ពលរដ្ឋរស់នៅតាមច្រកព្រំដែនខ្មែរ ថៃ ងាយស្រួលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរចេញចូលបន្ទាប់ពីអាជ្ញាធរនៃប្រទេសទាំងពីរបាន បើកឲ្យដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឡែម (ច្រកដូង) កាលពីថ្ងៃទី១ ឧសភាកន្លងមក។ អាជ្ញាធរនៃប្រទេសទាំងពីរបានបើកបិទច្រកចេញចូលនេះ អស់រយៈពេលជាងពីរឆ្នាំមកហើយដោយសារតែវិបត្តិជំងឺកូវីដ១៩។
នៅតាមច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ អនុញ្ញាតឲ្យអ្នកធ្វើដំណើរចេញចូលដោយងាយ តែត្រូវមានលិខិតឆ្លងដែនប៉ាស្ព័រ (Passport) ឬប័ណ្ណឆ្លងដែន (Border Pass) ភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងទើបអាចឆ្លងដែនបាន។ ពលករ និងអ្នកធ្វើដំណើរឆ្លងព្រំដែនហាក់មិនមានការឆ្លងកាត់ច្រើនអ្វីគួរឱ្យកត់សំគាល់ឡើយ ប៉ុន្តែមានតែការនាំចេញច្រើនទំនិញ ផ្លែឈើ តែប៉ុណ្ណោះ។ប្រជាពលរដ្ឋម្នាក់នៅប៉ោយប៉ែត លោកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ៦ ខែឧសភាថា ការបើកច្រកនេះមានលក្ខខណ្ឌ ពិបាកច្រើនក្នុងការឆ្លងមិនដូចពីមុន ហើយពលរដ្ឋមិនទាន់មានឯកសារសំរាប់ឆ្លងព្រំដែនទេ ព្រោះទើបបើកច្រកបាន ៦ថ្ងៃប៉ុណ្ណោះ៖ «ប្រញាប់ធ្វើបែបបទសិន ដោយសារឥឡូវនេះ យើងតម្រូវឱ្យមាន Border Pass អញ្ចឹងណាអូនណា Border Pass ហ្នឹងគេហៅថាប័ណ្ណព្រំដែនយើងហ្នឹង យើងត្រូវធ្វើអាហ្នឹងរួចរាល់ទើបអាចចេញចូលទៅខាងថៃបាន»។
ចំណែកឯប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះថា លោកឃើញមានការនាំទំនិញពីថៃមកច្រើន តែប្រជាពលរដ្ឋឆ្លងព្រំដែនពីកម្ពុជាទៅថៃនៅមានចំនួនតិចតួចទេ ព្រោះដោយសារប្រជាពលរដ្ឋមិនកុះករដូចមុនឡើយ ។ លោកគិតថា នេះជាគំនិតរបស់ភាគីថៃ ដែលគេមិនចង់ឱ្យពលរដ្ឋចូលច្រើនដូចមុន ដោយតម្រូវឲ្យមានប័ណ្ណព្រំដែន (Border pass) ហើយនិង ប៉ាស្ព័រ (Passport) និងប្រាក់ធានារ៉ាប់រង ។ ទោះបីជាយ៉ាងណាលោកថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែបន្តឆ្លងដែនដោយខុសច្បាប់ដដែល ទោះបីមានការបើកច្រកព្រំដែនហើយក៏ដោយ៖ «អឺប៉ាស្ព័រហ្នឹងវាធ្វើយូរ ហើយអស់លុយច្រើនទៀត អ៊ីចឹងចង់មិនចង់ទៅចូលតាមរយះមេខ្យល់ វាលឿនជាង អាហ្នឹងហើយជាកត្តានាំឱ្យពួកគាត់ រុញ រុញច្រានពួកគាត់ហ្នឹងទៅតាមខុសច្បាប់ទៅណាស់ ទៅខុសច្បាប់ក៏ខុសទៅឱ្យតែបានការងារធ្វើអ៊ីចឹង ចង់និយាយអ៊ីចឹង»។
លោក ឌិន ពុទ្ធី ក៏សំណូមពរទៅកាន់រដ្ឋាភិបាលផងដែរ ឱ្យជួយសម្រួលឯកសារការធ្វើលិខិតឆ្លងដែនប៉ាស្ព័រ(Passport)ការងារ ដោយលោកសង្កេតឃើញថា ប៉ាស្ព័រ(Passport)ការងារ មានតម្លៃថ្លៃជាងប៉ាស្ព័រ (Passport) ដើរលេងកម្សាន្ត។ លោកបន្ថែមថា ពលរដ្ឋទៅធ្វើការងារដើម្បីរកប្រាក់មកផ្គត់ផ្គងគ្រួសារ ជាការចូលរួមជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុក ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ពួកគាត់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល បានទេជុំវិញរឿងនេះ នៅថ្ងៃនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។