អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ថា នៅទូទាំងប្រទេសកម្ពុជា មានភូមិចំនួន ៣៥០ ភូមិ គ្មានភ្លើងអគ្គិសនីទៅដល់ ដោយសារតែភូមិទាំងនេះ ស្ថិតក្រៅបណ្ដាញផ្គត់ផ្គង់អគ្គិសនី។
អនុប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) អ្នកស្រី សូណាលី ដាយ៉ារ៉ាត់ណេ (Sonali Dayaratne) ថ្លែងក្នុងកិច្ចប្រជុំចាប់ផ្តើមគម្រោងទទួលបានថាមពលកកើតឡើងវិញសម្រាប់តំបន់ជនបទ កាលពីថ្ងៃទី១ ខែមេសា ថាក្នុងចំណោមភូមិទាំង ៣៥០ ភូមិនេះ មានភូមិចំនួន ១៨០ភូមិ ពិបាកទៅដល់ ដោយសារគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រឹមត្រូវ។ អ្នកស្រីបន្ថែមថា ភូមិជាច្រើននៃភូមិទាំងនោះ គឺជាកន្លែងរស់នៅរបស់ជនជាតិដើមភាគតិច និងជនជាតិភាគតិច ដែលងាយរងគ្រោះបំផុត រួមមានស្ត្រី កុមារ យុវជន ជនពិការ មនុស្សចាស់ និងប្រជាជនចំណាកស្រុក។
ទោះជាយ៉ាងនេះក្ដី អ្នកស្រី ថាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) សហការគ្នាជាមួយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា កំពុងរកវិធីដាក់ឲ្យប្រើប្រាស់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដល់ភូមិទាំងនេះ។ អ្នកស្រីបន្តទៀតថា ការផ្តល់អគ្គិសនីដល់សហគមន៍ទាំងនេះ គឺនឹងជួយកាត់បន្ថយភាពក្រីក្រ ពង្រីកឱកាស និងការកែលម្អសុខភាព ផលិតភាព និងស្តង់ដាររស់នៅរបស់អ្នកភូមិ ជាពិសេសក្នុងស្ថានភាពដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតសាកលកូវីដ-១៩។
គម្រោងផ្តល់ភ្លើងអគ្គិសនីដល់អ្នកភូមិជនបទដាច់ស្រយាលនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់ UNDP ជាសាលកដែលគ្រោងផ្តល់ថាមពលបែបនេះ ដល់ពលរដ្ឋ ៥០០ លាននាក់នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០២៥។
ដោយឡែកនៅកម្ពុជា រហូតមកដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល និង UNDP បានដំឡើងបណ្ដាញអគ្គិសនីខ្នាតតូចនៅក្នុងភូមិចំនួនបួន នៃសហគមន៍ជនជាតិដើមភាគតិចនៃខេត្តរតនគិរី និងអ្នកភូមិតាមកោះ ដែលរស់នៅលើបឹងទន្លេសាប និងខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។