កសិករដាំមៀន និងពោតក្រហម សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអាចរកទីផ្សារកសិផលពោតក្រហម មៀនប៉ៃលិន និងសម្រួលដោះស្រាយដល់ការដឹកជញ្ជូនកសិផលជូនពលរដ្ឋ។ ក្តីសង្ឃឹមនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ចុះពិនិត្យ និងសិក្សាពីកង្វះទីផ្សារនាំចេញកសិផល និងស្តង់ដារ នៃការដឹកជញ្ជូនកសិផលរបស់កសិករនៅតាមព្រំដែនកម្ពុជា និង ថៃ។ សង្គមស៊ីវិលយល់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរមានយុទ្ធសាស្ត្រ និងផែនការយូរអង្វែង ធ្វើឱ្យពលរដ្ឋមានទីផ្សារលក់កសិផលត្រឹមត្រូវ ហើយមានតម្លៃប្រសើរ។
ប្រជាកសិករខ្មែរនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោះស្រាយបញ្ហាទីផ្សារលក់កសិផលរបស់គាត់ ដូចជា ពោតក្រហម និងផ្លែមៀនឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យពួកគាត់ខិតខំដាំដុះបានផល តែគ្មានទីផ្សារ និងលក់បានតម្លៃថោក។
ពលរដ្ឋដាំមៀនស្រុកកំរៀងម្នាក់ សូមមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ កក្កដាថា ដោយសារគ្មានទីផ្សារលក់តាង៉ែន ឬមៀនប៉ៃលិននាពេលកន្លងមក ធ្វើឱ្យកសិករដូចពួកលោកមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ព្រោះចំណាយដើមទុនលើការប្រើប្រាស់ជី និងស្រោចទឹកប្រើប្រាស់ប្រេងមានតម្លៃថ្លៃ មិនសមាមាត្រ និងតម្លៃផលដែលទទួលបាន។ លោកបញ្ជាក់ថា មិនមែនតែពលរដ្ឋស្រុកកំរៀង បាត់ដំបង និងប៉ៃលិននោះទេ គឺខេត្តផ្សេងៗ នៅជាប់ព្រំដែន គឺមានបញ្ហាដូចគ្នា។ លោកសង្ឃឹមថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីកសិកម្មសហការគ្នាជួយរកទីផ្សារ និងផ្តល់បច្ចេកទេស ដើម្បីឱ្យកសិកររួចផុតពីវិបត្តិសេដ្ឋកិច្ចគ្មានទីផ្សារនេះ៖« ទីផ្សារកន្លងមកបរាជ័យរហូត តែមិនដឹងជាឆ្នាំនេះ ក៏មិនដឹងជាយ៉ាងណា ហើយថ្នាំ ការចំណាយ ការបញ្ជា ការថែទាំរបស់វាហ្នឹង យើងចំណាយច្រើនណាស់ ដំណាំតាង៉ែន ( មៀនប៉ៃលិន ) នេះវាហៅថា ដំណាំស្ដេចផ្លែឈើ។ បច្ចុប្បន្នហ្នឹង បញ្ហាប្រេង បញ្ហាថ្នាំហ្នឹងថ្លៃ ប្រេងឡើងដល់កំពូលហើយ។ សម្រាប់ខ្ញុំប្រជាពលរដ្ឋបញ្ហាជម្លោះអ៊ុយក្រែន ជម្លោះរុស្សី អាហ្នឹងវាជាករណីមួយ ដែលពាក់ព័ន្ធអន្តរជាតិ ធ្វើឱ្យសេដ្ឋកិច្ច ពិភពលោកវាប្រែប្រួលក្រឡាប់ចក្រអ៊ីចឹងហើយ ប៉ុន្តែទីផ្សារស្រុកយើង បើយើងយកអាហ្នឹងមកផ្អែកអារឿងសេដ្ឋកិច្ចស្រុកខ្មែរ គឺប្រជាពលរដ្ឋខ្មែរស្លាប់ហើយ មិនមែនស្លាប់ដោយសារគេអារកទេ ឬស្លាប់រឿងចោរអីទេ គឺស្លាប់ដោយសេដ្ឋកិច្ចហ្នឹងតែម្ដង។ សេដ្ឋកិច្ចយើង ទីផ្សារយើង យើងផលិតបានមកវាអត់មានតម្លៃ ការចំណាយទៅវាធំ វាច្រើនណាស់ ដល់យើងលក់ទៅបានតិច ដល់អ៊ីចឹងវាអត់សមាមាត្រគ្នា វាអត់ស្មើគ្នា ធ្វើឱ្យគាត់រស់អត់បាន » ។
