បើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ថ្ងៃ​ដំបូង ​មាន​ភាព​ស្ងប់ស្ងាត់

0:00 / 0:00

ការ​​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ នៅ​ថ្ងៃ​ដំបូង​ គឺថ្ងៃទី១ ខែឧសភា មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឆ្លងដែន​ចេញចូល​ប្រទេស​ថៃ​តិចតួច និង​មាន​ស្ថាន​ភាព​ស្ងប់ស្ងាត់។ ពួកគាត់​ មើល​ឃើញ​ថា មូលហេតុ​ដែល​មិន​មាន​អ្នក​ឆ្លងដែន​នេះ ដោយសារ​អាជ្ញាធរ​តម្រូវ​ឲ្យ​បំពេញ​បែបបទ​ច្រើន​ ដែល​បង្ក​ការ​លំបាក​​​ដល់​អ្នកធ្វើ​ដំណើរ​ធ្វើ​ឲ្យ​ពួក​គាត់​លែង​ចង់​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​។

ថ្ងៃ​ដំបូង​​​នៃបើក​​ព្រំដែន​កម្ពុជា ថៃ ច្រកប៉ោយប៉ែត មាន​សភាព​ស្ងប់ស្ងាត់ មាន​អ្នក​លក់ដូរ​ អ្នក​រត់​ម៉ូតូឌុប​ អ្នក​អូស​រទេះ និង​អ្នកដំណើរ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ តិចតួច​ប៉ុណ្ណោះ​​ ប្រជាពលរដ្ឋ​អំពាវនាវ ឱ្យ​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បន្ធូរបន្ថយ​ការ​បំពេញ​បែបបទ​​ចូល​ទៅ​ប្រទេស​ថៃ​ ដើម្បី​​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​សង្ឃឹមថា ​ស្ថានការណ៍​នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ ក្នុងពេលឆាប់ៗ។

ប្រជាពលរដ្ឋ​ម្នាក់​មក​​ពី​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្រុង​ប៉ោយប៉ែត លោក​ ឥន្ទ ជីវ័ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី១ ខែឧសភាថា​ រដ្ឋាភិបាល​​កម្ពុជា-ថៃ​ បើក​ច្រក​ព្រំដែន​​មែន នៅ​ថ្ងៃ​​ទី១ឧសភា តែ​មិន​សូវ​មាន​មនុស្ស​អ៊ូអរ​ចេញចូល​ច្រើន​ទេ។ លោក​បន្ត​ថា អាជីវករ​ដែល​មាន​តូប​លក់​ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ​ពីមុន​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឲ្យ​មក​លក់​នៅ​តាម​ចិញ្ចើមថ្នល់​អស់​ហើយ ហើយ​អ្នក​ដែល​ធ្លាប់​ចេញ​ចូល​ទៅ​លក់​ដូរ​នៅ​ថៃ​ក៏​ពិបាក​ចេញចូល​ដែរ​ ព្រោះ​អាជ្ញាធរ​ថៃ​តឹងរ៉ឹង​ជាង​មុន​ ដោយ​​តម្រូវ​ឲ្យ​មាន​ឯកសារ​​គ្រប់គ្រាន់​ ដូច​មាន​លិខិត​ឆ្លងដែន​ប៉ា​ស្ព័រ (Passport) និង​ប័ណ្ណ​ឆ្លងដែន​បរ​ដឺ​ផាស (Border Pass) ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​ត្រូវ​មាន​​លទ្ធផល​ការ​ធ្វើ​តេ​ស្ត​រហ័ស​​រក​ជំងឺ​​កូ​វីដ​-១៩ ដោយ​ឧបករណ៍ (ATK) ក្នុង​រយៈពេល​៤៨ម៉ោង ទើប​អាច​ចូល​ប្រទេស​ថៃ​បាន៖ « មាន​ម៉ូយ​ហៅ​ទៅ​អញ្ចឹង​​ក៏​ទៅ​ណា ក៏បាន​ដឹក​ទៅ បាន​២ម៉ឺន​១ម៉ឺន​អ៊ីចឹង​ទៅ បើ​អត់​មាន​ម៉ូយ​​តេ​ហៅ​ទៅ​ដឹក​ទេ​ ក៏​គ្មាន​​បាន​រត់​អញ្ចឹង​ទៅ​បាទ។ទេ។​ រត់​នៅ​ជាយ​ដែន​នឹង ដឹក​បាន​តែ​ក្នុង​ក្រុង ​ជាយ​ដែន​​ក្រុង​ប៉ោយប៉ែត​ហ្នឹង ដឹក​វិល​ទៅ​វិល​មក​ក្នុង​ក្រុង​ប៉ោយប៉ែត​ហ្នឹង​ក្បែរ​ៗ​ព្រំដែន​។​ ពិបាក​ដែរ​មិន​ងាយ​ស្រួល​ទេ ព្រោះ​តាំង​ពី​កូវីដ​មក៍​រក៍​លុយ​មិន​បាន​ទេ ដល់​ឥឡូវ​ហ្នឹង »។

