អ្នក​រត់​ម៉ូតូឌុប​ត្អូញអំពី​សាំង​ឡើង​ថ្លៃ​ ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​

0:00 / 0:00

ប្រជាពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ទទូច​ដល់​រដ្ឋាភិបាល​ជួយ​រក​មធ្យោបាយ​ទប់ស្កាត់​តម្លៃ​សាំង​ឡើង​ថ្លៃ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​ជីវភាព​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩។ ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈនៅ​តាម​ស្ថានីយ​បន្ត​ហក់​ឡើង​ថ្លៃ​ខ្លាំង ស្រប​ពេល​​ពលរដ្ឋ​កំពុង​មាន​ជីវភាព​យ៉ាប់​យឺន។

ប្រជាពលរដ្ឋ​​ និង​អង្គការសង្គម​ស៊ីវិល​យល់​ថា ការ​បញ្ចុះ​តម្លៃ​សាំង​ គឺ​ជា​ដំណោះស្រាយ​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​ឲ្យ​ប្រសើរ​ឡើង​វិញ​និង​ជា​ផ្នែក​មួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។

អ្នក​រត់​រ៉ឺម៉ក​ទេសចរ​នៅ​រាជធានី​ភ្នំពេញ​លោក​ ឈាង ស៊ីណាត ប្រាប់វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១១ ខែឧសភា​ថា ​បញ្ហា​សាំង​ឡើង​ថ្លៃ​នេះ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​គ្រប់យ៉ាង ស្រប​ពេល​ដែល​ភ្ញៀវ​ជិះ​រ៉ឺម៉ក​មិន​សូវ​មាន​​ទេ​សព្វ​ថ្ងៃ​នេះ​។​ លោក​​បន្ត​ថា​ សាំង​កាន់​តែ​ឡើង ​អាហារ​ហូប​ចុក​ក៏​ឡើង​ទៀត ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ចំណាយ​ផ្សេងៗ ​ដូចជា ​ថ្លៃផ្ទះ ​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង​ និង​​បំណុល​ធនាគារ​ជាដើម៖ « ប្រមុខរដ្ឋាភិបាលគួរគិតគូរអំពីចំនុចនេះទៅដល់ប្រជាពលរដ្ឋទូទៅដែលគាត់ប្រើប្រាស់យានជំនិះជាធំដូចពួកខ្ញុំដែលប្រកបអាជីវកម្មផ្នែករ៉ឺម៉កទេសចរណ៍ដឹកភ្ញៀវរកមួយថ្ងៃដើម្បីមួយថ្ងៃគឺឥឡូវនេះវាអត់បានមួយថ្ងៃទេ នៃការផ្គត់ផ្គងប្រាក់ចំណូលមកវិញដើម្បីទូទាត់តម្លៃប្រេងសាំងហើយហូបចុកចំណាយផ្សេងៗគឺអត់គ្រប់គ្រាន់ទេ »

លោក ឈាង ស៊ីណាត​ ត្អូញត្អែរ​ថា​ លោក​កំពុង​រស់​នៅ​​ត្រដាបត្រដួស​ និង​កាន់​តែ​លំបាក​ទៀត ប្រសិន​បើ​តម្លៃ​សាំង​នៅ​លើ​ទីផ្សារ​បន្ត​ហក់​ឡើង​ខ្លាំង។ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា។

ប៉ុន្តែ​កាល​ពី​ថ្មីៗ ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ពលរដ្ឋ​កុំ​ជេរ​លោក​រឿង​សាំង​ឡើង​ថ្លៃ។ ​ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ក៏​មិន​បាន​បញ្ជាក់​ពី​នីតិ​វិធី​ ឬ​យុទ្ធសាស្ត្រ​យ៉ាង​ណា​របស់​រដ្ឋាភិបាល​ក្នុង​ការ​អន្តរាគមន៍​ជួយ​បញ្ចុះ​តម្លៃ​ប្រេងសាំង​នោះ​ដែរ៖« សាំង​ឡើង​ថ្លៃ សូមកុំ​ជេរ​ ហ៊ុន សែន​ អី​ ! រឿង​ហ្នឹង វា​ជារឿ​ងសភាព​ការណ៍​អន្តរជាតិដែល​បានកើតឡើង សង្គ្រាមរវាងរុស្ស៊ី​ និង​អ៊ុយក្រែន ​ដែល​បាន​បង្កើតជា​បញ្ហាសម្រាប់សេដ្ឋកិច្ចសកល ហើយអតិផរណា ( ការកើនឡើងថ្លៃទំនិញនៅទីផ្សារ ) នៅសហរដ្ឋអាមេរិក គឺថាមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ នៅអឺរ៉ុបក៏កំពុងរងផលប៉ះពាល់ »

