកិន ៨បាត​​ ២កាក់ ( , ២បាត ) ហើយ​ឥឡូវហ្នឹង​បាន​តែ​ ៦​បាតទេ ៦​បាត​ ៧កាក់ ( , ៧បាត ) តែ​ខ្ញុំ​ប្រជាជន ខ្ញុំ​អត់​សុខ​ចិត្តទេ ព្រោះ​ខ្ញុំ​ខំប្រឹង​ធ្វើ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ពី​ជំនាន់​កូវីដ​ពោត​ក៏​ចុះ​ថ្លៃ ហើយ​អត់​មាន​មក​ដាក់​ថ្លឹង​ជញ្ជីង​ថ្លឹង​អី​ទេ នៅ​ខាង​ប៉ៃលិន ខាងអី​គេ​អត់​មាន​ដាក់​ទេ ដាក់តែ​ជំនៀ ( ម្តុំ ) ខាង​ខ្ញុំ​តែ​ម្តង »

លោកស្រី​អំពាវនាវ​ដល់​រដ្ឋាភិបាលនិង​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​រក​ទីផ្សារ​កសិផល​ជូន​ដល់​ពលរដ្ឋ ​ក្នុង​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​។

ចំណែក​ប្រជាកសិករ​ម្នាក់​រស់​នៅ​ឃុំ​ភ្នំព្រឹក លោក ភត់ បុរី ថ្លែងថា កសិករ​ដូច​រូប​លោក និង​អ្នកផ្សេង​ទៀត​មាន​ផលប៉ះពាល់​ខ្លាំង បើ​អាជ្ញាធរ​យក​ច្បាប់​មក​រិត​ត្បិត​លើ​ការ​ដឹក​ជញ្ជូន​កសិផល​របស់​កសិករ​ ប៉ុន្តែ​សម្រាប់​ឈ្មួញ គឺ​មិន​មាន​អ្វីប៉ះពាល់​ធ្ងន់ធរ​ទេ ព្រោះថា ឈ្មួញ​បាន​ទម្លាក់​តម្លៃ​តាម​ការ​ចំណាយ​របស់​ពួកគេ។ លោក ភត់បុរី អះអាងថា បើថៃមិន​ទិញ​កសិផល គឺមាន​ទីផ្សារ​វៀតណាម ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការលក់​កសិកផល​ទៅ​ខាង​វៀតណាម គឺ​មាន​ចំងាយ​ឆ្ងាយ​ ហើយ​ត្រូវ​ដឹក​លើស​ទំងន់​ទើប​បាន​ផលចំណេញ៖ « រឿងនេះ​ខាង​ភាគី​ថៃ អត់​មាន​បញ្ហា​ចោទ​ប៉ុន្មាន​ទេ គ្រាន់​តែ​គេ​តម្លើង​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​ភាស៊ី​ដែល​ដឹក​ចេញ​ចូល​ទៅ​ប្រទេស​គេ​ដដែល​ ឡាន​ដែល​គេ​បាន​ខាង​ក្រសួង​យើង​ចាប់ ត្រូវ​ខ្មែរ​អ្នក​ដោះស្រាយ​ មិន​មែន​ថៃ​យក​លុយ​ប្រទេសថៃ​មក​ដោះស្រាយ​ទេ គឺ​ឈ្មួញ​ខ្មែរ​ ដែល​មាន​ទំនាក់ទំនង​ធានា​ខុស​ត្រូវ​ បញ្ហា​ផ្សេងៗ ​ចំពោះ​រថយន្ត​ដែល​បាន​ចូលមក​ខាង​ខ្មែរ​អ្នក​ដោះ​ស្រាយ អ៊ីចឹង​ខាង​មន្ទីរ ខាង​ក្រសួង ឬ​ក៏​ខាង​ផ្សេងៗ គាត់​អនុវត្ត​ច្បាប់​អ៊ីចឹង​ វាពិត​ជា​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ​ស្នើសុំ​ធ្វើ​ម៉េច​ឱ្យ​​ផ្លូវ​ថ្នល់​មាន​គុណភាព​ជាង​ហ្នឹង ដើម្បី​ថែមការ​ដឹក​ជញ្ជូន​ដូច​នៅ​បរទេស »

