ធនាគារជាតិ​នៃ​កម្ពុជា​ថា អតិផរណា​ឡើង​ខ្ពស់​ដោយសារ​តម្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក

ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ឱ្យ​ដឹង​ថា អតិផរណា​បាន​កើនឡើង​ដល់​ទៅ ៧,២ ភាគរយ ដែល​ជា​ការ​កើនឡើង​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​។ មន្ត្រី​របស់​ធនាគារ​នេះ អះអាង​ថា ការ​កើនឡើង​អតិថរណា គឺ​បណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយក្រែន ដែល​ជះឥទ្ធិពល​លើ​តម្លៃ​ប្រេង​ឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក​។ សង្គម​ស៊ីវិល​ថា នៅក្នុង​កាលៈទេសៈ​នេះ​រដ្ឋាភិបាល​គួរ​គិតគូរ​រក​ដំណោះស្រាយ​ជួយ​ប្រជាជន ជាជាង​ការ​បន្ទោស​ទៅ​លើ​អ្នកដទៃ។

ប្រជាពលរដ្ឋ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​កើនឡើង​អតិផរណា គឺ​ទំនិញ​ឡើងថ្លៃ លុយ​ចុះថោក នៅ​ពេល​នេះ​នឹង​បន្ថែម​បន្ទុក​ទៅលើ​ជីវភាព​របស់​ពួកគាត់ ឱ្យ​លំបាក​មួយ​កម្រិត​ទៀត។ ការ​ព្រួយ​បារម្ភ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ឱ្យ​ដឹង​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស ដែល​កំពុង​ប្រឈម​ទៅ​នឹង​ការ​កើនឡើង​អតិផរណា​មួយ​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប កញ្ញា គឹម ស្រីណែត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ ទី​២០ កក្កដា ថា ប្រជាពលរដ្ឋ​ទូទៅ​រួម​ទាំង​កញ្ញា​ផ្ទាល់ កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​ជីវភាព​ខ្វះខាត ដោយសារ​ទំនិញ​ឡើងថ្លៃ​ឥត​ឈប់ឈរ ស្របពេល​ប្រាក់ចំណូល​ពលរដ្ឋ មាន​កម្រិត​ទាប​នៅឡើយ​។ កញ្ញា​បន្ត​ថា តម្លៃ​ប្រេងសាំង​ជា​បញ្ហា​ប្រឈម​ធំ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ ដោយសារ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ហាក់​មិន​មាន​ការ​ថយចុះ​នោះ​ទេ ទោះបី​រដ្ឋាភិបាល​ប្រកាស​ពី​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេងសាំង​នៅ​ថ្ងៃទី​២០ កក្កដា​នេះ​ក៏ដោយ​។ កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាព ជួយ​ដល់​ប្រជាពលរដ្ឋ​ដូច​នៅ​ប្រទេស​ជិតខាង៖ «ប្រទេសជិតខាង​គេ​ជួយ​សម្រួល​ប្រជាពលរដ្ឋ​គេ ជា​ពិសេស​រឿង​សាំង​ហ្នឹង​ហើយ​។ យើង​វិញ​ដូចជា​ពិបាក​នៅក្នុង​ការ​ធ្លាក់ (​ ថ្លៃ​សាំង​ ) តែម្ដង តែ​បើ​ដំឡើង​វិញ​គឺ​ហក់​លឿន​ហ្មង​។ អ៊ីចឹង​ប្រជាពលរដ្ឋ​គឺ​ពិបាក​មែនទែន​នៅក្នុង​ការរស់នៅ ព្រោះ​អី​វា​ប្រឈម​ទាំង​វិបត្តិ​កូវីដ សេដ្ឋកិច្ច​ធ្លាក់ចុះ ណាមួយ EBA (​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ​ ) ត្រូវ​គេ​កាត់​បន្ថយ​ទៀត អ៊ីចឹង​ទៅ​ប្រជាពលរដ្ឋ​រង​សម្ពាធ​មែនទែន»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យ៉ង់ គឹមអេង និយាយ​ថា លើ​លោក​នេះ នៅ​ពេល​បញ្ហា​កើតឡើង​នៅ​តំបន់​ណាមួយ​វា​អាច​នឹង​ជះឥទ្ធិពល​ទៅ​លើ​តំបន់ ឬ​ប្រទេស​ផ្សេងៗ​ទៀត​។ ជាក់ស្ដែង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយក្រែន ជា​បញ្ហា​ដើមចម​បណ្ដាល​ឱ្យ​អតិផរណា​នៅ​កម្ពុជា​មានការ​កើនឡើង និង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា ស្ថានភាព​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ប្រញាប់​ទប់ស្កាត់​ការ​កើនឡើង​ថ្លៃ​ទំនិញ និង​ប្រេងសាំង ដែល​កំពុង​ហក់​ឡើងជា​លំដាប់​ទេ​នោះ៖ «យើង​ត្រូវ​មាន​វិធានការ​ថា ទោះបី​បញ្ហា​កើតឡើង ថា​យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បែប​ម៉េច​ ? តើ​យើង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​នោះ​ដោយ​របៀប​ណា​ ? យ៉ាងហោចណាស់​ក៏​យើង​ទប់​កុំឱ្យ​វា​ឡើង​ខ្ពស់​ពេក ដែល​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ ឱ្យ​លោក​បកស្រាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២០ កក្កដា។

