IMF ព្រមានពី​ហានិភ័យ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដោយសារ​ការកើនឡើងនៃ​បំណុលឯកជន អតិផរណា និង​កត្តា​សេដ្ឋកិច្ច​នៃ​ប្រទេសធំៗ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្យាករថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ២០២២នេះ អាចនឹង​សម្រេចបាន ៥% ហើយនឹងកើនដល់​ជិត ៥,៥% នៅក្នុងឆ្នាំ២០២៣​ខាងមុខ។ IMF ផ្តល់អំណះអំណាង​ថា​កំណើន​នេះ គឺដោយសារតែ​ការបន្ត​រើបឡើងវិញ​នៃ​វិស័យទេសចរណ៍ និង​ការបន្តដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​នានា​របស់​រដ្ឋាភិបាល​ដល់​សេដ្ឋកិច្ច​កម្ពុជា។

នេះបើយោងតាម ​សេចក្តីប្រកាស​ព័ត៌មាន​របស់ IMFកាលពី​ថ្ងៃទី១៨ ខែធ្នូ ជុំវិញ​ការបញ្ចប់​កិច្ចពិគ្រោះយោបល់​វាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២២ រវាង​ក្រុមប្រឹក្សា​នាយកប្រតិបត្តិ​របស់​អង្គការនេះ​ជាមួយ​ភាគីកម្ពុជា។

ទោះយ៉ាងណា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំ២០២២​នេះ កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​សេដ្ឋកិច្ច​នៅប្រទេសចិន ការធ្លាក់ចុះ​នៃ​តម្រូវការរបស់​អ្នកប្រើប្រាស់​ក្នុងប្រទេសជឿនលឿន ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​ដែលជាទីផ្សារ​ចម្បង​សម្រាប់​វិស័យ​កម្មន្តសាល ឬ​ឧស្សាហកម្មផលិត​របស់​កម្ពុជា។ ទន្ទឹមគ្នានេះ អង្គការនេះ រំពឹងថា អត្រាអតិផរណា​នៅកម្ពុជា​នឹងកើនឡើងខ្ពស់​ដល់ចំណុចកំពូល​ក្នុងឆ្នាំ២០២២នេះ ហើយធ្លាក់ចុះទាបបន្តិច​មកវិញ​ក្នុងឆ្នាំ២០២៣។ អង្គការនេះថា ភាពមិនប្រាកដប្រជា​ជុំវិញ​ការវាយតម្លៃនេះ គឺនៅខ្ពស់នៅឡើយ ហើយ​ហានិភ័យទាំងនេះ​អាចបណ្តាល​ឱ្យ​ប៉ះពាល់ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា។

អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMFវាយតម្លៃ​ថា ហានិភ័យ​ដែលប្រឈមខ្លាំងបំផុត​ចំពោះ​សេដ្ឋកិច្ចកម្ពុជា គឺបណ្តាលមក​ពី​ការកើនឡើង​នៃ​បំណុល​ឯកជន លក្ខខណ្ឌ​នានា​នៃ​សេដ្ឋកិច្ច​របស់​ប្រទេសធំៗ និង​កត្តាអតិផរណា។

ក្រុមអភិបាល​នៃ​អង្គការ IMF លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យដាក់ចេញនូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​ដើម្បី​ជួយគាំទ្រ​ដល់​ក្រុមគ្រួសារ​ពលរដ្ឋ​ងាយរងគ្រោះ និង​ចាត់វិធានការនានា​ដោះស្រាយ​ហានិភ័យ​ផ្នែកហិរញ្ញវត្ថុ និង​ភាពងាយរងគ្រោះ​បណ្តាលមកពី​អំពើពុករលួយ។ ក្រុមអភិបាល IMF ក៏គូសបញ្ជាក់​អំពី​សារសំខាន់​នៃការអនុវត្ត​ច្បាប់​ស្តីពីការក្ស័យធន ការកែសម្រួលឡើងវិញ​នៃកម្ចី​ធនាគារ និង​ក្របខណ្ឌ​គាំពារ​ប្រាក់បញ្ញើ​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។