ក្រសួងពាណិជ្ជកម្មបានដាក់ផែនការនាំឲ្យអង្ករចេញទៅក្រៅប្រទេសឲ្យបានចំនួន ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ និង ១លានតោន នៅឆ្នាំ២០២៥ខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៣ វិច្ឆិកា ថា ដើម្បីឲ្យសម្រេចគោលដៅនាំអង្ករចេញឲ្យបានសម្រេចដូចផែនការដាក់ចេញនេះ ក្រសួងពាណិជ្ជកម្មត្រូវផ្តោតលើសសរស្ដម្ភ៤ រួមមាន ត្រូវពង្រឹងអភិបាលកិច្ចឲ្យកាន់តែប្រសើរ ជំរុញផលិតកម្មពូជស្រូវ។ ការរកទីផ្សារបន្ថែម និង ការស្រាវជ្រាវនិងអភិវឌ្ឍ ដែលអាចឆ្លើយតបការប្រែប្រួលអាកាសធាតុទីផ្សារ និងទិន្នផល។
លោក ប៉ាន សូរស័ក្ដិ គ្រោងចរចាពង្រីកទីផ្សារនាំចេញ និងការសម្របសម្រួលលើអនុស្សរណៈយោគយល់ (MOU ) ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស (Bangladesh)។ល។
ការដាក់ផែនការនាំអង្ករចេញនេះ នៅក្រោយពីមានការិះគន់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ពីកសិករថា លោកអសមត្ថភាពដោះស្រាយបញ្ហាអង្ករចុះថ្លៃ។
កាលពីពេលថ្មីៗនេះ ប្រជាកសិករនៅតាមបណ្ដាខែត្រមួយចំនួនដូចជា ខែត្រតាកែវ បាត់ដំបង បានប្រតិកម្មទៅរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម លោក ទិត ទីណា ដែលមិនទទួលខុសត្រូវលើការរកទីផ្សារស្រូវ អង្ករ បែរជាមកបន្ទោសប្រជាកសិកររឿងច្រូតស្រូវជាន់គ្នាទៅវិញ ដែលធ្វើឲ្យតម្លៃស្រូវចុះថោក។ ពួកគេលើកឡើងថា កាលពីមុនតម្លៃស្រូវថ្លៃលក់បាន ១ពាន់ ២រយរៀល ក្នុងមួយគីឡូក្រាម តែឥលូវនេះធ្លាក់ថ្លៃនិងគ្មានទីផ្សារ គឺលក់បានតែ៧០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។
របាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៣៥ម៉ឺនតោន គឺកើនឡើងជាង១៣% ទៅកាន់ទីផ្សារទិសដៅចំនួន ៥៣ ប្រទេស ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ដដែល។ ចិនបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណចំនួន ១៧ ម៉ឺនតោន ដែលកើនឡើងជាង១០%។
ចំណែក ការអង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវិញវិញ មានជាង ១១ម៉ឺនតោន កើនឡើង ៤៧% និងនាំ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានវិញជិត ៣ម៉ឺនតោន កើនឡើងជិត២%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។