លោក ភត់ បុរី សំណូមពរ​ដល់​រដ្ឋាភិបាល ឱ្យ​មានការ​អនុគ្រោះ​ពីការ​ដឹក​ទំនិញ​ពី​ឆ្លង​ព្រំដែន​សេដ្ឋកិច្ច​មាន​រយៈចំងាយ​ជិត​ដឹក​លើស​ទំងន់​ខុស​ប្រក្រតី​ចន្លោះ ​២០គីឡូម៉ែត្រ​នៅ​តាម​បន្ទាត់​ព្រំដែន។

ដោយឡែក​ម្ចាស់​សៃឡូម្នាក់​នៅស្រុក​ភ្នំព្រឹក សុំមិន​បញ្ចេញ​ឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១០ ខែកក្កដា ថាពលរដ្ឋ​ខ្លះ​យល់​ឃើញ​ត្រូវ និង​ពលរដ្ឋខ្លះ​គិត​ខុស​ព្រោះ ពោត​ធ្លាក់​ថ្លៃ ស្របពេល​ជញ្ជីង​ចល័ត​ចុះ​មក​ដល់ ទើប​ពលរដ្ឋ​យល់​ឃើញ​ថា ជញ្ជីង​ចល័ត​ជាដើម​ហេតុ​ឱ្យពោត​ធ្លាក់​ថ្លៃ។ លោក​បន្ត​ថា ព​លរដ្ឋទាមទារ​ឱ្យ​ផាកពិន័យ​នៅ​កន្លែង​នៅពេល​ចាប់​ឡានថៃ​បាន​ ព្រោះ​ខ្លាច​គេបិទ​ច្រកព្រំដែន​ មិន​មក​ទិញ​កសិផល​ខ្មែរ​ទៀត និងស្នើឱ្យ​ក្រុមជញ្ជីង​ចល័តពន្យា​រពេល​ចុះត្រួត​ពិនិត្យ​រថយន្ត​មួយ​រយៈដើម្បី ទុក​ពេល​ឱ្យ​​ពលរដ្ឋ​ប្រមូល​ផលសិន៖ « ពេល​ជញ្ជីង​ចល័ត​ចុះមក​ធ្វើ​អញ្ចឹង​ទៅ ពោត​វា​អាច​ចុះ​ ១កាក់​ ( , ១បាត ) ទៅ ​២​កាក់ ( , ២បាត ) ពីព្រោះ​យើង​ធ្លាប់​ដាក់​ ៥០ ឬក៏ ៤០ ជាង​តោន តែ​គាត់អោយ​យើង​ដាក់​តែ ​២០​ជាង​តោន អោយ​យើង​ដាក់ ៤៨ តោន​ទាំង​សំបក​ឡាន​ចឹង​ យើង​អាច​បាត់ ២កាក់ ( , ២បាត ) អីចឹង។ ឡាន​ទាំង​ក្បាល ទាំង​កន្ទុយ ២៥​តោន បាទ ៤៨ ពេល​ដាក់​បាន​តែ ​២៣តោន​ទេតើបង! បើ​ម៉ាស៊ូត​ថ្លៃ យើង​ជួល​គេ​ដឹក​ទៅ​ស្រុក​ថៃ​ហ្នឹង គេយក​មួយ​ទ្វេ (មួយជា​ពីរ) ពេល​ចឹង​ទៅ តម្លៃ​ពោត​វា​ត្រូវ​បាត់​ ១កាក់ ( , ១បាត ) ទៅ​២​កាក់ ( , ២បាត ) រាល់​ថ្ងៃនេះ​ខ្ញុំ​កំពុង​ទិញ ៥បាត​ចុច ៥ ( , ៥បាត ) បើ​ខ្ញុំរត់​តាម​តម្រូវ ដែល​ក្រសួង​គាត់​ប្រាប់​ហ្នឹង គឺខ្ញុំ​ត្រូវទិញ​ ៥បាត​ចុច​៣​ ( , ៣បាត ) វិញ។ ​វា​ពិបាក​ទិញ​កសិផល​ចូល ៣០០ ឬ ៤០០តោន​ហើយ យើង​ចេញ​អត់​បាន ហើយ​យើង​កំណត់​តម្លៃ​ហើយថា យើង​ត្រូវ​តែ​លក់​ប៉ុណ្ណេះ ចេញ​ប៉ុណ្ណោះ ដល់​ពេល​ជញ្ជីង​ចុះ​អ៊ីចឹង​ទៅ ​ពួក​យើង​បង្ខំ​ចិត្ត​លក់​ខាត »

