ពលរដ្ឋ​ថា ពួកគេ​ត្រូវ​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​បង្ខំ​ឱ្យ​លក់​ដី​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌក

0:00 / 0:00

ប្រជាពលរដ្ឋ ដែល​បាន​ខ្ចីប្រាក់​ពី​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ថា ពួកគេ​ត្រូវ​លក់​ដី និង​ផ្ទះ​ដោយ​ការ​បង្ខិតបង្ខំ ដោយសារតែ​ជាប់​បំណុល​វ័ណ្ឌក ហើយ​មិន​មាន​ការយោគយល់​ពី​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​នោះ​ឡើយ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ដែល​ទទួល​បាន​ប្រាក់ចំណេញ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះ ត្រូវ​ផ្ដល់​ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ជួយ​លុប​បំណុល​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តកំពង់ស្ពឺ​គឺ​លោក វាន់ វឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​លោក និង​ប្អូនប្រុស​របស់​លោក ត្រូវ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​ជាច្រើន ដើម្បី​សងបំណុល​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​កាលពី​ឆ្នាំ​២០១៩​។ លោក វាន់ វឿន ថា មន្ត្រី​ឥណទាន ដែល​ជា​អ្នកផ្ដល់​ប្រាក់កម្ចី មិន​មាន​ការយោគយល់​ដល់​ការ​សង​ត្រលប់​យឺត​ឡើយ ហើយ​បាន​គំរាម​ថា បើសិនជា​គាត់​មិន​សងបំណុល​តាម​ថ្ងៃ​កំណត់​នោះ​ទេ នោះ​គេ​នឹង​លក់​ដី​ដែល​បាន​ដាក់​តម្កល់​ក្នុង​តម្លៃ​ឡាយឡុង ដូចនេះ​លោក​បាន​លក់​គោ និង​ខ្ចីប្រាក់​ឯកជន​ដែល​មាន​ការប្រាក់​ខ្ពស់​បន្ថែម​ដើម្បី​សងបំណុល​ឱ្យ​ទាន់​ពេលវេលា៖ «បើ​យោគយល់​យ៉ាង​តឹង​ណាស់ គេ​អាច​ផ្ដល់​ពេលវេលា​ឱ្យ​យើង​មួយ​អាទិត្យ​យ៉ាង​យូរ​។ កំណត់​បង់​ត្រឹម​ថ្ងៃទី​១០ ហើយ​ដល់ពេល​គេ​មក​យើង​អត់ (​ អត់​លុយ​បង់​ ) ឥឡូវ​គេ​កំណត់​ថា អ្នកឯង​ដល់​ថ្ងៃនេះ ខ្ចី​ពី​ណាក៏ដោយ ឬក៏​ធ្វើ​អី​ក៏ដោយ​ត្រូវតែ​បានឱ្យ​ខ្ញុំ បើ​មិន​បានទេ ប្លង់ដី​ហ្នឹង​គេ​នឹង​យក​ទៅ​លក់​ឡាយឡុង អី​ណា​អី​ផ្សេង​អ៊ីចឹង ហើយ​ដល់​អ៊ីចឹង​ពួក​ខ្ញុំ​ខ្លាច​ដែរ ក៏​ចេះតែ​ដើរ​យក​លុយ​គេ​ឯកជន​នៅ​ជិតៗ​ហ្នឹង​ទៅ ដើម្បី​ធ្វើ​ម៉េច​ដល់​ថ្ងៃ​កំណត់​គេ​ហ្នឹង បាន​លុយ​បង់​ឱ្យ​គេ ទោះបី​ការប្រាក់​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​ទ្រាំ​ឱ្យ​រួច​មួយ​រយៈពេល​ហ្នឹង​ដែរ ដោយសារ​មានការ​គេ​គំរាម យក​ប្លង់​លក់​ឡាយឡុង​អី​អ៊ីចឹង​ទៅណា»។