តាម​ការ​ជូន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី១១ ខែ​ឧសភា បង្ហាញ​ថា ប្រេង​ម៉ាស៊ូត​​មាន​តម្លៃ ៥ពាន់ ៨រយរៀល​ (៥.៨០០) ក្នុង ១លីត្រ ខណៈ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ ៥ពាន់ ​៥៥០រៀល​ (៥.៥៥០) ​ក្នុង​ ១​លីត្រ។ តម្លៃ​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ ដោយ​ប្រេង​សាំង​ធម្មតា​បាន​ឡើង ៣០០រៀល គឺពី​តម្លៃ ៥ពាន់ ២៥០រៀល (៥.២៥០) ​ដល់​ ៥ពាន់ ៥៥០រៀល​ (៥.៥៥០) ​ក្នុង ១លីត្រ​ និង​ប្រេង​ម៉ាស៊ូត​បាន​ឡើង​ ២០០រៀល ក្នុង​ ១លីត្រ។

ជុំវិញ​រឿង​នេះ ប្រធាន​​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​​ លោក​ វន់ ពៅ​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ​ ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​ គ្មាន​តុល្យភាព​នឹង​ការ​ចំណាយ​។ លោក​បន្ត​ថា ការ​ឡើង​ថ្លៃ​ប្រេង​ប៉ះ​ពាល់​ខ្លាំង​ដល់​ពលរដ្ឋ​អ្នក​ប្រកប​មុខ​របរ​ដឹក​ជញ្ជូន​ កសិករ​ សិប្បកម្ម​ ធ្វើ​ឱ្យ​​ជីវភាព​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ថែម​ទៀត៖​ « ភាព ក្រីក្រ របស់ ប្រជាពលរដ្ឋ និង មាន ការ កើន ឡើង បន្ថែម ទៀត ទាក់ ទង នឹង រឿង តម្លៃ នេះ។ កាល ណា តម្លៃ ប្រេង ឥន្ធនៈ ឡើង ខ្ពស់ អ្នក ធ្វើ ដំណើរ ដែល ពាក់ព័ន្ធ ទៅ នឹង វិស័យ ទេសចរណ៍ ក៏ មាន ការ កាត់ បន្ថយ មិន អាច ដើរ លេង កម្សាន្ត នៅ តំបន់ ផ្សេងៗ ដែល អ្នក ធ្វើ ការ សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ មួយ ចំនួន ធំ គឺ គាត់ ពឹងពាក់ អាស្រ័យ ផល ទៅ លើ វិស័យ ទេសចរណ៍ ផង ដែរ។ អាហ្នឹង ហើយ វា ជា ចំណុច មួយ ដែល យើង គិត ថា វា អាច ធ្វើ ​ឱ្យ​ កាត់ ពិបាក ក្នុង ការ រក ប្រាក់ ចំណូល នៅ ក្នុង វិស័យ ទេសចរណ៍ មួយ ចំនួន ដែល គួប ផ្សំ ប្រទេស យើង កំពុង ជួប វិបត្តិ សេដ្ឋកិច្ច ទាក់ទង ទៅ នឹង អតិផរណា ទីផ្សារ ដោយ សារ ការ ឡើង ថ្លៃ ប្រេង នេះ »

កាល​ពី​ចុង​ខែ​មីនាកន្លង​ទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល​ បាន​សម្រេច​ចេញ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ថ្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ចុះ ​តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅ​លើ​ការ​លក់​រាយ​ប្រេង​ឥន្ធនៈ​ប៉ុណ្ណោះ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។