ទន្ទឹមគ្នានេះ ពលរដ្ឋដាំពោតក្រហម ស្រុកភ្នំព្រឹកម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះ ថ្លែងថា លោកជួបបញ្ហាសេដ្ឋកិច្ចច្រើន ព្រោះជួបបញ្ហាភ្លៀងធ្លាក់ខ្លាំង ហើយឆ្នាំនេះទទួលបានផលមធ្យម ប៉ុន្តែស្របពេលឆ្នាំនេះតម្លៃទំនិញ តម្លៃជី និងប្រេងឡើងថ្លៃនាំឱ្យតម្លៃកសិផលបានមក មិនគ្រប់គ្រាន់ និងការចំណាយកន្លងមក ។ លោកថា ដោយសារទីផ្សារកសិកម្មគ្មានលំនឹង ធ្វើឱ្យលោកចំណាយច្រើន។ លោកមានសង្ឃឹម ក្រោយពីរដ្ឋមន្ត្រីពាណិជ្ជកម្មសន្យាដោះស្រាយបញ្ហាទីផ្សារ និងធ្វើឱ្យមានទីផ្សារច្បាស់លាស់ងាយស្រួលក្នុងការដាំដុះដំណាំ៖ « ឆ្នាំនេះទិន្នផលបានបង្គួរ គ្រាន់ថា វាមិនជាអន់ពេក ឬក៏វាមិនល្អ ម៉ាល្មមម៉ាសមរម្យយើងបានបង។ បាទរឿងវត្ថុធាតុដើម ឆ្នាំនេះ ខាងជីខាងអីហ្នឹងឡើងថ្លៃ យើងលក់ទិន្នផលតម្លៃសមតុល្យទៅ ដំបូងដើមទីទៅសមរម្យ តែដល់កណ្ដាលទីរាងធ្លាក់ទីផ្សារតិច ដោយតែមានបញ្ហារកាំរកូសតិចតួច។ ប្រជាពលរដ្ឋចង់ឱ្យតែមានទីផ្សារល្អ រឿងទីផ្សារកូនចៅចង់តែបានថា ឱ្យបានតែល្អ ឱ្យតែសមរម្យតម្លៃដែលយើងទទួលស្គាល់បាន។ យើងក៏មិនចង់បានខ្ពស់ពេក មិនចង់បានទាបពេក ម៉ាល្មមសមរម្យ សម្រាប់យើងសរុប ( តូតាល់ ) ទៅវិញ ព្រោះឆ្នាំនេះជីឡើងគុណជា២ ពូជក៏ឡើងរាងក្រែល ( ច្រើន ) ជាងមុនដែរ ហើយមួយទៀតម៉ាស៊ូត សាំង ក៏រាងឡើងដែរ » ។
ការលើកឡើងរបស់ពលរដ្ឋនេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី១៩ ខែកក្កដា បានដឹកនាំមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះពិនិត្យបញ្ហានៃការនាំចេញកសិផលពោតក្រហម និងមៀនប៉ៃលិន ដើម្បីសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារ ឬការរកទីផ្សារឲ្យច្រើនទូលាយ និងបន្ថែមតម្លៃកែច្នៃទៅក្នុងខ្សែសង្វាក់តម្លៃផ្គត់ផ្គង់ កសិផល តាមបណ្ដាខេត្តជាប់ព្រំដែនថៃ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជួបជាមួយកសិករ តំណាងសៃឡូ ដែលប្រមូលទិញកសិផល ដើម្បីជជែកពីបញ្ហាប្រឈម និងការរកដំណោះស្រាយ បញ្ហាតម្លៃវត្ថុធាតុដើមតម្លៃខ្ពស់ បញ្ហាបច្ចេកទេស ស្តង់ដារសម្រាប់ផលិតផលពោតក្រហម និងមៀនប៉ៃលិន។ ក្នុងជំនួបនោះ កសិករ និងតំណាងសៃឡូ ស្នើឱ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសាធារណៈការទាក់ទង និងការកំណត់ស្តង់ដារទម្ងន់រថយន្តផ្ទុកខុសគ្នារវាងកម្ពុជា និងថៃ ដើម្បីឱ្យពលរដ្ឋមានការដឹកជញ្ជូនកសិផល និងនាំចេញពោតដំណើរការបានប្រសើរ។ លោក ប៉ាន សូរស័ក្តិ ណែនាំឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយបញ្ហាឱ្យបានឆាប់បំផុត រីឯបញ្ហាទាក់ទង នឹងអន្តរវិស័យ ក្រសួងពាណិជ្ជកម្ម នឹងពាំនាំយកសំណូមពរទាំងនេះទៅពិនិត្យជាមួយបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធ សំដៅចៀសវាងការជួបបញ្ហាប្រឈមដដែលៗ ជាឧបសគ្គដល់ការផលិត និងការនាំចេញរបស់ពលរដ្ឋ។
