លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសូមអភ័យទោសដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលរយៈពេលពីរឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក នៅព្រឹកថ្ងៃទី២៨ ខែមេសា មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។
លោក ហ៊ុន សែន សន្យាក្នុងន័យមិនច្បាស់លាស់ថា នៅឆ្នាំ២០២៣ខាងមុខ រាជរដ្ឋាភិបាលអាចនឹងមានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ប្រសិនបើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរធំហួស បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទេនោះ។
ទាក់ទងករណីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ជំងឺកូវីដ១៩ ពេលនេះវាបានធូរស្បើយហើយ ព្រោះលោកនាយករដ្ឋមន្ត្រីបានប្រកាសលែងឱ្យពាក់ម៉ាស់នៅទីសាធារណៈ ចំណែកឯសង្គ្រាមនៅអ៊ុយក្រែន អត់មានប៉ះពាល់ដល់ពលរដ្ឋកម្ពុជាទេ។ លោកស្រីពិនិត្យឃើញថា បញ្ហាប្រាក់ខែរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀន នៅមានកម្រិតទាបនៅឡើយ មិនអាចផ្គត់ផ្គង់ នឹងជីវភាពប្រចាំថ្ងៃបានសមរម្យ ដោយតម្រូវឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនមន្ត្រីរាជការ៖ «មន្ត្រីរាជការហ្នឹងអត់បានរស់នៅសមរម្យ អ៊ីចឹងត្រូវនាយករដ្ឋមន្ត្រីរកយុទ្ធសាស្ត្រមួយ បើមិនបានដំឡើងបៀវត្សរ៍ឱ្យមន្ត្រីរាជការ គួរតែទប់ទំនិញទីផ្សារ យើងឃើញហើយ ទំនិញទីផ្សារ ទាំងសាំង ទាំងអី គឺឡើង ហក់ឡើងខ្ពស់ណាស់ អ៊ីចឹងធ្វើឱ្យប្រាក់បៀវត្សរ៍របស់គាត់តិចតួចហើយ គឺប្រឈមទៀតចា៎»។
អ្នកស្រីបន្ថែមថា ទំនិញឡើងថ្លៃមិនមែនប៉ះពាល់តែមន្ត្រីរាជការជួបការលំបាកទេ គឺពលរដ្ឋទូទៅក៏ប៉ះពាល់ដល់ជីវភាពពួកគាត់ផងដែរ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនសូវយកចិត្តទុកដាក់ក្នុងការដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនោះទេ ។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងប្រតិកម្មឬគំរាមកំហែង និងធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំង ឬក្រុមអង្គការសង្គមស៊ីវិល ដែលឈឺឆ្អាលជួយទាមទារដំឡើងប្រាក់ខែសម្រាប់មន្ត្រីការ និងកម្លាំងប្រដាប់អាវុធទៀតផង ។ ទោះជាយ៉ាងណា ដោយសារគណបក្សនយោបាយប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ចេញមុខតស៊ូទាមទារដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាញឹកញាប់នេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាលគិតគូរដំឡើងប្រាក់ខែជាបន្តបន្ទាប់នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។