អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មមើលឃើញថា សេដ្ឋកិច្ចកម្ពុជានឹងងើបវិញបន្តិច ដោយសារការពង្រឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាអាចងាយប្រឈមនឹងកត្តាហានិភ័យដោយសារការរាតត្បាតជំងឺកូវីដសាជាថ្មីទៀត ជាពិសេសមេរោគកូវីដបំប្លែងថ្មីអូមីក្រុង ដែលទាមទារឱ្យរដ្ឋត្រូវតែដាក់ចេញនូវផែនការជាក់លាក់ និងការចូលរួមអនុវត្តគ្រប់ភាគីទាំងអស់ ដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋក្នុងគ្រាលំបាកនេះ។
អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មថា ការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ កន្លងទៅ បានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសធ្វើឱ្យប៉ះពាល់ដល់មុខរបរ អាជីវកម្មទាំងខ្នាតតូច និងមធ្យមរបស់ពលរដ្ឋយ៉ាងខ្លាំង ដែលនាំឱ្យបាត់ចំណូលដោយសល់តែបំណុល។
អ្នកជំនាញកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា របាយការណ៍ជុំវិញ កំណើនសេដ្ឋកិច្ចកម្ពុជានៅចុងឆ្នាំ២០២១ និងបន្តទៅឆ្នាំបន្ទាប់ទៀតនោះ អាចសមស្របតាមស្ថានភាពជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលបើកដំណើរការអាជីវកម្ម និងមុខរបរទូទៅឡើងវិញ។ ប៉ុន្តែលោកឱ្យដឹងថា ការស្រាវជ្រាវរបស់លោកក្នុងកម្រិតសហគមន៍មូលដ្ឋានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចនេះមិនទាន់មានឥទ្ធិពលជួយដល់ពលរដ្ឋឱ្យបានល្អនៅឡើយទេ ជាពិសេសផែនការត្រៀមខ្លួនទប់ទល់នឹងហានិភ័យផ្សេងៗ។ លោកស្នើដល់រដ្ឋាភិបាលសិក្សាឱ្យបានស៊ីជម្រៅ និងវាយតម្លៃឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់បញ្ហាដែលនឹងកើតលើប្រជាពលរដ្ឋដែលឆ្លុះបញ្ចាំងអំពីស្ថានភាពពិត ដើម្បីងាយស្រួលធ្វើការសម្រេចចិត្ត និងជួយអន្តរាគមន៍៖ «យើងអាចផលក្នុងស្រុកបាន យើងត្រូវតែធ្វើការគាំទ្រ ដើម្បីធ្វើឱ្យយើងមានសមត្ថភាពផ្គត់ផ្គង់ជំនួសការនាំចូលជាដើម សូម្បីរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដែលប្រជាពលរដ្ឋត្រូវការនោះគឺ យើងនៅខ្វះខាតផលិតផលកែច្នៃជាច្រើន ដែលយើងអាចផលិតក្នុងស្រុក ហើយជំនួសការនាំចូល និងអាចឈានការនាំចេញ ប៉ុន្តែរហូតមកដល់ពេលនេះ ម៉ោងនេះយើងអត់ទាន់ឃើញផែនការជាក់លាក់ហ្នឹងដើម្បីគាំទ្រដល់កសិករ សិប្បករ ឧស្សាហករអីហ្នឹង»។
ការលើកឡើងនេះ គឺបន្ទាប់ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញរបាយការណ៍អំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យធនាគារឆ្នាំ២០២២ ដោយលើកឡើងថាការពង្រឹងវិធានការការពារ និងបង្កើនការចាក់វ៉ាក់សាំងដោយបន្ធូរបន្ថយការធ្វើដំណើរ និងបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប៉ាន់ស្មានកើនឡើងក្នុងរង្វង់៣%។ កំណើននេះ គឺដោយសារការងើបឡើងវិញនៃផលិតកម្មកាត់ដេរ ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍ ដឹកជញ្ជូន និងសំណង់ ស្របពេលវិស័យយកម្មន្តសាលមិនមែនកាត់ដេរសម្រាប់ការនាំចេញ និងវិស័យកសិកម្ម និងសកម្មភាពផ្សេងទៀតកើនឡើង ប៉ុន្តែស្ថាប័ននេះបញ្ជាក់ថាវិស័យទេសចរណ៍នៅតែបន្តធ្លាក់ចុះដដែល។
របាយការណ៍ធនាគារជាតិឱ្យដឹងទៀតថា បើទោះបីសេដ្ឋកិច្ចកើនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំ២០២០ យ៉ាងណាក្តីក៏សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅមានភាពទន់ខ្សោយ និងងាយរងគ្រោះនៅឡើយ ដែលធ្វើឱ្យចំណូលថវិកាសរុបបានថយចុះ ជាពិសេសចំណូលមិនមែនពន្ធ និងពន្ធគយ ប៉ុន្តែចំណូលពន្ធដារបន្តកើនឡើង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែមករា។