ប៉ុន្តែ​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ឆមាស​ទី​១​នៅ​ថ្ងៃទី​២០ កក្កដា នេះ ទេសាភិបាល​រូប​នេះ​ឲ្យ​ដឹង​ថា អតិផរណា​នៅ​កម្ពុជា បាន​កើន​ខ្ពស់​បំផុត​រហូតដល់​៧.២% នៅ​ខែ​ឧសភា ឆ្នាំ​២០២២។

លោក​បន្ថែម​ថា ការ​កើនឡើង​នេះ គឺ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ និង​ម្ហូប​អាហារ​លើ​ពិភពលោក ដោយសារ​ការ​អូស​បន្លាយ​នៃ​សង្គ្រាម និង​ការ​ដាក់​ទណ្ឌកម្ម​នានា​ទៅលើ​ប្រទេស​រុស្ស៊ី។ លោក​ថា កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក​កើនឡើង​ជា​លំដាប់ ដោយសារ​រុស្ស៊ី និង​អ៊ុយក្រែន ជា​ប្រទេស​ឈានមុខ​គេ​លើ​ពិភពលោក ក្នុង​ការ​នាំចេញ​វត្ថុធាតុ​ដើម​ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និង​ផលិតផល​កសិកម្ម។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ យល់​ឃើញ​ថា នៅក្នុង​កាលៈទេសៈ​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​គិតតែ​បន្ទោស​ទៅលើ​បញ្ហា​បណ្ដាលមកពី​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​នោះ​ទេ​។ លោក​បន្ត​ថា រដ្ឋាភិបាល​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើត​មានឡើង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​អស់ពី​លទ្ធភាព៖ «ជាទូទៅ​រដ្ឋ​ត្រូវ​ពិនិត្យ​មើលទៅ​ការ​យកពន្ធ​ទៅលើ​ថ្លៃ​ប្រេងឥន្ធនៈ ពន្ធ​ទៅលើ​ទំនិញ​សព្វសារពើ​ទាំងឡាយ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ហើយ​ទៅ​ដំឡើង​ពន្ធ​ផ្សេងៗ​ដែល​មិនមែន​ជា​តម្រូវការ​។ អាហ្នឹង​ជា​ដំណោះស្រាយ​មួយ​ដែល​ខ្ញុំ​គិតថា​រដ្ឋ​ត្រូវ​ពិចារណា​ផង​ដែរ»។

របាយការណ៍​ធនាគារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា កំណើន​អតិផរណា​នេះ​កើតឡើង​ស្របពេល​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​កំពុង​ជួប​បញ្ហា​នេះ​ដែរ។ ទោះជា​រដ្ឋាភិបាល​អះអាង​បែប​ណា​ក៏​ដោយ​ចុះ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ចាត់វិធានការ​រក​វិធី​ដោះស្រាយ ជួយ​ទប់ស្កាត់​កំណើន​អតិផរណា​នេះ​ឱ្យ​បាន​ឆាប់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។