សង្គមស៊ីវិលរិះគន់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធដែលអសមត្ថភាពដោះស្រាយបញ្ហាតម្លៃស្រូវ ចុះថោក។ ក៏ប៉ុន្តែបែរជាហាមឃាត់មិនឱ្យប្រជាកសិករនិយាយពីបញ្ហានេះទៅវិញ។ ពួកគេស្នើឱ្យអាជ្ញាធរគួរតែដោះស្រាយបញ្ហានេះ ដោយកំណត់តម្លៃស្រូវលើទីផ្សារឱ្យច្បាស់លាស់។
មន្ត្រីសង្គមស៊ីវិល រិះគន់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធថា ខ្វះការទទួលខុសត្រូវ ដោះស្រាយបញ្ហាជូនកសិករ បន្ទាប់ពីតម្លៃស្រូវនៅតែធ្លាក់ចុះ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មកាលពីថ្ងៃទី១៥ វិច្ឆិកា បាន ហាមមិនឱ្យពលរដ្ឋបង្ហោះ ឬចែករំលែកព័ត៌មានបញ្ហាស្រូវចុះថោក និងបានកំណត់តម្លៃស្រូវ ប៉ុន្តែ ការកំណត់តម្លៃនោះ មិនបានគ្រប់ទូទាំងខេត្តឡើយ ដោយខេត្តខ្លះ កសិករនៅតែលក់ស្រូវបានក្នុងតម្លៃថោក។
ក្រសួងកសិកម្មបាន សម្របសម្រួលឱ្យ ក្រុមហ៊ុនបៃតង ប្រមូលទិញស្រូវក្នុងតម្លៃ ១.០៤០រៀលក្នុង ១គីឡូក្រាម សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១។ ប៉ុន្តែកសិករខ្លះ អះអាងថា ពួកគេនៅតែលក់ស្រូវបានតម្លៃ ៨០០ ឬ៩០០រៀលក្នុងមួយគីឡូក្រាម។ ក្រសួងថា កត្តាដែលនាំឱ្យតម្លៃស្រូវចុះថោក បណ្ដាលមកពីការប្រមូលផលបានទិន្នផលច្រើន ហើយប្រជាកសិករសម្រុកប្រមូលផលព្រមៗគ្នា។ ប្រជាកសិករសំដែងការហួសចិត្ត និងរិះគន់ការលើកឡើងរបស់ក្រសួងកសិកម្ម។ពួកគេថាមូលហេតុដែលនាំអោយតម្លៃស្រូវចុះថោក ដោយសារមានឈ្មួញទិញស្រូវផ្ដាច់មុខ និងទម្លាក់តម្លៃហាងឆេងតាមចិត្ត។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងថា ក្រសួងកសិកម្មគ្មានចក្ខុវិស័យ និងផែនការប្រចាំឆ្នាំសម្រាប់កំណត់តម្លៃស្រូវ ដើម្បីរកទីផ្សារឱ្យកសិករឡើយ។ លោកសង្កេតឃើញថាក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ នៅខ្វះការទទួលខុសត្រូវចំពោះភារកិច្ច បែរជាហាមឃាត់អ្នកដែលហ៊ានរិះគន់ពីបញ្ហានេះនៅក្នុងបណ្ដាញសង្គមវិញ។ ផ្ទុយពីទង្វើនេះ លោកថា ក្រសួងកសិកម្មគួរចំណាយពេលវេលារិះរះដំណោះស្រាយសម្រាប់ប្រជាកសិករ ជាជាងប្រើប្រាស់អំណាចរបស់ខ្លួនគំរាមកំហែងដល់អ្នកប្រើប្រាស់សិទ្ធិបញ្ចេញមតិ៖
«មកដល់ពេលនេះ ក្រសួងមិនទាន់បានបង្ហាញពីយន្តការណាមួយជាក់លាក់ ឬពីផែនការយុទ្ធសាស្ត្រណាសម្រាប់ការធានាដល់តម្លៃស្រូវរបស់កសិករទេ។ នៅពេលដែលមានបញ្ហាទុកអាបញ្ហាហ្នឹងរហូតដល់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រីស្រែកទៅ មានចុះទិញតិចតួចទៅដើម្បីកុំឱ្យមានសំឡេងប្រជាកសិករនោះត្អូញត្អែរ។ ហើយរឿងហ្នឹងវាដដែលៗទេ។ វាអត់ទៅណាសោះ»។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកោះហៅមន្ត្រីសាលាស្រុកស្វាយចេកម្នាក់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មកផ្ដិតមេដៃសុំទោស ដោយចោទប្រកាន់ថា លោកបាននិយាយញុះញុង និង ជេរប្រមាថអាជ្ញាធរ បន្ទាប់ពីមន្ត្រីរូបនេះបានឡាយវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរិះគន់មន្ត្រីនៅស្រុកនោះថា គ្មានសមត្ថភាពរកទីផ្សារកសិផលឱ្យប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ប្រជាកសិករនៅតែចាត់ទុកការទង្វើនេះ គឺចង់បំបាក់ស្មារតីប្រជាពលរដ្ឋមិនឱ្យនិយាយរិះគន់តម្លៃកសិផលដែលបន្តចុះថោកជាច្រើនឆ្នាំកន្លងមកនេះ។
ជុំវិញរឿងតម្លៃស្រូវចុះថោកនេះដែរ សមាជិកក្រុមប្រឹក្សាភិបាល របស់អង្គការសាមគ្គីភាពកសិករកម្ពុជា (Cambodia Farmer Solidarity Organization)លោក ឌី គន្ធា មានប្រសាសន៍ថា អាជ្ញាធរត្រូវសម្រួល ឱ្យប្រជាកសិករចងក្រងគ្នាជាសហគមន៍នៅតាមមូលដ្ឋាន ដើម្បីកុំឱ្យឈ្មួញកណ្ដាលទម្លាក់តម្លៃកសិផលតាមចិត្ត៖
«អ៊ីចឹងមិនប្រាកដថា រដ្ឋាភិបាលលចេញមុខថា តម្លៃស្រូវក្រអូបអាចមានចន្លោះពី ១ពាន់រៀល(១០០០រៀល) ទៅ១ពាន់១រយរៀល(១១០០រៀល)ហ្នឹងអាចលើកទឹកចិត្តកសិករឱ្យបន្តការផលិតទេ។ ជូនកាលតម្លៃប៉ុណ្ណឹងអត់រួចថ្លៃដើមការចំណាយរបស់គាត់ផង។ ថ្លៃដើមការចំណាយរបស់គាត់វាខ្ពស់ ព្រោះសម្ភារៈកសិកម្មមានតម្លៃខ្ពស់ពេក»។
បញ្ហាតម្លៃកសិផលធ្លាក់ចុះនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋ និងសង្គមស៊ីវិលថា ការធ្លាក់ចុះតម្លៃស្រូវនេះ ដោយសាររដ្ឋាភិបាលខ្វះសមត្ថភាពដោះស្រាយបញ្ហា រួមមាន ការរកទីផ្សាជូនកសិករ និងការទប់ស្កាត់កសិផលពីក្រៅប្រទេសចូលមកទីផ្សារក្នុងស្រុកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។