សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តជាតិ​​ជួយ​​ជំរុញ​​ការ​​ប្រកួត​​ប្រជែង​​វិស័យ​​កាត់ដេរ​​នៅ​​កម្ពុជា

សាជីវកម្មហិរញ្ញវត្ថុ​អន្តជាតិ (IFC) កំពុង​ជួយ​ជំរុញ​ការ​ប្រកួតប្រជែងនិង​កំណើន​ប្រកប​ដោយ​ចិរភាព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តជាតិ (IFC) ឲ្យ​ដឹង​ថាទោះបី​ជា​មាន​ការ​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ក៏​ដោយ​ក៏​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ​ក្នុងស្រុក​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​និង​ទឹកតាម​រយៈ​ដំណោះស្រាយប្រកប​ដោយ​និរន្តភាព​ជា​ច្រើន​ ក្រោម​កម្មវិធី​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តជាតិដែល​មាន​គោល​បំណង​បង្កើន​ប្រសិទ្ធភាព​ធនធាន​និង​កាត់​បន្ថយ​ការ​ចំណាយ​ប្រតិបត្តិការ។

នាយិកាប្រតិបត្តិ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុអន្តជាតិប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វីក អ្នកស្រី រ៉ាណា ខារ៉ាដឈេស ហាឌែត​ (Rana Karadsheh-Haddad) ​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី៣១ ខែមីនាថា ថាមពល​ថ្លៃ​និង​ផលិតភាព​ទាប​បាន​ជះឥទ្ធិពល​ដល់ការ​ប្រកួត​ប្រជែង​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។អ្នកស្រី​បន្តថា IFC កំពុងគាំទ្រ​ដល់​កំណើន​វិស័យ​ឯកជន​និង​លើក​កំពស់​ការ​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុកដោយ​បាន​បង្កើន​ភាព​ជាដៃគូជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លំដាប់​ពិភពលោកដើម្បី​ជំរុញ​និរន្តភាព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្ត​ថាសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តជាតិ (IFC) បាន​ជួយ​គាំទ្រ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ចំនួន១០ក្នុង​ផ្នែក​វិស័យ​កាត់ដេរ​និង​សំលៀកបំពាក់កាលពី​ឆ្នាំ២០១៩និង​ឆ្នាំ២០២០ដើម្បី​សន្សំ​សំចៃការ​ប្រើប្រាស់​ថាមពលបាន​ជិត​២០% និងទឹក បានជិត៣០%។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​ស្រុកដែល​បាន​អនុវត្តកម្ម​វិធីនេះនឹង​ត្រូវ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ក្នុងការ​កំណត់​ថ្លៃពី​កម្មវិធី​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​សកល​របស់ (IFC)។

ក្នុង​ឆ្នាំ២០២១កម្មវិធីនេះ​បាន​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ២៧៦ លានដុល្លារ​ដល់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​នៅ​កម្ពុជា។ឧស្សាហកម្មកាត់ដេរ​នៅ​កម្ពុជាបាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៧៥​ម៉ឺន​នាក់ដែល​ភាគ​ច្រើន​ជា​ស្ត្រីនិងបាន​ចូលរួម​ចំណែក​ជាង​១ភាគ៣នៃផលិតផល​សរុប​ក្នុង​ស្រុក​របស់​កម្ពុជា។

ទោះបីជា​កម្ពុជាបាន​នាំចេញ​សំលៀកបំពាក់គិត​ជា​ទឹក​ប្រាក់​ចំនួន​ជាង១១ពាន់​លាន​ដុល្លារ​(១១.៣) ក្នុង​ឆ្នាំ​២០២១​ក៏​ដោយ​ ក៏ថ្លៃចំណាយ​លើ​ថាមពល​ មាន​កម្រិត​ខ្ពស់គួបផ្សំ​នឹង​ផលិត​ភាព​ទាប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។