ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) មានគំរោងសាងសង់មជ្ឈមណ្ឌលស្តុកទំនិញដ៏ធំមួយ នៅលើផ្ទៃដីទំហំប្រមាណ ៣ហិកតារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្បែរកំពង់ផែភាគខាងត្បូង ខេត្តព្រះសីហនុ។ គំរោងសាងសង់នេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន និងភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន (JICA) នឹងចាប់ផ្តើមសាងសង់ នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ហើយនឹងអាចបើកដំណើរការនៅឆ្នាំ ២០២៣ខាងមុខ។
ប្រធានរដ្ឋបាលគ្រប់គ្រងគម្រោងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សុខ កុលចិន្តា ប្រាប់កាសែតក្នុងស្រុក (ភ្នំពេញប៉ុស្តិ៍) ថា មជ្ឈមណ្ឌលស្តុកទំនិញជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជានេះ សំរាប់ប្រើប្រាស់ស្តុកសម្ភារៈនិងទំនិញសព្វសារពើ ដែលនាំចូលពីក្រៅប្រទេស ដូចជាមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម ដោយពុំមានបង់តម្លៃសេវានោះទេ។ បន្ថែមពីនេះ ក្រុមហ៊ុននាំទំនិញចូលគ្រប់ប្រភេទ អាចស្តុកទុកទំនិញរបស់ខ្លួនក្នុងមជ្ឈមណ្ឌល ដោយមិនចាំបាច់បង់ពន្ធគយនោះទេ ប៉ុន្តែប្រសិនបើមានការបញ្ជាឬកុម្ម៉ង់ទិញពីអតិថិជន ទើបតម្រូវឱ្យបង់ពន្ធគយតិចតួចប៉ុណ្ណោះ នៅពេលដឹកទំនិញចេញពីឃ្លាំង។
ពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនវិញ ទិន្នន័យក្រសួងពាណិជ្ជកម្មបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញទំនិញទៅប្រទេសជប៉ុនមានទឹកប្រាក់សរុបជិត ១ពាន់ ១រយលានដុល្លារ (១.០៩៤) គឺកើនជាង៣% (៣,៦១) បើធៀបទៅនឹងអំឡុងឆ្នាំ២០២០ ខណៈការនាំចូលទំនិញពីជប៉ុនវិញ គឺមានទឹកប្រាក់សរុបជាង៦រយលានដុល្លារ (៦០៧) ដែលថយចុះជិត៥% (៤,៦៨) បើប្រៀបធៀបនឹងឆ្នាំ ២០២០។
ប្រភពដដែលបន្តថា វិនិយោគិនជប៉ុនភាគច្រើន វិនិយោគលើ វិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយនៅផ្សារទំនើប វិស័យសេវាកម្ម និងវិស័យភោជនីយដ្ឋាន ជាដើម។ ចំណែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន រួមមានស្បែកជើង សម្លៀកបំពាក់ គ្រឿងផ្គុំអេឡិចត្រូនិក ជាដើម។ រីឯការនាំទំនិញចូលពីប្រទេសជប៉ុនវិញ រួមមាន គ្រឿងបរិក្ខារសំរាប់លំនៅឋាន គ្រឿងបន្លាស់រថយន្ត និងគ្រឿងចក្រសម្រាប់វិស័យកសិកម្ម ជាដើម។
ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារដើម្បីសិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជប៉ុន (FTA)។ កម្ពុជារំពឹងថា ក្រោយពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងមានក្រុមហ៊ុនវិនិយោគិនជប៉ុនបន្ថែមទៀត ងាកមកបង្កើតរោងចក្រផលិតទំនិញនានានៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។