ស្រដៀង​គ្នា​នេះ​​ដែរ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​​មក​ពី​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម ដែល​ប្រកប​របរ​ដើរ​រើស​អេតចាយ​នៅ​ក្រុង​ប៉ោយប៉ែតលោក​ ហ៊ិន សេងអឿន​ ​ឲ្យ​ដឹង​ថា​ ការ​បើក​ច្រក​​នេះ​ នៅ​មិន​ទាន់​​ទូលំទូលាយ​ប៉ុន្មាន​ទេ ព្រោះ​ត្រូវ​តែ​មាន​ឯកសារ​គ្រប់គ្រាន់​ទើប​ចូល​ទៅ​ថៃ​បាន។ ​លោក​ឲ្យ​ដឹង​បន្ថែម​ថា​​ មាន​កម្លាំង​​ប៉ូលិស​ប្រទេស​​ទាំងពីរ​កម្ពុជា ថៃ ​ច្រើន​ជាង​ថ្ងៃ​ធម្មតា ដើម្បី​សម្រួល​ដល់​អ្នក​ដំណើរ​។

លោក​សង្ឃឹម​ថា​ នៅ​ពេល​បើក​ច្រក​ព្រំដែន​បាន​ស្រួលបួល​នឹង​ងាយ​រក​ស៊ី ដឹក​ភ្ញៀវ​ចេញចូល​បាន​ច្រើន៖ « បាទ ! ខ្ញុំ​ជា​ប្រជាជន​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ក៏​តំណាង​ឲ្យ​តែ​ទាំងអស់​គ្នា​នឹង​ ព្រោះ​អី​ប្រជាជន​​យើង​នៅ​ប៉ោយប៉ែត​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅ​ច្រក​​តែ​ទាំងអស់​គ្នា​ហ្នឹង ព្រោះ​អី​សេដ្ឋកិច្ច​នៅ​ច្រក​ យើង​រក​ស៊ី​នៅ​ច្រក​ហ្នឹង​ បើ​សិន​ជា​ច្រក​គេ​បើក​យើង​មាន​ភាព​រីករាយ​ហើយ​សប្បាយ ដែល​បាន​ចូល​ទៅ​ប្រកប​មុខ​របរ​ជីវភាព​ចិញ្ចឹម​គ្រួសារ​​វិញ​ហ្នឹង​ណា​លោក​គ្រូ។ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខ្មែរ​យើង​ជួយ​សម្រួល​ហើយ​អាជ្ញាធរ​ថៃ​ឲ្យ​ជួយ​សម្រួល​ឲ្យ​ស្រួល​ឲ្យ​ដូច​​ពី​មុន​ ឲ្យ​មាន​ការ​​យើង​ធ្វើ​ជា​កាត​ចេញ​ចូល​ដូច​មុន​អញ្ចឹង​ណា​លោក​គ្រូ។​ឲ្យ​យើង​ចេញចូល​ទៅ​ហើយ​យើង​ចេញ​ល្ងាច​។ ចូល​ព្រឹក​ចេញ​ល្ងាច​អញ្ចឹង​ដើម្បី​យើង​​វិល​មក​ខ្មែរ​វិញ ឲ្យ​បើក​អញ្ចឹង​ឲ្យ​ស្រួលបួល​ឲ្យ​ដូច​មុន »

