ការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃដំបូង គឺថ្ងៃទី១ ខែឧសភា មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមើលឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិ ឆ្លងដែនចេញចូលប្រទេសថៃតិចតួច និងមានស្ថានភាពស្ងប់ស្ងាត់។ ពួកគាត់ មើលឃើញថា មូលហេតុដែលមិនមានអ្នកឆ្លងដែននេះ ដោយសារអាជ្ញាធរតម្រូវឲ្យបំពេញបែបបទច្រើន ដែលបង្កការលំបាកដល់អ្នកធ្វើដំណើរធ្វើឲ្យពួកគាត់លែងចង់ឆ្លងដែនចូលទៅប្រទេសថៃ។
ថ្ងៃដំបូងនៃបើកព្រំដែនកម្ពុជា ថៃ ច្រកប៉ោយប៉ែត មានសភាពស្ងប់ស្ងាត់ មានអ្នកលក់ដូរ អ្នករត់ម៉ូតូឌុប អ្នកអូសរទេះ និងអ្នកដំណើរឆ្លងដែនចូលទៅប្រទេសថៃ តិចតួចប៉ុណ្ណោះ ប្រជាពលរដ្ឋអំពាវនាវ ឱ្យអាជ្ញាធរកម្ពុជានិងថៃបន្ធូរបន្ថយការបំពេញបែបបទចូលទៅប្រទេសថៃ ដើម្បីងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងសង្ឃឹមថា ស្ថានការណ៍នឹងវិលត្រឡប់មកដូចដើមវិញ ក្នុងពេលឆាប់ៗ។
ប្រជាពលរដ្ឋម្នាក់មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត លោក ឥន្ទ ជីវ័ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែឧសភាថា រដ្ឋាភិបាលកម្ពុជា-ថៃ បើកច្រកព្រំដែនមែន នៅថ្ងៃទី១ឧសភា តែមិនសូវមានមនុស្សអ៊ូអរចេញចូលច្រើនទេ។ លោកបន្តថា អាជីវករដែលមានតូបលក់ដូរក្នុងផ្សាររោងក្លឿពីមុន ត្រូវបានអាជ្ញាធរថៃឲ្យមកលក់នៅតាមចិញ្ចើមថ្នល់អស់ហើយ ហើយអ្នកដែលធ្លាប់ចេញចូលទៅលក់ដូរនៅថៃក៏ពិបាកចេញចូលដែរ ព្រោះអាជ្ញាធរថៃតឹងរ៉ឹងជាងមុន ដោយតម្រូវឲ្យមានឯកសារគ្រប់គ្រាន់ ដូចមានលិខិតឆ្លងដែនប៉ាស្ព័រ (Passport) និងប័ណ្ណឆ្លងដែនបរដឺផាស (Border Pass) ភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំង ឬត្រូវមានលទ្ធផលការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយឧបករណ៍ (ATK) ក្នុងរយៈពេល៤៨ម៉ោង ទើបអាចចូលប្រទេសថៃបាន៖ « មានម៉ូយហៅទៅអញ្ចឹងក៏ទៅណា ក៏បានដឹកទៅ បាន២ម៉ឺន១ម៉ឺនអ៊ីចឹងទៅ បើអត់មានម៉ូយតេហៅទៅដឹកទេ ក៏គ្មានបានរត់អញ្ចឹងទៅបាទ។ទេ។ រត់នៅជាយដែននឹង ដឹកបានតែក្នុងក្រុង ជាយដែនក្រុងប៉ោយប៉ែតហ្នឹង ដឹកវិលទៅវិលមកក្នុងក្រុងប៉ោយប៉ែតហ្នឹងក្បែរៗព្រំដែន។ ពិបាកដែរមិនងាយស្រួលទេ ព្រោះតាំងពីកូវីដមក៍រក៍លុយមិនបានទេ ដល់ឥឡូវហ្នឹង »។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតមកពីស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលប្រកបរបរដើររើសអេតចាយនៅក្រុងប៉ោយប៉ែតលោក ហ៊ិន សេងអឿន ឲ្យដឹងថា ការបើកច្រកនេះ នៅមិនទាន់ទូលំទូលាយប៉ុន្មានទេ ព្រោះត្រូវតែមានឯកសារគ្រប់គ្រាន់ទើបចូលទៅថៃបាន។ លោកឲ្យដឹងបន្ថែមថា មានកម្លាំងប៉ូលិសប្រទេសទាំងពីរកម្ពុជា ថៃ ច្រើនជាងថ្ងៃធម្មតា ដើម្បីសម្រួលដល់អ្នកដំណើរ។
