អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែលំអគោលនយោបាយដឹកនាំ ប្រព័ន្ធយុត្តិធម៌សង្គមនិងច្បាប់វិនិយោគឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគពីប្រទេសកូរ៉េខាងត្បូងឱ្យចូលមករកស៊ីបានកាន់តែច្រើន។
ការជំរុញនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងជាង៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) កំពុងស្វែងយល់ពីសក្ដានុពលនៅកម្ពុជា ដើម្បីដាក់ការវិនិយោគ។
កូរ៉េខាងត្បូង គឺជាប្រទេសមួយ ដែលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច ព្រមទាំងកំពុងមានការវិនិយោគធំៗ នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលធ្វើឱ្យកម្ពុជា ក៏ត្រូវការអ្នកវិនិយោគទុននេះ ឱ្យចូលមករកស៊ីដែរ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង កំពុងដើរតួនាទីសំខាន់លើការវិនិយោគផ្ទាល់និងការផ្លាស់ប្ដូរវិស័យពាណិជ្ជកម្ម នៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដូចជានៅប្រទេសឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ម៉ាឡេស៊ី (Malaysia) និងសិង្ហបុរី (Singapore)។ ក៏ប៉ុន្តែនៅកម្ពុជា ឡាវ(Lao) មីយ៉ាន់ម៉ា (Myanmar) និងប្រទេសមួយចំនួនទៀត ការវិនិយោគរបស់កូរ៉េខាងត្បូង មិនទាន់មានកម្រិតធំដុំនៅឡើយទេ។
បណ្ឌិត គិន ភា ចង់ឃើញរដ្ឋាភិបាលកម្ពុជា ប្រើសមត្ថភាពដ៏ប៉ិនប្រសព្វក្នុងការទាក់ទាញអ្នកវិនិយោគទុនកូរ៉េខាងត្បូង ឱ្យចូលមករកស៊ីនៅកម្ពុជាបានកាន់តែច្រើន។
បណ្ឌិត គិន ភា៖ «ប្រទេសកូរ៉េខាងត្បូងក៏មានប្រវត្តិនៃការវិនិយោគសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែរ។ តាមខ្ញុំសង្កេតលើប្រទេសកូរ៉េគឺពូកែខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) Smart City ការផលិតគ្រឿងផ្គុំផ្សេងៗហើយជាមួយវិស័យកសិកម្ម ក៏ខ្ញុំយល់ថាជាវិស័យដែលមានសក្ដានុពលដែរ។ ប៉ុន្តែទាមទារឱ្យវិស័យកសិកម្មនោះ គឺជាវិស័យដែលផលិតហើយកែច្នៃ ទើបប្រសើរជាងការផលិតហើយនាំចេញនូវវត្ថុធាតុដើម»។
ការលើកឡើង របស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដូចនេះ ធ្វើឡើងបន្ទាប់ពី
កាលពីថ្ងៃទី១៣ ខែធ្នូ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េ (KIAF) លោក ម៉ាន គីជុង (Marn-Ki Jeong) ព្រមទាំងសមាជិកនៃសម្ព័ន្ធឧស្សាហកម្មនេះចំនួនជាង ៥០ក្រុមហ៊ុន ដែលមកស្វែងយល់ពីសក្ដានុពលនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ វេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ដើម្បីពង្រីកមូលដ្ឋានសិល្បៈកូរ៉េ និងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិ-កូរ៉េ ជាលើកដំបូង។
ក្រុមហ៊ុនកូរ៉េខាងត្បូងដែលបានធ្វើបេសកកម្មមកកម្ពុជានេះ ក្នុងបំណងស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា សេវាថែទាំសុខភាព និងកែសម្ផស្ស ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញលទ្ធផលនៃការស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងនេះ ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បាននៅឡើយនៅថ្ងៃទី១៤ ខែធ្នូ។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុនកូរ៉េខាងត្បូង ដែលចង់មកវិនិយោគនៅកម្ពុជានេះ។ លោក ហ៊ុន ម៉ាណែត បាន
ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ កាលពីថ្ងៃទី១៣ ខែធ្នូ ថា គោលនយោបាយអាទិភាពរបស់កម្ពុជាផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅត្រូវការវិនិយោគជាច្រើនដូចជា ការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ ផ្លូវល្បឿនលឿន ការកែលំអធ្វើឱ្យប្រសើរឡើងវិញនៃផ្លូវរថភ្លើង ព្រមទាំងការសាងសង់កំពង់ផែទឹកជ្រៅជាច្រើនទៀត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ស្របពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងមានវិបត្តិនយោបាយនៅក្នុងប្រទេស ហើយអ្នកវិនិយោគខ្លះ កំពុងស្វែងរកកន្លែងវិនិយោគថ្មីនេះវាគឺជាឱកាសល្អសម្រាប់កម្ពុជាដែលត្រូវរៀបចំខ្លួន ទទួលយកផលប្រយោជន៍។
លោក សេក សុជាតិ៖ «បើសិនជាកម្ពុជាទទួលបានឱកាសពីអ្នកវិនិយោគពីកូរ៉េខាងត្បូងហើយ គួរតែពិចារណារៀបចំខ្លួន ធ្វើយ៉ាងណាក៏ដោយកាត់បន្ថយកុំឱ្យមានបញ្ហាធ្ងន់ធ្ងរទៅលើនីតិវិធី ឬក៏មានអំពើពុករលួយឬក៏មានបញ្ហាផ្សេងណាមួយឱ្យសោះ។ បើនៅតែមានបញ្ហាគឺអាចនឹងធ្វើឱ្យអ្នកវិនិយោគទាំងអស់ ដែលគាត់ធ្លាប់ជួបបញ្ហានៅប្រទេសគេម្ដងហើយ បែរជាមកកម្ពុជាហើយជួបបញ្ហាទៀត គឺវាអាចធ្វើឱ្យក្លាយទៅជាមេរៀនអាក្រក់ ដែលអ្នកវិនិយោគមិនចង់ជួប។ ដូច្នេះកម្ពុជាគួរតែរៀបចំខ្លួន ដោយប្រើប្រាស់គោលការណ៍ច្បាប់ហើយ និងការអនុគ្រោះផ្សេងៗដើម្បីធានា លើការវិនិយោគរបស់កូរ៉េខាងត្បូងទាំងនោះ ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគឱ្យបាន»។
ស្រដៀងគ្នានេះអតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា កូរ៉េខាងត្បូង គឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ លោកថាប្រសិនបើរដ្ឋាភិបាលកម្ពុជា ចង់ទាក់ទាញអ្នកវិនិយោគមកពីកូរ៉េខាងត្បូង គឺរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវតែងាកចេញពីរបបដឹកនាំផ្ដាច់ការ ហើយវិលមករកផ្លូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ត្រូវលុបបំបាត់អំពើពុករលួយកែលំអប្រព័ន្ធយុត្តិធម៌ឱ្យមានឯករាជ្យ ព្រមទាំងបំបាត់នូវអំពើឧក្រិដ្ឋកម្មនានា ដូចជាល្បែងឆបោកតាមប្រព័ន្ធអនឡាញ អំពើចាប់ជំរិតមនុស្សនិងការជួញដូរមនុស្សជាដើម។
លោក អ៊ុំ សំអាន៖ «ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ ដូច្នេះ នៅពេលដែលគេមកសិក្សាស្វែងយល់ពីការវិនិយោគនៅកម្ពុជាក៏គេនឹងស្វែងយល់ពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យផងដែរ។ បើកាលណាកម្ពុជាមិនងាកមករកលទ្ធិប្រជាធិបតេយ្យអាចនឹងធ្វើឱ្យអ្នកវិនិយោគទាំងនោះបានត្រឹមតែមកសិក្សា ប៉ុន្តែគេមិនមកវិនិយោគនៅកម្ពុជាទេ ដោយសារតែកម្ពុជាមិនព្រមងាកមករកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថាប្រទេសកូរ៉េខាងត្បូង បានដើរតួនាទីសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។
អ្នកជំនួញកូរ៉េខាងត្បូងបានចូលមកវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាតាំងតែពីអំឡុងឆ្នាំ១៩៩៨។ កូរ៉េខាងត្បូងបានវិនិយោគនៅកម្ពុជាគួរឱ្យកត់សម្គាល់ លើវិស័យជាច្រើន ដូចជាបច្ចេកវិទ្យាព័ត៌មាន វិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍កសិកម្ម វិស័យអេឡិចត្រូនិក សំលៀកបំពាក់ យានយន្តនិងអចលនទ្រព្យ។ បន្ថែមពីលើនេះបច្ចុប្បន្នកូរ៉េខាងត្បូងក៏ជាទីផ្សារការងារសម្រាប់ពលករកម្ពុជាផងដែរ។
កម្ពុជានិងកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) កាលពីខែមករា ឆ្នាំ២០២២ ហើយក៏ជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៥ ក្នុងតំបន់អាស៊ាន មានវៀតណាម ថៃ សិង្ហបូរី ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីផងដែរ។
គិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជាមានទំហំទឹកប្រាក់លើសពី ៨ (៨,២)ពាន់លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។