អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ស្នើការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសសម្អាតប្រាក់។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ស្នើឡើងបែបនេះ ពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល ស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា នៅរាជធានីភ្នំពេញ។
គេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៧ ខែឧសភា ឲ្យដឹងថា កន្លងមក ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម តែងតែគាំទ្រដល់កម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព ចំណេះដឹងមន្ត្រីអនុវតុ្តច្បាប់គ្រឿងញៀន ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពចរាចរណ៍ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងទប់ស្កាត់រាល់សកម្មភាព បង្វែរសារធាតុគីមីផ្សំ យកទៅសំយោគលួចលាក់ ដើម្បីកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។
ក្នុងពិធីនេះ ក៏មានការចូលរួមពី តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក ដេវីដ ហ្រែន (David Hren) ដែលជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាល និងតំណាងនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំកម្ពុជា លោក អេនថូនី ម៉ាក់ហ្គាយ (Anthony McGay) ជាដើម។
គណៈកម្មការសហភាពអឺរ៉ុប (EC) កាលពីពេលថ្មីៗ នេះ បានចាត់កម្ពុជា ក្នុងបញ្ជីបណ្តាប្រទេសលាងលុយកង្វក់មួយចំនួន ដែលមិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពលាងលុយកង្វក់ និងតាមដានសកម្មភាពអតិថិជន ពីការសង្ស័យថា មានលុយដ៏ច្រើន តាមរយៈប្រតិបត្តិការល្បែងកាស៊ីណូ នៅក្នុងប្រទេសខ្លួន។
ក្រុមអ្នកឃ្លាំមើលនៅកម្ពុជា លើកទឹកចិត្តដល់កម្ពុជាឱ្យបន្តចាត់វិធានការពិតប្រាកដប្រឆាំងនឹងអំពើលាងលុយកខ្វក់ ដោយត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនៃលំហូរទុនវិនិយោគរបស់បរទេស ជាពិសេសពីប្រទេសកុម្មុយនិស្តចិន និងកន្លែងកាស៊ីណូធំៗ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។