លោកសង្ឃឹមថា នៅពេលបើកច្រកព្រំដែនបានស្រួលបួលនឹងងាយរកស៊ី ដឹកភ្ញៀវចេញចូលបានច្រើន៖ « បាទ ! ខ្ញុំជាប្រជាជនប្រជាពលរដ្ឋនៅប៉ោយប៉ែត ក៏តំណាងឲ្យតែទាំងអស់គ្នានឹង ព្រោះអីប្រជាជនយើងនៅប៉ោយប៉ែតជួបវិបត្តិសេដ្ឋកិច្ចនៅច្រកតែទាំងអស់គ្នាហ្នឹង ព្រោះអីសេដ្ឋកិច្ចនៅច្រក យើងរកស៊ីនៅច្រកហ្នឹង បើសិនជាច្រកគេបើកយើងមានភាពរីករាយហើយសប្បាយ ដែលបានចូលទៅប្រកបមុខរបរជីវភាពចិញ្ចឹមគ្រួសារវិញហ្នឹងណាលោកគ្រូ។ ប៉ុន្តែខ្ញុំសំណូមពរឲ្យអាជ្ញាធរខ្មែរយើងជួយសម្រួលហើយអាជ្ញាធរថៃឲ្យជួយសម្រួលឲ្យស្រួលឲ្យដូចពីមុន ឲ្យមានការយើងធ្វើជាកាតចេញចូលដូចមុនអញ្ចឹងណាលោកគ្រូ។ឲ្យយើងចេញចូលទៅហើយយើងចេញល្ងាច។ ចូលព្រឹកចេញល្ងាចអញ្ចឹងដើម្បីយើងវិលមកខ្មែរវិញ ឲ្យបើកអញ្ចឹងឲ្យស្រួលបួលឲ្យដូចមុន » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំរឿងនេះបានទេនៅថ្ងៃទី១ ខែឧសភា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការ អាដហុក ខេត្តបន្ទាយមានជ័យលោក ស៊ុម ច័ន្ទគា យល់ឃើញថា បញ្ហាដែលបង្កឱ្យរាំងស្ទះដល់អ្នកដំណើរនេះដោយសារការធ្វើប័ណ្ណឆ្លងដែនបរដឺផាស (Border Pass)របស់អាជ្ញាធរខ្មែរមានតម្លៃថ្លៃទៅដល់១ពាន់ ៥រយបាត ឬស្មើប្រមាណ៤៧ដុល្លារ ហើយត្រូវទៅធ្វើរហូតដល់ទីស្នាក់ការខេត្ត ដែលមានផលលំបាកសម្រាប់ប្រជាជនដែលមានចំណូលទាប ហើយប័ណ្ណនេះប្រើបានតែ៧ថ្ងៃប៉ុណ្ណោះ សម្រាប់ពលរដ្ឋដែលត្រូវត្រឡប់មកខ្មែរវិញ។ លោកបញ្ជាក់បន្ថែមថា ខ្មែរគ្មានទំនិញអ្វីធំដុំយកទៅលក់នៅប្រទេសថៃទេ មានតែលក់កម្លាំងពលកម្ម ដើម្បីដូរយកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
លោក ស្នើឲ្យអាជ្ញាធរមានការធ្វើប័ណ្ណឆ្លងដែនមានតម្លៃទាប នឹងដាក់ទីស្នាក់ការនៅក្រុងប៉ោយប៉ែតតែម្ដង៖ « ពលរដ្ឋសុទ្ធសឹងតែជាមនុស្សក្រីក្រដើម្បីខិតខំប្រឹងប្រែងយ៉ាងម៉េចដើម្បីឲ្យមានលុយកាក់ហ្នឹងដោះស្រាយជីវភាពរបស់ពួកគាត់ និងសងធនាគារផង។ អញ្ចឹងមន្ត្រីដែលជាភ្នាក់ងាររដ្ឋបម្រើរាស្ត្រមួយនេះ គួរតែយកចិត្តទុកដាក់ហើយធ្វើយ៉ាងណា ជួយសម្រួលដល់ពួកគាត់ ដើម្បីកុំឲ្យមានលុយក្រោមតុ មានលុយអីច្រើនហើយមានអំពើពុករលួយអីច្រើន មន្ត្រីបង្កើតឡើងដើម្បីបម្រើរាស្ត្រ ដែលមានស្មារតីមានបេះដូងថាជាខ្មែរ ខ្មែរស្រឡាញ់ខ្មែរ យកចិត្តទុកដាក់ដើម្បីអាចជួយយ៉ាងណាដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ នេះជាការប្រសើរបាទ » ។
តាមរបាយការណ៍អាជ្ញាធរថៃឲ្យដឹងថា ខេត្តរបស់ប្រទេសថៃ ជាប់ព្រំដែនអន្តរជាតិជាមួយប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចេញចូលបានគឺមាន៤ខេត្ត រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាច និងខេត្តចន្ទបុរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។