រដ្ឋាភិបាលថា កម្ពុជាមិនបានចុះអនុសញ្ញាការងារជាមួយថៃ ដើម្បីបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការងារនេសាទនៅក្នុងសមុទ្រថៃទេ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមើលឃើញថា នៅតែមានពលករខ្មែរចុះទូកនេសាទច្រើន។
មន្ត្រីក្រសួងមហាផ្ទៃថា មកទល់បច្ចុប្បន្ននេះ កម្ពុជាមិនទាន់ចេញច្បាប់ណាមួយ ឲ្យពលរដ្ឋខ្មែរទៅធ្វើជាពលករនេសាទនៅក្នុងសមុទ្រថៃទេ ព្រោះថៃ និងកម្ពុជា មិនទាន់មានកិច្ចសន្យា ដើម្បីទទួលយកពលករខ្មែរឲ្យមកធ្វើការក្នុងទូកនេសាទតាមសមុទ្រនៅឡើយ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកញ្ញា ថា ពលរដ្ឋខ្មែរនៅតែច្រឡំថាអាចទៅធ្វើការជាពលករនៅតាមទូកនេសាទ ក្នុងសមុទ្រថៃ។ អ្នកស្រីបន្តថា ពលរដ្ឋខ្មែរតែងចាញ់បោកមេខ្យល់លួងលោមយកទៅលក់ ដើម្បីប្រើកម្លាំងពលកម្មនៅលើទូកនេសាទថៃ ដោយមេខ្យល់ពន្យល់ថាការងារទាំងនេះសុទ្ធតែការងារស្របច្បាប់។ អ្នកស្រីបន្ថែមទៀតថា កម្ពុជាពុំទាន់បានចុះអនុសញ្ញាការងារ ឲ្យអនុវត្តច្បាប់ដើម្បីយកពលករខ្មែរឲ្យទៅធ្វើការផ្នែកនេសាទក្នុងសមុទ្រថៃទេ បើមានកម្មករខ្មែរធ្វើការក្នុងទូកនេសាទថៃ ពួកគាត់អាចជាមុខសញ្ញានៃការជួញដូរកម្លាំងពលកម្មដោយខុសច្បាប់។ អ្នកស្រី ជូ ប៊ុនអេង ថ្លែងថា កម្ពុជាកំពុងតែអនុវត្តផែនការការជួញដូរកម្លាំងពលកម្មពលរដ្ឋខ្មែរទៅក្រៅប្រទេស ជាពិសេស ប្រទេសថៃ៖ « យើងចង់ឲ្យមានគេហៅកិច្ចសហការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ ដែលប្រើប្រាស់ពលករតាមទូកនេសាទហ្នឹងណា ដែលគេកំពុងតែជជែកពិភាក្សាពីរឿងថាតើត្រូវធ្វើគោលការណ៍យ៉ាងម៉េច ប៉ុន្តែខាងប្រ ទេសថៃគាត់កំពុងតែត្រូវការពលករអ៊ីចឹងគាត់ចាប់ផ្ដើមផ្ដល់គេហៅថាការអនុញ្ញាតឲ្យចុះទូកចុះអី អ៊ីចឹង អាហ្នឹងហើយ ដែលយើងអត់ទាន់បានឯកភាពគ្នាទេអ៊ីចឹងណាអូន » ។
ផ្ទុយពីការលើកឡើងខាងលើ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ លោក លឹង សុផុន អះអាងថា នៅមានពលករខ្មែរធ្វើការនៅតាមទូកនេសាទនៅសមុទ្រថៃច្រើន ហើយភាគច្រើននៃពលករទាំងនោះ គឺថៅកែតម្រូវឲ្យធ្វើឯកសារសម្គាល់ខ្លួន ដើម្បីបានធ្វើការងារក្នុងទូកនេសាទ។ លោកបន្តទៀតថា ពលករនេសាទបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលថៃ កំណត់ច្បាប់ការងារនេសាទរបស់ពួកគេ ដោយត្រូវឲ្យមានការត្រួតពិនិត្យចំនួនកម្មករពេលដែលចុះទូកនេសាទ និងពេលត្រឡប់មកពីនេសាទវិញ៖ « នៅខាងពាណិជ្ជកម្មនេសាទចុះទូកហ្នឹងគឺត្រូវឲ្យកូនឈ្នួល ដែលយើងជួលយកមកធ្វើការនៅលើទូកហ្នឹងគឺឲ្យត្រូវតាមច្បាប់មិនថាគាត់ជាជនជាតិសាស្ត្រណាទេ។ ថ្មីៗ នេះ ឃើញបងប្អូនពលករមួយចំនួន ដែលគាត់ចុះនេសាទហ្នឹង ដែលខ្ញុំបានជួបគាត់ផ្ទាល់គាត់ថា ឥឡូវហ្នឹងគេមានផ្នែកគេហៅ ភីប៉ូ ភីប៉ូ ហ្នឹង គឺអ្នកត្រួតពិនិត្យចុះទូកឡើងទូកអ៊ីចឹងណាបង » ។
របាយការណ៍អង្គការ ILO បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ពលករធ្វើការក្នុងវិស័យផលិតកម្មគ្រឿងសមុទ្រ និងពលករនេសាទនៅថៃមានជាង ៦សែននាក់ក្នុងនោះ ៣សែន ២ពាន់នាក់ គឺជាពលករជនអន្តោប្រវេសន៍ ហើយបើគិតតែជនអន្តោប្រវេសន៍ចុះទូកនេសាទមានសរុប ៥ម៉ឺន ៧ពាន់នាក់ ដែលបម្រើការងារលើទូកចំនួន ១.០៥៥ទូក។
ជុំវិញបញ្ហានេះដែរ ពលការិនីធ្វើការជាអ្នកត្បាញមងនេសាទ នៅខេត្តសមុទ្រសាខន (Samut Sakhon) មានស្រុកកំណើតនៅខេត្តព្រៃវែង លោកស្រី ជិន សុខា ប្រាប់ថា ប្ដីលោកស្រីជាកម្មករនេសាទ ពេលដែលចុះទូកទៅនេសាទម្ដងៗ គឺប្រើពេលពីរទៅបីថ្ងៃទើបត្រឡប់មកវិញ។ ការចុះទូកនេះ ដោយការស្ម័គ្រចិត្តមិនមានការបង្ខំពីថៅកែទេ ហើយមានកម្មករខ្មែរធ្វើការលើទូកនោះជាងដប់នាក់។ លោកស្រីបន្តថា នៅតំបន់ដែលលោកស្រីរស់នៅ មានកម្មករនេសាទខ្មែរប្រមាណ ៧០នាក់ និងនៅមានកម្មករនេសាទខ្មែរជាច្រើននាក់ទៀតក្នុងខេត្តសមុទ្រសាខន (Samut Sakhon) ខេត្តត្រាត (Trat) និងខេត្តរ៉ាក់យ៉ង (Rayong) ដែលនៅតែបន្តធ្វើការតាមទូកនេសាទ ក្នុងសមុទ្រថៃ៖ « ចាសនេសាទតើបង អត់អីផងបងសុខស្រួលសុខសប្បាយល្អ ចាសអត់អីទេ ហ្នឹងយើងស្ម័គ្រចិត្តនៅខ្លួនឯងស្រួលមិនពិបាក មិនមានអ្នកបង្ខិតបង្ខំអីផង អត់មានអ្នកប្រើអំពើហិង្សាអីទេ អូ ! ពីរថ្ងៃមក ពីរថ្ងៃមកចាស ចេញជិតមិនជ្រៅពេក ទឹកមិនជ្រៅទេម៉ាល្មមម៉ាគេអនុញ្ញាតឲ្យធ្វើការនេសាទបានណាអូន » ។
ធនាគារពិភពលោករាយការណ៍ថា ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤លាននាក់ (៣.៧៦នាក់) នៅក្នុងឆ្នាំ២០១៥ ក្នុងនោះ ៥៣ភាគរយមកពីប្រទេសភូមា ២៦ភាគរយមកពីប្រទេសឡាវ និង ២១ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា កម្មករចំណាកស្រុកកម្ពុជា ឡាវ និងភូមា ដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១.៧២៦.៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។