ក្រសួងពាណិជ្ជកម្មស្នើឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង វិនិយោគលើការបង្កើតរោងចក្រកែច្នៃកសិផលមួយចំនួន រួមមាន ផ្លែស្វាយ ចេក និងផ្លែមៀនជាដើម សំរាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយអនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (Korean Importers Association -KOIMA)
លោក យ៉ាង ហ្គាយវ៉ង (Gyuhwa JANG) កាលថ្ងៃទី៣ ខែឧសភា។ លោក ប៉ាន សូរស័ក្តិ អះអាងថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ និងសម្របសម្រួល វិនិយោគិនកូរ៉េខាងត្បូង ដើម្បីបំពេញបែបបទតាមនីតិវិធី។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា (Rich Farm Asia) ដែលជាក្រុមហ៊ុនដាំដុះនិងនាំចេញផ្លែចេក និងផ្លែស្វាយ ទៅកាន់ទីផ្សារអន្តរជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គណៈប្រតិភូនៃសមាគមអ្នកនាំចូលកូរ៉េ ក៏បានទៅពិនិត្យមើលនៅចំការចេក និងចំការស្វាយរបស់លោក ដើម្បីមើលពីការដាំដុះ។ លោកថា កសិផលកម្ពុជា មិនអាចពឹងផ្អែកលើទីផ្សារចិនតែមួយបានទេ។
លោក យ៉ាង ហ្គាយវ៉ង ឲ្យដឹងថា សមាគមអ្នកនាំចូលកូរ៉េ មានសមាជិកសមាគមប្រមាណ ១ម៉ឺន៥ពាន់ក្រុមហ៊ុន (១៥.០០០) និងកំពុងវិនិយោគលើគ្រប់វិស័យទាំងនៅក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។ លោកបន្តថា នៅកូរ៉េមានតម្រូវការផលិតផលស្វាយច្រើន ដូចនេះ ការនាំចូលស្វាយពីកម្ពុជា យ៉ាងហោចក៏ ១ ម៉ឺនតោនក្នុង ១ ឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។
របាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ការនាំចេញស្វាយស្រស់ និងផលិតផលកែច្នៃពីស្វាយ បានធ្លាក់ចុះ ក្នុងនោះស្វាយស្រស់មានចំនួនជាង៨ ម៉ឺនតោន (៨១.៤១៨តោន) គឺថយជាង ២០% និងដំណាប់ស្វាយធ្លាក់ចុះជាង១៣% ដែលមានចំនួនជាង៥ពាន់តោន (៥.១៣៦) និងទឹកសេរ៉ូស្វាយ មានចំនួន ៤រយតោន( ៤០៣) ដែលថយចុះជាង ៧៥%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។