ការវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះសម្រេចបានចំនួនជិត២ម៉ឺនគម្រោង (១៩.៣២២) ដែលមានទុនវិនិយោគសរុបជាង៣១ពាន់លានដុល្លារ។ក្នុងនោះប្រទេសចិនឈរលំដាប់ទី១នៃការវិនិយោគក្នុងវិស័យនេះខណៈកូរ៉េខាងត្បូង ជប៉ុន និងថៃក៏ជាក្រុមប្រទេសឈានមុខក្នុងការវិនិយោគវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាផងដែរ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ សីហាកន្លងទៅ។
របាយការណ៍ឱ្យដឹងទៀតថារយៈពេលប្រមាណ២០ឆ្នាំមកនេះក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ចំនួនជាង ៥ម៉ឺន ៧ពាន់គម្រោង (៥៧.៥៩០) និងទុនវិនិយោគសរុបជាង ៦៦ពាន់លានដុល្លារ (៦៦.២០៥) ក្នុងនោះគម្រោងអាគារ ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួនជាង ២ពាន់ (២.៤៧២) អាគារ។
ទោះជាយ៉ាងណា ស្របពេលដែលរដ្ឋាភិបាលកំពុងមានមោទនភាពនឹងការរីកចម្រើននៃវិស័យសំណង់នេះសំណង់អគារតូចធំជាច្រើន ដែលមិនទាន់បញ្ចប់ការសាងសង់ ត្រូវបានគេទុកចោល ជាពិសេសនៅខេត្តព្រះសីហនុ។ ពលរដ្ឋឱ្យដឹងថា អាគារទាំងនោះជាកម្មសិទ្ធិរបស់វិនិយោគិនចិន ដែលបានជួលដីពលរដ្ឋខ្មែរសម្រាប់សាងសង់ ប៉ុន្តែពួកគេបានបោះបង់ចោលការសាងសង់អគារទាំងនោះ ក្រោយពីមានការបិទអាជីវកម្មល្បែងអនឡាញខុសច្បាប់ និងការរាតត្បាតជំងឺកូវីដ១៩ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។