ទោះជាយ៉ាងណា ធនាគារពិភពលោក (World Bank) និងអង្គការមូលធិនិរូបិយវត្ថុអន្តរជាតិ (IMF) វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់រហូតដល់ជាង -៣% កាលពីឆ្នាំ២០២០ នៅពេលកម្ពុជាប្រឈមនឹងវិបត្តិកូវីដ-១៩ ជាលើកដំបូង។ ស្ថាប័នទាំងពីរនេះព្យាករថា សម្រាប់ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជាអាចកើនមកវិញត្រឹមប្រមាណជាង ២ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ស្ថាប័នជំនាញសេដ្ឋកិច្ចអន្តរជាតិទាំងពីរនេះ ព្រមានថា កំណើននេះនៅមានភាពយឺតយ៉ាវនៅឡើយ និងថាការឆ្លងរាលដាលសាជាថ្មីណាមួយនៃវីរុសកូវីដ-១៩ អាចនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាត្រូវប្រឈមនឹងហានិភ័យ។
ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចលោក ង៉ែត ជូ មានប្រសាសន៍ថា ទោះបីជាកំណើនសេដ្ឋជាតិកើនឡើងវិញយ៉ាងណាក្តី ប៉ុន្តែលោកមើលឃើញថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងប្រភេទថ្មីអូមីក្រុង(Omicron) គឺនៅតែជាក្តីព្រួយបារម្ភ និងបង្កហានិភ័យដល់សេដ្ឋកិច្ចនៅឡើយ ខណៈយន្តការមួយចំនួនរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនៅមានកម្រិត ចំណែកវិស័យទេសចរណ៍វិញក៏ត្រូវការរយៈពេល៤ ទៅ៥ឆ្នាំដើម្បីអាចស្តារឡើងវិញ៖ «រដ្ឋាភិបាលគាត់មានយន្តការច្រើនក្នុងពេលបច្ចុប្បន្ននេះ យន្តការខ្លះមានប្រសិទ្ធភាពខ្លាំង ខ្លះប្រសិទ្ធភាពនៅមានកម្រិតក្នុងការគាំពារសហគ្រាសខ្នាតតូចនិងមធ្យមក្នុងស្រុកដែលចលករជួយកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារ ការជួយគាំពារទៅលើអាជីវកម្មខ្នាតតូច និងមធ្យមគឺជាមធ្យោបាយមួយអាចមាននិរន្តរ៍ យូរអង្វែងក្នុងការបង្កើតការងារជាជាងយើងផ្ដោតតែមួយ ឬរំពឹងខ្លាំងលើវិស័យកាត់ដេរតែមួយមុខបាទ»។
ធនាគារជាតិរំពឹងថា ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងជួយដល់ការនាំចេញរបស់កម្ពុជាដូចជាផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងផលិតផលគ្រឿងបង្គំអគ្គិសនី និងកង់ វិស័យសំណង់ វិស័យកសិកម្មជាដើម។ ជាមួយគ្នានេះ កម្ពុជារំពឹងថា កិច្ចព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២ ចំណែកអតិផរណាត្រូវបានព្យាករថានឹងមានអត្រា ២,៦% ។ ទន្ទឹមនឹងនេះ របាយការណ៍លើកឡើងអំពីក្តីបារម្ភជុំវិញមេរោគកូវីដបំប្លែងប្រភេទថ្មីអូមីក្រុង (Omicron) ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចត្រូវបិទខ្ទប់ជាយថាហេតុ ការកើនឡើងបំណុលអាជីវកម្ម និងគ្រួសារ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។
បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF អនាគតសេដ្ឋកិច្ចរបស់កម្ពុជានៅតែមិនប្រាកដប្រជាខ្លាំងនៅឡើយ ព្រមទាំងនៅប្រឈមនឹងហានិភ័យជាច្រើនដដែល។ មូលនិធិរូបិយវត្ថុអន្តរជាតិ លើកឡើងថា មានកត្តាជាច្រើនដែលបង្អាក់លទ្ធភាពកំណើនសេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះ។ ក្នុងនោះ រួមមាន កត្តាកង្វះការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ការនាំចេញសម្ភារៈដែលមានតម្លៃទាប កម្លាំងពលកម្មមានតម្លៃខ្ពស់ និងការយល់ឃើញពីកម្សោយផ្នែកអភិបាលកិច្ច និងអំពើពុករលួយជាដើម។ មូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់អនុសាសន៍ថា ការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ នឹងជួយឱ្យមានការស្ដារឡើងវិញ និងកសាងនូវសេដ្ឋកិច្ចដែលមានភាពធន់ស៊ាំកាន់តែប្រសើរជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។