ពាក់ព័ន្ធរឿងនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាល ត្រូវប្រញាប់ដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យចំបញ្ហា និងទាន់ពេលវេលា កុំឱ្យពលរដ្ឋឈានដល់មានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោកបន្តថា រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មត្រូវមានការលើកទឹកចិត្តឱ្យកសិកររួចផុតពីកត្តាប្រឈមពីវត្ថុធាតុដើម។ លោកលើកឡើងថា រដ្ឋាភិបាលត្រូវធ្វើការបង្កើននូវថវិកាជាតិ ដើម្បីជួយទប់ និងទិញកសិផលរបស់ពលរដ្ឋ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការនាំចេញកសិផល ហើយរដ្ឋត្រូវផ្តល់ទុនដល់កសិករក្នុងកម្រិតអត្រាការប្រាក់ទាបក្នុងការបង្កបង្កើនផល៖ « ទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក គឺជាចំណុចសំខាន់ ពិសេសគឺការស្វែងរកនូវយុទ្ធសាស្ត្រម៉េច ដើម្បីកែច្នៃនូវផលិតផលរបស់គាត់ហ្នឹងអាចនាំចេញ ឬក៏អាចដោះស្រាយ ក៏ដូចជា លក់ក្នុងស្រុកបាន ទាំងនៅក្នុងក្រៅស្រុកបាន ដោយធ្វើយ៉ាងម៉េច កុំឱ្យគាត់ខាតបង់ខ្ពស់ ។ រៀបចំឱ្យមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការនាំនូវផលិតផលចេញ ហើយហ្នឹង ប្រព័ន្ធនៃខ្សែសង្វាក់ទីផ្សារ និងចង្វាក់តម្លៃហ្នឹង គឺជាចំណុចសំខាន់។ ហើយមួយវិញទៀត ការអន្តរាគមន៍ ឬក៏កម្ចីជាថវិកាជាតិ ក្នុងការកម្ចីទុនដោយមានអត្រាការប្រាក់ទាប ដល់កសិករ ក៏ជាចំណុចដែលអាចជួយនូវក្នុងសម្រាល និងកាត់បន្ថយដែរ។ ទំនាក់ទំនងការទូត នៃផ្នែកពាណិជ្ជកម្មនាំផលិតផលទៅកាន់ក្រៅប្រទេស ក៏ជាចំណុចសំខាន់ដែរបាទ » ។
កន្លងមក ពលរដ្ឋខ្មែរជាកសិករ តែងជួបប្រទះទុក្ខលំបាកគ្មានទីផ្សារ ក្រោយពីការប្រមូលបានកសិផល។លើសពីនេះប្រជាកសិករ ដែលចេញតវ៉ារកដំណោះស្រាយទីផ្សារពីរដ្ឋាភិបាល មិនត្រឹមតែគ្មានដំណោះស្រាយទេ ថែមទាំងត្រូវអាជ្ញាធររដ្ឋាភិបាល គំរាមកំហែង និងចាប់ដាក់ពន្ធនាគារ ឬប្ដឹងផ្ដល់ទៅតុលាការថែមទៀត។ ជាក់ស្ដែងកសិករម្នាក់ លោក ងួន លី ដែលគ្រាន់តែបង្ហោះសារតាមហ្វេសប៊ុកថា ផ្លែមៀនជាច្រើនតោន ត្រូវសល់ចោលមន្ត្រីរបស់លោក ហ៊ុន សែន មិនបានចុះមកទិញតាមការសន្យានោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការកាត់ទោសដាក់ពន្ធនាគារ ១០ខែ។ ករណីថ្មីៗ នេះ កសិករ ៤នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដោយសារពួកគាត់តវ៉ានឹងអាជ្ញាធរ ក្រុមជញ្ជីងចល័ត ហាមឃាត់ឡានដឹកពោតទៅប្រទេសថៃថា ជាការធ្វើឱ្យតម្លៃពោតចុះថោក និងគ្មានអ្នកទិញ។ បច្ចុប្បន្ននេះ បញ្ហាតម្លៃ និងទីផ្សារលក់កសិផលរបស់ប្រជាកសិករនៅខេត្តជាប់ព្រំដែនថៃ ហាក់ក្លាយជាបញ្ហារសើបមួយ ដោយពួកគាត់មិនសូវហ៊ានបញ្ចេញមតិទាមទាររកដំណោះស្រាយឡើយ ព្រោះបារម្ភពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។