វិទ្យុ​អាស៊ី​​សេរី មិន​​អាច​ទាក់ទង​អភិបាលខេត្ត​ខេត្ត​បន្ទាយមានជ័យលោក​ អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​រឿង​នេះបានទេនៅថ្ងៃទី១ ខែឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ អាដ​ហុក​ ខេត្ត​បន្ទាយមានជ័យលោក​ ស៊ុម ច័ន្ទ​គា យល់​ឃើញ​ថា​ បញ្ហា​ដែល​បង្ក​​ឱ្យ​រាំង​ស្ទះ​ដល់​អ្នក​ដំណើរ​នេះ​​ដោយ​សារ​ការ​ធ្វើ​ប័ណ្ណ​ឆ្លងដែន​បរ​ដឺ​ផាស (Border Pass)​របស់​​អាជ្ញាធរ​ខ្មែរ​មាន​តម្លៃ​ថ្លៃ​ទៅ​ដល់​១ពាន់ ៥រយ​បាត ឬស្មើប្រមាណ៤៧ដុល្លារ ហើយ​ត្រូវ​ទៅ​ធ្វើ​រហូត​ដល់​ទី​ស្នាក់​ការ​ខេត្ត​​ ដែល​មាន​ផល​លំបាក​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ ហើយ​ប័ណ្ណ​នេះ​ប្រើ​បាន​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​ សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ត្រឡប់​មក​ខ្មែរ​វិញ។ លោក​បញ្ជាក់​បន្ថែម​ថា ខ្មែរ​គ្មាន​ទំនិញ​អ្វី​ធំ​ដុំ​យក​ទៅ​លក់​​នៅ​ប្រទេស​ថៃ​ទេ​ មាន​តែ​លក់​កម្លាំង​ពលកម្ម​​ ដើម្បី​ដូរ​យក​លុយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

លោក ស្នើ​ឲ្យ​អាជ្ញាធរ​មាន​ការ​ធ្វើ​ប័ណ្ណ​ឆ្លងដែន​មាន​តម្លៃ​ទាប​ នឹង​​ដាក់​ទី​ស្នាក់​ការ​នៅ​ក្រុង​ប៉ោយប៉ែត​តែម្ដង៖ « ពលរដ្ឋ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ក្រីក្រ​ដើម្បី​ខិតខំ​​ប្រឹងប្រែង​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​មាន​លុយ​កាក់​ហ្នឹង​ដោះ​ស្រាយ​ជីវភាព​របស់​ពួក​គាត់ ​និង​សង​ធនាគារ​ផង។ អញ្ចឹង​មន្ត្រី​ដែល​ជា​ភ្នាក់ងារ​រដ្ឋ​បម្រើ​រាស្ត្រ​មួយ​នេះ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ហើយ​ធ្វើ​យ៉ាង​ណា ជួយ​សម្រួល​ដល់​ពួក​គាត់ ដើម្បី​កុំ​ឲ្យ​មាន​លុយ​ក្រោម​តុ​ មាន​លុយ​អី​ច្រើន​ហើយ​មាន​អំពើ​ពុក​រលួយ​អី​ច្រើន​​ មន្ត្រី​បង្កើត​ឡើង​ដើម្បី​បម្រើ​រាស្ត្រ ដែល​មាន​ស្មារតី​មាន​បេះដូង​ថា​ជាខ្មែរ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ យក​ចិត្ត​​ទុក​ដាក់​ដើម្បី​អាច​​ជួយ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់ នេះ​ជា​ការ​ប្រសើរ​បាទ »

តាម​របាយ​ការណ៍​អាជ្ញាធរ​ថៃ​ឲ្យ​ដឹង​ថា ខេត្ត​របស់​​ប្រទេស​ថៃ ជាប់​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​កម្ពុជា ដែលអនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញចូល​បាន​​គឺ​មាន​៤​ខេត្ត​ រួម​មាន​ ខេត្ត​ស្រះ​កែវ ខេត្ត​សុរិន្ទ​ ខេត្ត​ត្រាច និង​ខេត្ត​ចន្ទ​បុរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។