ពាក់ព័ន្ធករណី​នេះ វិទ្យុអាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបងលោក ព្រួញ រិទ្ធថា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញរឿងនេះ អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំខេត្ត​បាត់ដំបង និង​ប៉ៃលិន លោក​ អ៊ិន គង់ជិត យល់ឃើញថា ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណការ​ខេត្តបាត់ដំបង​ គឺ​ខុស​ស្ថានភាព។ លោក​បន្តថា បើ​អនុវត្ត​ជា​ច្បាប់​រាល់​ថ្ងៃ​លក្ខណៈជា​ភ្លៀង​រលឹម និង​គ្មាន​បញ្ហា​នោះ​ទេ តែ​ករណី​ជញ្ជីង​ចល័ត​នេះ គឺ​ដល់​ពេល​ប្រមូល​ផល​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ គឺនាំ​ឱ្យ​​មាន​ផលប៉ះពាល់​ដល់​សតិ​អារម្មណ៍​ពលរដ្ឋ​នៅ​តាម​ព្រំដែន។ លោកថា លោក​គាំទ្រ​ការ​អនុវត្ត​ច្បាប់​រឹត​បន្តឹង​ការ​ដឹក​លើស​ទម្ងន់ ប៉ុន្តែ​អាជ្ញាធរ​គួរ​ពិនិត្យ​គុណភាព​ផ្លូវ​ផង ព្រោះបើ​ផ្លូវ​គ្មាន​គុណភាព​ ទោះ​មិន​ដឹក​ធ្ងន់​ក៏​អាច​ខូច​ដែរ៖ « ករណីនេះ យើងឃើញថា ទីផ្សារ​កសិផល​របស់​ប្រជាពលរដ្ឋ ដែល​នៅ​តាម​តំបន់​ភាគខាង​លិច នៃ​ខេត្តបាត់ដំបង​ហ្នឹង គឺ​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​របស់​ថៃ។ អ៊ីចឹង​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ពឹង​ផ្អែក​លើថៃ ។ ករណីនេះ បើសិនជា​នៅក្នុង​ស្រុក​យើង​មាន​រោងចក្រ​ ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ទាំង​អស់​ហ្នឹង ខ្ញុំគិត​ថា វាអត់​មាន​បញ្ហា​ហ្នឹង​ទេ គឺ​ប្រជាពលរដ្ឋ​ដែល​ផលិត​កសិផល ដូចជា​ពោត​សណ្តែក​អី​បាន​ហ្នឹង គាត់មិន​មាន​ការ​ព្រួយ​បារម្ភទេ។ អ៊ីចឹង​ដោយសារ​កន្លង​មក គឺ​ទីផ្សារ​នៅលើ​កណ្តាប់ដៃ​ប្រទេស​ថៃ ចឹងក្នុង​ន័យ​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​រឿង​នេះ​បាទ »

ប្រជាកសិករម្ចាស់​សៃឡូ ​និងមន្ត្រី​សង្គមស៊ីវិល យល់ឃើញ​ថា​អាជ្ញាធរ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​សម្រួលទុក​រយៈពេល​ប្រមូល​ផល និង​រកដំណោះស្រាយ​អោយ​ទាន់​ពេល​វេលា ព្រោះ​ពលរដ្ឋ​ជា​កសិករ​ជួប​ការ​លំបាក​ច្រើន ដោយ​សារ​វិបត្តិនៃ​ទំនិញ​គ្រប់​ប្រភេទ​លើ​ទីផ្សារ​ឡើង​ថ្លៃ និង​តម្រូវ​ការ​ប្រាក់​សង​ធនាគារ ហើយ​ជា​ដំណោះស្រាយ​មួយ​យូរ​អង្វែង។ ពួកគេ​យល់​ថា ការប៉ះពាល់​នេះ​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹកមួយ​ប៉ុណ្ណោះ​ទេ គឺសូម្បីតែ​ប្រជាពលរដ្ឋ​ដែល​នៅ​ស្រុក​ក្បែរ​ទីនោះ​ក៏​នៅ​តែ​រង​ផងប៉ះពាល់ពី​បញ្ហា​មួយ​នេះដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។