លោក វាន់ រឿន បន្ថែម​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​មិន​មាន​លទ្ធភាព​សង​ប្រាក់​ទាន់​ពេល​វេលា គឺ​ដោយសារ​គ្រួសារ​របស់​លោក​បាន​ចាញ់បោក​ក្រុមហ៊ុន​លក់​ថ្នាំ​បំប៉ន​សុខភាព​មួយ ហើយ​លោក​ថា គ្រួសារ​របស់​លោក​បាន​កាត់បន្ថយ​ចំណាយ​លើ​ម្ហូបអាហារ និង​មិន​ដែល​ទិញ​សំលៀកបំពាក់​ថ្មី​ស្លៀកពាក់​នោះ​ទេ ពេល​គ្មាន​ប្រាក់​គ្រប់​ដើម្បី​សងបំណុល​។ ជាមួយ​គ្នា​នេះ លោក​ថា គ្រួសារ​ប្អូនប្រុស​របស់​លោក ដែល​លោក​បាន​រួមគ្នា​ខ្ចីប្រាក់​នោះ បាន​បែកបាក់​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ ដោយសារតែ​បំណុល​វ័ណ្ឌក ហើយ​លោក និង​ប្អូន​របស់​លោក​សម្រេចចិត្ត​លក់​ដី​ក្នុង​តម្លៃ​ទាប ដើម្បី​សង​បំណុល៖ «ដល់ពេល​លក់​ដី​ប្រញាប់​បន្ទាន់ ដី​ហ្នឹង អ្នក​កម្ចី​ឯកជន​គេ​មក​គំរាម​មួយ​សារ​ទៀត ជាន់​លើ​ជាន់​អ៊ីចឹង បើ​យើង​ដោះស្រាយ​ឱ្យ​គេ​មិនបាន អា​ខាង​នេះ (​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​)​ក៏​គេ​រឹប អា​ឯកជន​ក៏​គេ​រឹប អញ្ចឹង​ដី​វា​តម្លៃ​ត្រូវ​លក់​បាន​វា ២​ម៉ឺន (២០,០០០​ដុល្លារ​អាមេរិក) ឬក៏​ជិត​២​ម៉ឺន​(២០,០០០​ដុល្លារ​អាមេរិក​) ហ្នឹង អាច​មក​ជា​តែ មួយ​ម៉ឺន​(១០,០០០​ដុល្លារ​អាមេរិក​) ជាង​តិចតួច។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​លោកស្រី ព្រីន ឆយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​របស់​លោក​ស្រី​បាន​ត្រូវ​បង្ខំចិត្ត​លក់​ដី​២​កន្លែង ដើម្បី​សងបំណុល​ដល់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី កាល​ពី​ឆ្នាំ​២០១៨។ លោកស្រី​បន្ថែម​ថា គ្រួសារ​របស់​លោក​ស្រី​បាន​ជំពាក់​បំណុល​វ័ណ្ឌក ដោយ​បាន​ខ្ចីប្រាក់​ឯកជន និង​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ផ្សេងៗ​គ្នា ដើម្បី​សងបំណុល​ទៅវិញទៅមក ហើយ​គ្រួសារ​របស់​លោកស្រី​ត្រូវ​បង្ខំចិត្ត​លក់​ដី​ជា​បន្តបន្ទាប់ ដើម្បី​សង​បំណុល ព្រោះ​បើសិនជា​មិន​សង​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ទាំងនោះ នឹង​ពិន័យ​ការប្រាក់​បន្ថែម ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ លោកស្រី​គ្មាន​ដី​លំនៅឋាន​ស្នាក់នៅ​នោះ​ទេ ដោយ​ត្រូវ​ទៅ​សង់​ខ្ទម​ស្នាក់នៅ​លើ​ដី​ចម្ការ។ ជាមួយ​គ្នា​នេះ លោកស្រី​ថា កូនច្បង​របស់​លោក​ស្រី ត្រូវ​បង្ខំចិត្ត​ឱ្យ​បញ្ឈប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦ ដោយសារ​ជីវភាព​គ្រួសារ​ខ្វះខាត នឹង​ជាប់​បំណុល​ធនាគារ។

អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា រួម​ជាមួយ​អង្គការ ហ្វីអាន (FIAN) នៃ​ប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ អំពី​លទ្ធផល​ពី​ការសិក្សា​ស្រាវជ្រាវ​មួយ ក្រោម​ចំណង​ជើង មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​៖ ការ​អភិវឌ្ឍ បញ្ហា​ប្រឈម និង​អនុសាសន៍ កាល​ពី​ថ្ងៃទី​១៤ ខែ​កញ្ញា​។ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦​ម៉ឺន​នាក់ (១៦៧,០០០​នាក់​) បាន​និង​កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ខ្ចីប្រាក់​ជាច្រើន​បាន​រងគ្រោះ​ពី​ការ​រំលោភ​លើ​សិទ្ធិមនុស្ស ហើយ​ពួកគេ​ទាំងនោះ​ជា​ញឹកញាប់​ត្រូវ​កាត់​បន្ថយ​បរិភោគ និង​បញ្ឈប់​ការ​សិក្សា​របស់​កូនៗ ហើយ​បង្ខំ​ឱ្យ​ទៅ​ធ្វើការ​ដើម្បី​រក​ប្រាក់​មក​សងបំណុល​ធនាគារ។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​គំរាមកំហែង ការ​បំភិតបំភ័យ ពី​សំណាក់​មន្ត្រី​ផ្ដល់​ប្រាក់​កម្ចី ដើម្បី​ឱ្យ​កូន​បំណុល​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​សងបំណុល គឺជា​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​។ លោក អំ សំអាត បន្ថែម​ថា តាមរយៈ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​មិន​មាន​គោលបំណង​ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ផ្ទុយទៅវិញ គឺជា​ការ​ផ្ដល់​យោបល់​ឱ្យ​មាន​ការ​កែ​លម្អ​ដល់​មុខមាត់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​បញ្ចៀស​កុំឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​បន្ត​ទៀត នៅក្នុង​ដំណើរ​ការ​ផ្ដល់​ប្រាក់កម្ចី​។ ទោះជា​យ៉ាងណា លោក អំ សំអាត នៅតែ​អះអាង​ថា ការ​គិត​ការប្រាក់​១៨​ភាគរយ​ប្រចាំឆ្នាំ វា​នៅតែ​ខ្ពស់​សម្រាប់​ការ​ផ្ដល់​ប្រាក់កម្ចី ព្រោះ​កម្ចី​ទាំងនោះ​បាន​បូក​បន្ថែម​ថ្លៃ​សេវា​ផ្សេងៗ៖ «យើង​សង្កេត​ឃើញ​ថា អត្រា​ការប្រាក់​១៨​ភាគរយ (18%) ហ្នឹង​វា​មិន​ផលប្រយោជន៍​ដែល​ទទួល​បាន​ទៅលើ អតិថិជន ឬ​កូនបំណុល​ហ្នឹង​ទាំងស្រុង ដោយសារតែ​១៨​ភាគរយ​ហ្នឹង បូក​បញ្ចូល​ហ្នឹង​សេវា​រដ្ឋបាល ហើយ​និង​គិតការ​ប្រាក់​រួម ឧទាហរណ៍​ថា កម្ចី​៥​ពាន់ ( , ០០០​ដុល្លារ​អាមេរិក​ ) ហើយ​ថ្លៃ​រដ្ឋបាល ២​រយ ( ២០០​ដុល្លារ​អាមេរិក​ ) ៣​រយ ( ៣០០​ដុល្លារ​អាមេរិក​ ) ថែមទៀត បូក​បញ្ចូល​ទៅ​គិតការ​ទាំង​សេវា​រដ្ឋបាល អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​សង្គម​ស៊ីវិល​យើង ទទូច​ថា​សុំ​ឱ្យ​កុំ​គិត​ការ​ទាំង​សេវា​រដ្ឋបាល ពួកគាត់​អត់​បាន​ទទួល»។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​របាយការណ៍ ទាំងមូល​នោះ​ទេ​។ លោក កាំង តុងងី ថា ប្រជាពលរដ្ឋ​ដែល​បាន​លក់​ដី​ទាំងនោះ មិនមែន​លក់​ដោយសារ​ការ​បង្ខិតបង្ខំ​ទាំងអស់​នោះ​ទេ ដោយ​ពួកគាត់​ខ្លះ​លក់​ដី​ដោយសារ​ចង់​ប្ដូរ​ទីលំនៅ ឬ​លក់​ដោយសារ​ចង់បាន​ទុន​រកស៊ី​បន្ថែម​ទៀត​។ ទោះជា​យ៉ាងណា លោក កាំង តុង​ងី ទទួល​ស្គាល់​ថា មន្ត្រី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​បាន​អនុវត្ត​ខុស​ក្រមសីលធម៌ ហើយ​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុង​បង្កើន​វគ្គ​បណ្ដុះបណ្ដាល​ក្រមសីលធម៌ វិជ្ជាជីវៈ​ដល់​មន្ត្រី​ឥណទាន​ទាំង​នោះ​ដែរ​។ ជាមួយគ្នា​នេះ លោក កាំង តុងងី លើកឡើង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ចាត់ទុក​អតិថិជន​ខ្ចីប្រាក់​គឺជា​ដៃគូ​អាជីវកម្ម មិនមែន​ជា​កូនបំណុល​នោះ​ទេ ហើយ​លោក​ជំរុញ​ឱ្យ​អតិថិជន​ពិភាក្សា​ជាមួយ​មន្ត្រី​ឥណទាន​ពេល​មិន​អាច​សង​បំណុល៖ «វិស័យ​នេះ​តែងតែ​ចាត់ទុក​អតិថិជន​ជា​ដៃគូ​អាជីវកម្ម ដែល​ស្មើគ្នា អ៊ីចឹង​នៅ​ពេល​ដែល​បងប្អូន​មាន​បញ្ហា​អ្វីមួយ បងប្អូន​មាន​សិទ្ធិ​សួរនាំ បងប្អូន​មាន​សិទ្ធិ​តថ្លៃ ទៅលើ​តម្លៃ​ដែល​គេ​ដាក់​ជូន​បងប្អូន​ហ្នឹង ហើយ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​សេវា​ហើយ មាន​បញ្ហា​កើតឡើង មាន​បញ្ហា​ប្រឈម​លំបាក​អី​ផ្សេងៗ​ហ្នឹង ក៏​សូម​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ជជែក​រក​ដំណោះស្រាយ ជាមួយ​មន្ត្រី​ឥណទាន ដើម្បី​រិះរក​ដំណោះស្រាយ​ណាមួយ បន្ធូរ​បន្ថយ​នូវ​បញ្ហា​របស់​អតិថិជន​ខ្លួនឯង​ហ្នឹង»។

ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន សម្រាប់​ការ​អភិវឌ្ឍ និង​សន្តិភាព ហៅ​កាត់​ថា អាយ.អិន.អ៊ី.អេហ្វ (INEF) បង្ហាញ​ថា ពលរដ្ឋ​ជិត ៣​លាន​គ្រួសារ (២.៨​លាន​គ្រួសារ​) កំពុង​ជាប់​បំណុល​វ័ណ្ឌក ខណៈ​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ទទួល​បាន​ប្រាក់​ចំណេញ​រាប់​រយ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។