ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រកាសឱ្យប្រើច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលមានខ្ទង់ចំណាយជាង ៨ពាន់លានដុល្លារ កើនឡើងជាង ២ពាន់លានដុល្លារ បើធៀបនឹងគម្រោងចំណាយឆ្នាំ២០១៩។ ព្រះរាជក្រមចុះថ្ងៃទី២០ ខែធ្នូ ដែលអាស៊ីសេរីទទួលបាន នៅថ្ងៃទី៣១ ធ្នូ បញ្ជាក់ថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។
ក្នុងគម្រោងចំណាយសម្រាប់ឆ្នាំថ្មីនេះ រដ្ឋាភិបាលលោក ហ៊ុន សែន គ្រោងខ្ចីបំណុលបរទេសជិត ២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកមកបង្គ្រប់ការចំណាយ ស្របពេលកម្ពុជាកំពុងជំពាក់បំណុលបរទេសជាង ៧ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលអះអាងថា កញ្ចប់ថវិកានេះនឹងធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់ប្រទេស និងកំណែទម្រង់ស៊ីជម្រៅដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុង និងភាពជាម្ចាស់ការរបស់កម្ពុជា។
ទោះជាបែបនេះក្ដី គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍កម្ពុជា សង្កេតឃើញថា គម្រោងចំណាយរបស់រដ្ឋនៅឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺធ្វើឡើងដោយខ្វះតម្លាភាព ហើយថវិកាមួយផ្នែកអាចនឹងបាត់ដោយសារអំពើពុករលួយ ព្រោះកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានជាប់ឈ្មោះក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនជាងគេនៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។